(តាកែវ)៖ ក្រោយឃើញមានការបង្ហោះវីដេអូលើបណ្តាញសង្គមពីដំរីឈ្មោះ Lcuky យំរត់តាម និងព្យាយាមឃាត់ផ្លូវហ្មរដំរីដែលធ្លាប់មើលថែជាង ២៦ឆ្នាំ ហើយត្រូវបញ្ចប់ការងារចាកចេញដោយក្តីអាឡោះអាល័យជាពន់ពេកចំពោះ Lucky អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានណែនាំក្រុមការងារដឹកនាំដោយឧកញ៉ា ឡេង និមល រួមដំណើរពីលោកស្រីឧកញ៉ា ឡេង បញ្ចពណ៌ និងលោកស្រី ម៉េង ស៊ីដេន បានចុះជួបផ្ទាល់ដល់ទីតាំងដើម្បីផ្តល់ក្តីស្រឡាញ់ដល់ Lucky នៅក្នុងឧទ្យានជាតិភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។
នៅលើផេកយុវជនបូជាការពារយុត្តិធម៌ បានសរសេរនៅរសៀលថ្ងៃពុធទី២ ខែកក្កដានេះ យ៉ាងដូច្នេះថា ដំរី Lucky! ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយឧកញ៉ា ឡេង និមល អនុប្រធាន បានទៅដល់ភ្នំតាម៉ៅហើយ ជួប Lucky ផ្តល់ក្តីស្រឡាញ់ ការអាណិតអាសូរពេញបេះដូងឲ្យ Lucky ធំៗ ក្រោយឃ្លាតពីហ្មរដំរីដែលធ្លាប់មើលថែជាង ២៦ឆ្នាំ។
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបង្ហាញក្តីស្រលាញ់ និងសូមជូនពរ Lucky មានសំណាងល្អ។
Lucky ជាដំរីដែលឃ្លាតពីម្តាយតាំងពីអាយុបាន ៦ខែម្លេះក្រោយជាប់អន្ទាក់ព្រានព្រៃ ហើយត្រូវយកមកថែទាំក្នុងឧទ្យានជាតិភ្នំតាម៉ៅ រហូតមកដល់ពេលនេះមានអាយុ ៣០ឆ្នាំហើយ។ តាមរយៈសកម្មភាពរបស់ Lucky រត់ឃាត់ម្ចាស់ដែលត្រូវឃ្លាតខ្លួននោះ គឺជារឿងគួរឲ្យរំភើបចិត្ត ដំរីជាសត្វឆ្លាតណាស់ដែលមានចរិតស្លូតបូត៕