(កំពង់ធំ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ គណបក្សប្រជាជន​កម្ពុជា​​ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានរៀបចំពិធីអបអរសាទរខួប៧៤ឆ្នាំនៃថ្ងៃ​កំណើត​​របស់បក្ស។ ពិធីនេះ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបល្ល័ង្ក ក្រោម​​អធិប​តី​ភាព លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់ និងជាបេសកជន​ពិសេស​របស់សម្តេច​តេជោ ហ៊ុន សែន និងមានការអញ្ជើញចូលរួមពីក្រុមការងារបក្សប្រជាជន​កម្ពុជាចុះជួយ​ស្រុកប្រាសាទបល្ល័ង្ក ថ្នាក់ដឹកនាំ និងសមាជិក សមាជិកគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបល្ល័ង្កជាច្រើនរូបផ្សេងទៀត។

ជាកិច្ចចាប់ផ្តើមកម្មវិធី លោក វណ្ណៈ សោភានិត ប្រធានគណបក្សប្រជាជនកម្ពុជា​ស្រុក​ប្រាសាទបល្ល័ង្ក បានឡើងអាននូវសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជន ដែលបានថ្លែងអង្គមិទ្ទិញអបអរខួបកំណើត​បក្សកាល​ពីថ្ងៃ​ទី២៨ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងសុន្ទរកថានោះ បានគូសរំលេចនូវសកម្មភាពដែលពោរពេញដោយឆន្ទៈមនសិការ​ចំពោះជាតិ និងប្រជាជនរបស់គណបក្សប្រជាជនកម្ពុជា ហើយបានសម្រេចនូវសមិទ្ធ​ផលត្រចះត្រចង់ជាច្រើនដូចជា ការតស៊ូរំដោះជាតិពីអាណានិគមនិយម, ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការផ្តួលរំលំរបបប្រល័យពូជសាសន៍សង្គ្រោះជាតិឡើងវិញ, ការការពារជាតិ និងស្តារកសាងប្រទេសឡើាងវិញ, ការកសាងសន្តិភាព និងការថែរក្សាសន្តិភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។

ក្នុងសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចទៀតថា ឆ្លងកាត់​រយៈ​ពេល​៧៤ឆ្នាំមកនេះ ការពិតជាក់ស្តែង បានបង្ហាញយ៉ាងច្បាស់ថា គណបក្ស​ប្រជា​ជន​កម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខ​ជា​មួយ​ប្រជា​​ជន​នៅគ្រប់កាលៈទេសៈ ដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់​ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូល ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គម ដើម្បី​កសាង​ប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

សុន្ទរកថាប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានគូសរំលេចពីវឌ្ឍនភាពសង្គម​ ក៏ដូច​ជាសេដ្ឋកិច្ចកម្ពុជា ដែលសម្រេចបានក្នុងរយៈពេល៤៦ឆ្នាំ ក្រោយពេល​ប្រទេស​រំដោះ​ចេញ​ពីរបបប្រល័យពូជសាសន៍ ជាពិសេសក្រោយពេលកម្ពុជារកបានសុខសន្តិភាព​ទាំង​ស្រុងនៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន​។

បន្ទាប់ពីប្រធានគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបល្ល័ង្កអានសុន្ទរកថាសម្តេចតេជោ ហ៊ុន សែន រួចហើយនោះ លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បានយកឱកាសនោះ សំណេះ​សំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្ស ដែលបានចូល​រួម​ក្នុង​កម្មវិធីផងដែរ។

លោកអ្នកឧកញ៉ា បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុ​ប្រធាន​​​គណបក្សប្រជាជនកម្ពុជា ក៏ដូចជាការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមា​ជិក សមាជិកាបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានរួបរួមសាមគ្គី និងប្រឹង​ប្រែង​អស់ពីកម្លាំងកាយចិត្តអនុវត្តន៍នូវកម្មវិធីនយោបាយ ក៏ដូចជាសកម្មភាពនានាដាក់​ចុះដោយបក្ស ហើយធ្វើឱ្យបក្សទទួលបានការគាំទ្រទទួលបានជ័យជម្នះសម្រាប់ការ​បោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនាពេលកន្លងមក។

