(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំឱ្យសម្តេចពិជ័យសេនា ទៀ បាញ់ សិក្សាពីប្រវត្តិសាស្ត្រតំបន់ម៉ឺនជ័យ ដើម្បីកសាងស្តូបគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ ក្នុងចលនាតស៊ូរំដោះជាតិ។
ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាល ជាមួយមន្ត្រីក្រុមការងារច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ ក្នុងឱកាសអញ្ជើញ ចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមសម្ដេចពិជ័យ សិក្សាអំពីប្រវិត្ដសាស្ដ្រ ហើយកន្លែងនេះ (ម៉ឺនជ័យ) [...] គួរតែកសាងស្តូបមួយ ដើម្បីសម្រាប់គោរពវិញ្ញាណក្ខន្ធ ចំពោះអ្នកដែលបានឆ្លងកាត់នូវតំបន់នេះ សម្រាប់ការដែលក្លាយជាចលនាតស៊ូ»។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ គឺជាតំបន់ដែលប្រជាជនឆ្លងកាត់ច្រើនជាងគេ ឆ្លងកាត់ទីមួយ គឺនៅក្នុងពេលដែលវៀតណាម វាយបកនៅក្នុងខែវិច្ឆិកា និងខែធ្នូ ក្នុងឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨ ដែលប្រជាជនមួយចំនួនធំ នៅក្នុងស្រុកមេមត់ និងស្រុកពញាក្រែក បានចាកចេញទៅប្រទេសវៀតណាម។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា យើងត្រូវទុកស្លាកស្នាមប្រវិត្ដសាស្ដ្ររបស់យើង ហើយវៀតណាម គេអាចកត់ត្រាទុកស្នាមប្រវិត្ដសាស្ដ្ររបស់ពួកគាត់ ទៅលើបញ្ហាការតស៊ូប្រឆាំងអាមេរិក នៅតាមព្រំដែនកម្ពុជា-វៀតណាម។
យោងតាមរបាយការណ៍ បានឲ្យដឹងថា ទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តីនណាម (កម្ពុជា-វៀតណាម) ដែលដំបូងឡើយ ទីតាំងនេះ ជាច្រករបៀងដែលប្រជាជនរស់នៅទាំងសងខាងតែងតែដោះដូរទំនិញ និងកសិផលទៅវិញទៅមក។
ក្នុងអំឡុងឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតជាច្រកទ្វារតំបន់ព្រំដែនម៉ឺនជ័យ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងកម្រិតច្រកទ្វារតំបន់ ព្រំដែនម៉ឺនជ័យ ទៅជា «ច្រកទ្វារព្រំដែនអន្តរជាតិម៉ឹនជ័យ» តាមលិខិតលេខ ៦៣៥ ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី៕