(ភ្នំពេញ)៖ លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាពេលថ្មីៗនេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលានិងវគ្គបណ្ដុះបណ្ដាល ស្តីអំពី “ការកសាងភាពធន់សាយប័រ និងវប្បធម៌សុវត្ថិភាពសាយប័រ” នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT)។
សិក្ខាសាលានិងវគ្គបណ្ដុះបណ្ដាលខាងលើនេះ ត្រូវបានរៀបចំឡើងមិនមែនគ្រាន់តែជាកម្មវិធីបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាសម្រាប់ការផ្លាស់ប្តូរចំណេះដឹង កិច្ចសហប្រតិបត្តិការ និងជាការចែករំលែកយុទ្ធសាស្ត្រសម្រាប់តម្រង់ទិស ក្នុងការត្រៀមធ្វើបរិវត្តកម្មឌីជីថល ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សស្ទើគ្រប់វិស័យ ក្នុងនោះរួមមាន ការការពារនូវហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ កិច្ចការក្នុងការពារទិន្នន័យ និងបង្កើនការជឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល។
កម្មវិធីខាងបានស្វែងយល់បន្ថែមអំពីយន្តការនៃការអនុវត្តល្អបំផុត លើផលប៉ះពាល់ដែលបណ្តាលអំពីការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត និងគោលការណ៍ជាក់ស្តែង ដែលអាចត្រូវបានកំណត់ក្នុងការបំពេញការងារតាមតម្រូវការជាក់លាក់ របស់ស្ថាប័នរដ្ឋាភិបាលទាំងមូល៕