ក្រៅពីការនាំយកនូវការនឹករលឹក និងការកោតសរសើររបស់ថ្នាក់ដឹកនាំបក្សជូនដល់​ថ្នាក់ដឹកនាំ ​​សមាជិក សមាជិកាបក្សក្នុងស្រុកប្រាសាទបល្ល័ង្កហើយនោះ លោកអ្នក​ឧក​ញ៉ា ទ្រី ភាព ក៏ឆ្លៀតលើកបង្ហាញពីព្រឹត្តិការណ៍ថ្មីៗកំពុងកើតមាននៅក្នុងប្រទេស​កម្ពុជា ជាពិសេសព្រឹត្តិការណ៍នៃវិវាទព្រំដែនរវាងកម្ពុជា-ថៃ។

ពាក់ព័ន្ធនឹងវិវាទព្រំដែនរវាងកម្ពុជា និងថៃនេះ លោកឧកញ៉ា ទ្រី ភាព បានគូសរំលេច​ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាកើតចេញពីគណបក្សប្រជាជនកម្ពុជា ជាពិសេស​សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុក​ដាក់ខ្ពស់បំផុតក្នុងកិច្ចការពារទឹកដី ដោយមិនឱ្យនរណាមកឈ្លានពានបាននោះ​ឡើយ។

ក្រៅពីការគិតគូរលើកិច្ចការពារទឹកដីដោយប្រើយន្តការទ្វេភាគី អន្តរជាតិ និងយោធា​ហើយ​នោះ រាជរដ្ឋាភិបាល ក៏បានបន្តយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ​ត្រូវភៀសសឹក ពលករខ្មែរត្រូវវិលត្រឡប់មកពីប្រទេសថៃជាដើម។ សម្រាប់លោក​អ្នក​ឧកញ៉ា វិធានការទាំងឡាយដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនាពេលនេះ គឺបាន​ស្តែងឱ្យឃើញច្បាស់ពីឆន្ទៈមនសិកាស្នេហាជាតិ ទឹកដី ប្រជាជន ក៏ដូចជា​សមត្ថ​​ភាពដឹកនាំប្រទេសរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមាន​សម្តេច​តេជោ ហ៊ុន សែន ជាប្រធាន។ ជាពិសេសនៅពេលជាតិមានបញ្ហា ទាំងសម្តេចតេជោ សម្តេចមហាបវរធិបតី តែងនៅជាមួយជាតិ និងប្រជាជន ហើយតម្កល់នូវឧត្តម​ប្រយោជន៍​​ជាតិជាចម្បងមិនឱ្យនរណារំលោភបំពានបានឡើយ។

គ្រាដែលប្រទេសជាតិកំពុងប្រឈមនឹងការឈ្លានពានពីសំណាក់ប្រទេសជិតខាងនេះ លោកអ្នកឧកញ៉ា ទ្រី ភាព បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជន​កម្ពុជាទាំងអស់ ត្រូវរួមចិត្តកាយស្មារតីគ្នាជាធ្លុងជាមួយរាជរដ្ឋាភិបាល ជាមួយកងទ័ព ដើម្បីការពារទឹកដី និងអធិបតេយ្យជាតិ។

និយាយដល់ស្មារតីការពារទឹកដី និងអធិបតេយ្យជាតិពីការឈ្លានពានរបស់ថៃនា​ពេល​នេះ លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បានសម្តែងការខឹងសម្បាជាមួយបក្សប្រឆាំងក្រៅ​ប្រទេសដឹកនាំដោយលោក សម រង្ស៊ី ដែលធ្វើសកម្មភាពញុះញង់បំបែកបំបាក់ស្មារតី និងទឹកចិត្តរបស់កងទ័ព ជាពិសេសចូលរួមជាមួយថៃផ្សព្វផ្សាយនូវព័ត៌មាននានាជា​ន់​ឈ្លីដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិកម្ពុជា។

ក្នុងឱកាសនេះ លោកអ្នកឧកញ៉ា បានជំរុញក្រុមការងារគណ​បក្សស្រុក-ឃុំទាំងអស់​ខិត​ខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋបន្តទៀត ដើម្បីