(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បានណែនាំឱ្យអាជ្ញាធរខេត្តព្រៃវែង ត្រូវខិតខំយកចិត្តទុកដាក់លើការងារទាក់ទាញវិនិយោគិន ដើម្បីឱ្យមកបណ្តាក់ទុននៅតំបន់ម៉ឺនជ័យ ក្នុងវិស័យឧស្សាហកម្ម ពិសេសឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម បម្រើដល់ការផលិតក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសំណេះសំណាលជាមួយ មន្ត្រីក្រុមការងារច្រកព្រំដែនអន្តរជាតិ ក្នុងឱកាសអញ្ជើញចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

សម្តេចតេជោបានថ្លែងដូច្នេះថា «គោលដៅថ្ងៃក្រោយ សូមឱ្យខេត្តយកចិត្តទុកដាក់ទៅលើការទាក់ទាញវិនិយោគ មកកាន់តំបន់នេះ [ម៉ឺនជ័យ] ថ្ងៃក្រោយអាចក្លាយទៅជាតំបន់ឧស្សាហកម្ម ក៏អាចថាបាន ព្រោះវាបម្រើឱ្យការដឹកជញ្ជូនជិត ហើយតំបន់កែច្នៃ។ ទាញខាងវៀតណាមគាត់មកដាក់រោងចក្រ កែច្នៃនៅខាងកម្ពុជា ដែលកម្ពុជាមានផលិតផលជាវត្ថុធាតុដើម ដែលនេះជាលទ្ធភាពនៃការពង្រីកធ្វើពាណិជ្ជកម្ម តែអាចតភ្ជាប់ការផលិតសម្រាប់ការនាំចេញ ឬការផ្គត់ផ្គង់ក្នុងស្រុក»

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការបើកព្រំដែនមិនគ្រាន់ ជាការបើកឱ្យមានការចេញចូលឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវជំរុញឱ្យមានសកម្មភាពវិនិយោគ និងពាណិជ្ជកម្ម ហើយទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម កាន់តែរីកធំឡើងជាបន្តបន្ទាប់ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅវៀតណាម កាន់តែរីកធំជាងមុន។

បន្ថែមពីនេះ សម្តេចបានណែនាំដល់មន្ត្រីប្រចាំការច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ត្រូវខិតខំកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដូចពាក្យថា «មានអ្នកជិតខាងល្អដូចមានមាស មានអ្នកជិតខាងអាក្រក់ដូចមានមីន»