(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃទី២ ខែកក្កដានេះ បានរៀបចំវេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥ ដោយមានការចូលរួមពីអ្នកជំនួញគ្រប់វិស័យនៅកម្ពុជា ដើម្បីពិភាក្សា និងសិក្សាពីឱកាសនៃការជំរុញធុរកិច្ចស្របតាមនិន្នាការថ្មីនៃសម័យបច្ចេកវិទ្យា។

វេទិកានេះបានរៀបចំឡើង ក្នុងគោលបំណងជំរុញលើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍ក្នុងវិស័យធុរកិច្ច ដោយផ្តល់ជាវេទិកាសម្រាប់ធុរជន និងអ្នកចូលរួមចែករម្លែកបទពិសោធន៍ ឈ្វេងយល់ពីនិន្នាការថ្មីៗនៃបច្ចេក វិទ្យាទំនើបដែលអាចអនុវត្តបាន សម្រាប់ផ្លាស់ប្តូរ និងអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។

វេទិកាធុរកិច្ច និងនវានុវត្ត ២០២៥នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអា ស៊ានសម្រាប់កម្ពុជា និងការចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មកាទី៣ នៃព្រឹទ្ធសភា ជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប។

ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា វេទិកានេះ ផ្តល់ឱ្យអ្នកចូលរួមទាំងអស់ បានឈ្វេងយល់បទពិសោធន៍ កត្តាប្រឈម និងភាពជោគជ័យនៃការធ្វើធុរកិច្ចក្នុង វិស័យកសិកម្ម ក្រោមប្រធានបទ «ការប្រែក្លាយកសិកម្មបែបប្រពៃណី ទៅជាកសិកម្មបែបទំនើប» ដែលជាបទបាឋកថាចែករំលែកដោយវាគ្មិនកិត្តិយស គឺ លោកបណ្ឌិត ម៉ុង ឫទ្ធី ដែលមានបទពិសោធន៍ យូរឆ្នាំ និងធ្លាប់បានឆ្លងកាត់ការលំបាកគ្រប់ដំណាក់កាល ពីការចាប់ផ្តើមអាជីវកម្មដំបូង រហូតទទួល បានជោគជ័យគួរជាទីមោទកនាពេលនេះ។

អ្នកឧកញ៉ា គិត ម៉េង បានលើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់បញ្ចេញមតិយោបល់ផ្លាស់ប្តូរបទពិសោធន៍ជាមួយវាគ្មិនក្នុងអំឡុងពេលពិភាក្សា ដើម្បីភាពជោគជ័យលើកិច្ចការធុរកិច្ច និងវិនិយោគរបស់ខ្លួន។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា គិត ម៉េង សង្ឃឹមយ៉ាងមុតមាំថា វេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥ នឹងដំណើរការទៅដោយរលូន ដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា។

សូមបញ្ជាក់ថា វេទិកានេះ បានផ្តោតលើប្រធានបទ «ការប្រែក្លាយកសិកម្មបែបប្រពៃណី ទៅជាកសិកម្មបែបទំនើប» ដែលធ្វើបាឋកថាដោយវាគ្មិនកិត្តិយសគឺ ឯកឧត្តមឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី និងកិច្ចពិភាក្សាដោះស្រាយបញ្ហារប្រឈមនានាបស់វាគ្មិន និងអ្នកសម្របសម្រួលកម្មវិធីមកពីវិស័យសាធារណៈ និងឯកជន លើប្រធានបទស្តីពី «តួនាទីអ្នកដឹកនាំក្នុងការជំរុញនវានុវត្តន៍ភាព និងផ្លាស់ប្តូរការធ្វើធុរកិច្ច» គឺជាកូនសោ បើកទ្វារឆ្ពោះទៅយុគសម័យថ្មីមួយនៃការធ្វើ ជំនួញតាមបែបទំនើប មានភាពច្នៃប្រឌិត នវានុវត្តន៍ និងប្រកបដោយឧត្តរមានុវត្តភាព៕