(ភ្នំពេញ)៖ អ្នកជំនួញកសិកម្មជើងចាស់ ឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទីបីនៃព្រឹទ្ធសភា និងជាប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី បានស្នើឱ្យអ្នកជំនួញក្នុងស្រុក រិះរកមធ្យោបាយប្រើប្រាស់វត្ថុធាតុដើម ពោត ដំឡូងមី ផលិតចំណីសត្វ ឱ្យបានកាន់តែច្រើន ដើម្បីជួយដោះស្រាយបញ្ហាកសិផលខ្វះទីផ្សារ

ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា ម៉ុង ឫទ្ធី អញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ច និងនវានុវត្ដន៍ ២០២៥ ក្រោមវត្ដមានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។

ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកពាក់ព័ន្ធទាំងអស់ សូមមេត្ដាខិតខំរិះរកគ្រប់មធ្យោបាយ កែប្រែវត្ថុធាតុដើមផលិតចំណីសត្វ មកប្រើដំឡូងមី ពោត កន្ទក់ចុងអង្ករ ជាពិសេសអង្ករស្រូវអ៊ីអ៊ែរ យកមកធ្វើចំណីសត្វឲ្យបានកាន់តែច្រើន យ៉ាងហោចណាស់យើងជួយបានមួយផ្នែកធំ ដើម្បីកាត់បន្ថយការលំបាករបស់កសិករ»។

បន្ថែមពីនេះ ឧកញ៉ា ម៉ុង ឫទ្ធី បានលើកឡើងថា ចំពោះវិបត្ដិនៅព្រំដែន កម្ពុជា-ថៃ [...] ពោត ដំឡូងមី និងកសិផលផ្សេងៗទៀត គឺវៀតណាមទិញពីកម្ពុជាច្រើនណាស់ ដូច្នេះយើងកុំព្រួយបារម្ភខ្លាំងពេក។

ឧកញ៉ា ម៉ុង ឫទ្ធី បានថ្លែងថា ការមិនសូវព្រួយបារម្ភខ្លាំងពេកនោះ ដោយសារតែរោងចក្រកែច្នៃចំណីសត្វ នៅក្នុងប្រទេសកម្ពុជា មានចំនួនច្រើន កន្លងមកយើងនាំចេញកសិផល ទៅកាន់បរទេស ក្នុង១តោន មិនបាន៣០០រៀល ក្នុងមួយគីឡូនោះទេ តែពេលទិញចំណីសត្វពីគេវិញ ក្នុង១តោន មិនក្រោម៥០០រៀលនោះទេ ក្នុងមួយគីឡូ ដើម្បីយកមកឲ្យចំណីសត្វ។

ទន្ទឹមគ្នានេះ ឧកញ៉ា ម៉ុង ឫទ្ធី ក៏បានលើកឡើងដែរថា ដើម្បីជួយដល់រាជរដ្ឋាភិបាល ក្នុងគ្រាលំបាកនេះ យើងនៅតែមានសង្ឃឹមថា ថ្នាក់ដឹកនាំយើង វិស័យឯកជន និងវិស័យរដ្ឋាភិបាល គឺនៅតែអាចរួបរួមគ្នា ដើម្បីដោះស្រាយបញ្ហានេះបាន៕