(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាល ជា ស៉ីមមកំចាយមារ ដែលមានទីតាំងស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង។
គោលគំនិតសំខាន់ក្នុងការកសាងមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ គឺដើម្បីង្កើតជាបណ្ដុំ នៃសេវាកម្មអប់រំ និងបណ្តុះបណ្តាលមួយដែលមានទំនាក់ទំនងគ្នា ចាប់តាំងពីកម្រិតមត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សា សំដៅផ្តល់ឱកាសសិក្សាដល់កូនចៅប្រជាជន និងមន្ត្រីរាជការនៅមូលដ្ឋាន ព្រមទាំងបង្កភាពងាយស្រួលក្នុង ការអនុវត្តកម្មវិធីសិក្សា (បន្សំគ្នាពីកម្រិតមួយទៅកម្រិតមួយទៀត) ប្រើប្រាស់ធនធានមនុស្ស និងធនធានរូបវន្ត (ជាពិសេស មន្ទីរពិសោធន៍មួយចំនួន អាចប្រើប្រាស់រួមគ្នារវាងថ្នាក់វិទ្យាល័យ សាលាបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ និងថ្នាក់ឧត្តមសិក្សា)។
ម្យ៉ាងដើម្បីងាយស្រួលក្នុងការអភិវឌ្ឍធនធានមនុស្ស ធានាគុណភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការវិវត្តនៃ បច្ចេកវិទ្យា ហើយជាចុងក្រោយ គឺដើម្បីបណ្តុះសហគ្រិនភាពដល់ យុវជនមូលដ្ឋាន ដើម្បីចូលរួម ចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងជម្រុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ និងទីផ្សារផលិតផលក្នុងស្រុក។
មជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីមកំចាយមារ បានដើរតួនាទីកាន់តែសំខាន់ ក្នុងការផ្តល់ឱកាស និងសេវាកម្មអប់រំ សម្រាប់បំពេញតម្រូវការនៃធនធានមនុស្សនៅមូលដ្ឋាន និងប្រទេស ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ «រៀនពេញមួយជីវិត របស់រាជរដ្ឋាភិបាលកម្ពុជា»។
គោលដៅចុងក្រោយ ក្នុងការបង្កើតមជ្ឈមណ្ឌលគំរូនេះឡើង ដើម្បីផ្តល់សេវាអប់រំ និងបណ្ដុះបណ្តាលប្រកបដោយគុណភាព និងជាពិសេស ផលិតធនធានមនុស្សមានសមត្ថភាពក្នុងការ ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ក្រសួង អប់រំ យុវជន និងកីឡា ក្នុងការដាក់ចេញនូវផែនការគោលនយោបាយ និងកម្មវិធី កំណែទម្រង់នានា ដើម្បីបង្កើនការចូលរៀន និងលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិត ជាពិសេសកំណែទម្រង់ឧត្តមសិក្សា៕