(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញទស្សនកិច្ច នៅទីតាំងគម្រោងសាងសង់សួនឌីជីថល (Digital Park) និងមជ្ឈមណ្ឌលទិន្នន័យជាតិ (National Data Center)។
ក្នុងនោះ ក៏មានការអញ្ជើញចូលរួមអមពីថ្នាក់ដឹកនាំក្រសួង លេខាទីពីរនៃស្ថានទូត តំណាងក្រុមហ៊ុន NTT Data Inc. ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក តំណាងក្រុមហ៊ុន NTT Global Data Center Japan និងតំណាងក្រុមហ៊ុន NTT Data Inc. Thailand។
ក្នុងអំឡុងពេលទស្សនកិច្ចនេះដែរ លោកឯកអគ្គរាជទូត បានបញ្ជាក់គាំទ្រលើគម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ។
សូមជម្រាបជូនថា មជ្ឈមណ្ឌលទិន្នន័យនេះ នឹងក្លាយជាកន្លែងប្រមូលផ្តុំនិងរក្សាទិន្នន័យរបស់រាជរដ្ឋាភិបាល និងទិន្នន័យក្រុមហ៊ុនមកពីវិស័យសំខាន់ៗ តាមរយៈការផ្តល់នូវហេដ្ឋា រចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបមួយដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័ន ដូចជាការរក្សាបានអធិបតេយ្យភាពទិន្នន័យ សន្សំសំចៃការចំណាយថវិកា និងពង្រឹងសមត្ថភាពនៃការផ្ដល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ស្របតាមកម្រិតប្រព័ន្ធស្តង់ដារ៤ (Tier IV)៕