(កំពត)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា នៅក្នុងខែធ្នូ ខាងមុខនេះ គ្រឿងចក្រធំៗជាច្រើនគ្រឿងនឹងចាប់ផ្តើមចូលដល់ទីតាំងដើម្បីជីកព្រែកជីក ហ្វូណនតេជោ នៅតាមទីតាំងដែលរាជរដ្ឋាភិបាលបានដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋរួចរាល់។
លោក ស៊ុន ចាន់ថុល បានថ្លែងដូចនេះនាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នាឱកាសដែលលោកបានដឹកនាំក្រុមការងារដោយមានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ម៉ៅ ធនិន អភិបាលខេត្តកំពត, លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមទាំងមានលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងដែលពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC ចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្ដោយព្រែកជីកហ្វូណនតេជោ និងពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប។
នាឱកាសចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្ដោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែបនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា គម្រោងសាងសង់ព្រែកជីក ហ្វូណនតេជោនេះ បានបន្តដំណើរតាមការគ្រោងទុករបស់រាជរដ្ឋាភិបាល ដែលបានប្រកាសថា គម្រោងនេះនឹងធ្វើចប់ជាស្ថាពរនៅឆ្នាំ២០២៨ មិនមានភាពយឺតយ៉ាវនោះទេ។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើឱ្យប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាល ព្រោះនៅពេលរាជរដ្ឋាភិបាលសម្រេចធ្វើអ្វីមួយ គឺបានដាក់ពេលវេលា កម្មវិធី និងផែនការច្បាស់លាស់ ហើយបានអនុវត្តទៅតាមផែនការ ហើយក៏មានគម្រោងច្រើនណាស់ដែលយើងមិនមានធ្វើយឺតយ៉ាវនោះទេ ហើយសម្រាប់ព្រែកជីកនេះរាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងឱ្យបានរួចរាល់តាមការគ្រោងទុក។
ជាមួយគ្នានោះពាក់ព័ន្ធនឹងរឿងគ្រឿងចក្រ សាងសង់ព្រែកជីកហ្វូណនតេជោ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «ឥលូវសូមជម្រាបថា ទី១ យើងត្រូវបោះនិយាមការឱ្យបានរួចរាល់សិន ទី២ ដោះស្រាយផលប៉ះពាល់ ទី៣ ពេលទឹកវាស្រក គឺយើងចាប់ផ្តើមធ្វើ ចឹងយើងសង្ឃឹមថា នៅរដូវប្រាំង ខែវិច្ឆិកា ឫខែធ្នូ ខាងមុខនេះ យើងនឹងឃើញគ្រឿងចក្រធំៗជាច្រើនគ្រឿង នឹងចូលមកដល់ទីតាំងរបស់យើង ហើយជាទីតាំងដែលយើងបានដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋហើយ យើងមិនយកគ្រឿងចក្រមកដាក់នៅកន្លែងដែលមិនទាន់ដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋនោះទេ»។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវទឹក តភ្ជាប់រវាងទន្លេ និងសមុទ្រដ៏មានសក្តានុពលមួយរបស់កម្ពុជា។ គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
ព្រែកជីកហ្វូណនតេជោ តភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែងជិត ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
គម្រោងព្រែកជីកនេះនឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម្ល៉េះ ក្នុងនោះផ្លូវទឹក ធម្មជាតិដែលមានស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យកោងពេក មានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយតភ្ជាប់ទៅកាន់សមុទ្រ។
គម្រោងនេះប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ខាងមុខ ប្រើប្រាស់ទុនវិនិយោគ សរុបប្រមាណ ១,៧ពាន់លានដុល្លារអាម៉េរិក។
គម្រោងនេះក៏ជួយក្នុងការបង្កើតតំបន់ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ក៏ដូចជាការបង្កើនប្រព័ន្ធធារាសាស្ត្រ ការអភិវឌ្ឍកសិកម្ម វារីវប្បកម្ម ទេសចរណ៍ ការជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ការ ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក និងការពង្រីកវិស័យអចលនទ្រព្យ ព្រមទាំងការ វិនិយោគផ្សេងៗទៀត៕