(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ បានបញ្ជាក់ថា លោកមិនបានបើកកិច្ចសន្ទនាណាមួយ ជាមួយភាគីថៃទាំងផ្លូវការ ឬក្រៅផ្លូវការ ចាប់តាំងពីកិច្ចជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ភូមិថាំ នៅឯខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នោះឡើយ។
តាមរយៈបណ្តាញសង្គម នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងដូចខាងក្រោម៖
«បន្ទាប់ពីស្ដាប់នូវកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន របស់ឯកឧត្តម ណាត់ថាផន ណាក់ផានិក អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ កាលពីថ្ងៃទី២ កក្កដា ២០២៥ រួចមក ខ្ញុំសូមបញ្ជាក់ជូនថា៖
ទី១. ខ្ញុំមិនបានបើកកិច្ចសន្ទនាណាមួយ ជាមួយភាគីថៃទាំងផ្លូវការ ឬក្រៅផ្លូវការ ចាប់តាំងពីកិច្ចជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមភូមិថាំ នៅឯខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នោះឡើយ។
ក្នុងនាមរដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទ គឺគោរពតាមបទបញ្ជារបស់ សម្តេចនាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
២. ខ្ញុំសូមអរគុណដល់ការលើកឡើងរបស់ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ពាក់ព័ន្ធនឹងការគោរពសិទ្ធិគ្នាទៅវិញទៅមក ក៏ដូចជាការដឹងសុខទុក្ខរបស់ប្រជាជនកម្ពុជា និងប្រជាជនថៃ ដែលអាស្រ័យផលទៅលើច្រកព្រំដែនកម្ពុជា-ថៃ។
ខ្ញុំសូមបញ្ជាក់សារជាថ្មីម្ដងទៀតថា មិនមែនកម្ពុជា ជាអ្នកបិទច្រកព្រំដែននោះទេ គឺកងទ័ពថៃជាអ្នកបិទច្រក ឬកែសម្រួលពេលវេលានៃការបិទច្រកព្រំដែនដោយឯកតោភាគី។
អាស្រ័យហេតុនេះគឺមានតែភាគីថៃ ឬកងទ័ពថៃតែប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហានេះដោយខ្លួនឯង និងមិនចាំបាច់ចរចាជាមួយភាគីកម្ពុជាឡើយ។ កូនសោគឺស្ថិតលើដៃរបស់កងទ័ពថៃតែមួយគត់»៕