(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងថា ខេត្តពោធិ៍សាត់សូមប្តេជ្ញាចិត្តបង្ហាញពីឆន្ទៈ រួមគ្នាប្រយុទ្ធប្រឆាំង គ្រឿងញៀន និងសូមប្រកាសគាំទ្រ គោលការណ៍របស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើទិសស្លោក «មានគ្រឿងញៀន អត់អភិបាលស្រុក, មានអភិបាលស្រុក អត់គ្រឿងញៀន»។
លោកបានថ្លែងបែបនេះ នៅសាលប្រជុំថ្មីរដ្ឋបាលខេត្ត ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តបន្ត សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ដោយបានការចូលរួម ពីអភិបាលរងខេត្ត, តំណាងអយ្យការ អមសាលាដំបូងខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភារជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់, នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ សរុបប្រមាណជាង២០០នាក់។
បន្ទាប់ពីមានសេចក្តីរាយការណ៍ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, បញ្ហាគ្រឿងញៀន, ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព, ការទទួលពលករ ចូលមកដាក់ពាក់ស្នើសុំធ្វើការ, ការបង្ក្រាបបទល្មើសអនឡាញ, ការគ្រប់គ្រងជនបរទេស, សំណើសុំភ្លើងស្តុប ផ្លូវជាតិលេខ៥ ក្នុងទីប្រជុំជនស្រុកក្រគរ, បញ្ហារៀបចំសណ្តាប់ធ្នាប់នៅក្បែរបរិវេណស្ពានតេជោសន្តិភាពឬស្សីជ្រុំ, សភាពការណ៍ សន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងការគ្រោងរៀបចំកម្មវិធីអបអរសាទរ ខេត្តពោធិ៍សាត់ ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល នោះរួចមក, លោក ខូយ រីដា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរអង្គភាព ដែលបានខិតខំបំពេញកិច្ចការងារ តាមតួនាទីភារកិច្ចរៀងៗខ្លួន ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់។
លោកបានបន្តថា ទន្ទឹមនឹងសមិទ្ធផលសម្រេចបាន ក៏នៅមានបញ្ហាខ្វះចន្លោះមួយចំនួនតូច ដែលទាមទារឱ្យយើងទាំងអស់គ្នាប្តេជ្ញាចិត្តចូលរួម ដូចជាការដាក់ចេញនូវទិសដៅឱ្យអនុវត្តហើយ តែមិនទាន់បានអនុវត្តឱ្យទទួល បានជោគជ័យ។ ត្រង់ចំណុចនេះ លោកនឹងមានយន្តការតាមដាន ក្នុងក្របខណ្ឌណាមួយ ដើម្បីសម្រេចនូវទិសដៅ និងទទួលជោគជ័យតាមការចង់បាន។
លោក ខូយ រីដា បានលើកឡើងថា ពាក់ព័ន្ធនឹងហេតុការណ៍ប៉ះទង្គិចគ្នា នៅតាមបន្ទាត់ព្រំដែនរវាងកងទ័ព កម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី នាពេលកន្លងទៅ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ទាំងរាជរដ្ឋាភិបាល ទាំងក្រសួងការពារជាតិ និងទាំងកងទ័ពកម្ពុជា នឹងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាទាំងអស់នោះ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី។ ម្លោះហើយម៉ោងនេះ គឺជាពេលដែលយើងត្រូវរួមចិត្ត រួមគំនិត ដើម្បីគាំទ្រ និងលើកទឹកចិត្តចូលរួមជាមួយបងប្អូនកងទ័ពកម្ពុជា ក្នុងការការពារទឹកដីរបស់យើង។ ជាងនេះទៅទៀត លោកសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលបានផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់ ប្រកបដោយស្មារតីស្នេហាជាតិដ៏ជ្រាលជ្រៅ ស្នើរាជរដ្ឋាភិបាលសិក្សាអំពីទិដ្ឋភាពច្បាប់ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ញាតិខ្មែរ ពីជនទាំងឡាយណាដែលឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ។
ក្នុងឱកាសនោះ លោកអភិបាលខេត្តពោធិ៍សាត់ បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
ទី១៖ ពង្រឹងកិច្ចការងារ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងត្រូវចាត់ទុកថា «ប្រជាពលរដ្ឋម្នាក់ គឺជាភ្នាក់ងារសន្តិសុខម្នាក់» ដើម្បីផ្តល់ព័ត៌មានទាក់ទងនឹងសុខសុវត្ថិភាពមូលដ្ឋាន ឱ្យបានដល់អាជ្ញាធរមានសមត្ថកិច្ច
ទី២៖ ផ្សព្វផ្សាយគោលនយោបាយ នៃការអភិវឌ្ឍន៍សមិទ្ធផលនានា ដែលទទួលបានពីរាជរដ្ឋាភិបាល ឱ្យប្រជាជនបានយល់ជ្រួតជ្រាប
ទី៣៖ បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រៃឈើ ជលផល
ទី៤៖ មន្ទីរទេសចរណ៍ ត្រូវផ្សព្វផ្សាយទីតាំងទេសចរណ៍សំខាន់ៗ ក្នុងភូមិសាស្រ្ត ខេត្តពោធិ៍សាត់ ឱ្យល្បីរន្ទឺ
ទី៥៖ ជម្រុញការបង្កបង្កើនផល និងការជួយអន្តរាគមន៍សង្គ្រោះស្រូវប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះ សត្វល្អិត ឬរាំងស្ងួតជាដើម
ទី៦៖ ត្រូវថែទាំសមិទ្ធផលដែលបានអភិវឌ្ឍន៍រួចហើយ កុំចាំតែផ្លូវខូចហើយ ស្នើសុំថវិកាមកជួសជុល, ហើយក្រុងពោធិ៍សាត់ ត្រូវឃ្លុំដីរ៉ែ ដីក្រហម ដើម្បីត្រៀមទុកសម្រាប់ធ្វើការអភិវឌ្ឍន៍
ទី៧៖ ត្រូវជម្រុញការថែទាំ ការដាំដើមឈើ គ្រប់ទីសាធារណៈ ឱ្យបានទាន់រដូវភ្លៀងធ្លាក់
ទី៨៖ ក្រុមការងារ៦ក្រុម ត្រូវដាស់ប្រជុំឡើងវិញឱ្យបានឆាប់រហ័ស ដើម្បីត្រៀមបើកយុទ្ធនាការ
ទី៩៖ ខេត្តពោធិ៍សាត់សូមប្តេជ្ញាចិត្ត និងប្រកាសគាំទ្រគោលការណ៍ របស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន គឺ៖ «មានគ្រឿងញៀន អត់អភិបាលស្រុក, មានអភិបាលស្រុក អត់គ្រឿងញៀន»
ទី១០៖ ពាក់ព័ន្ធការគ្រប់គ្រងជនបរទេស ត្រូវគ្រប់គ្រងឱ្យបាន៕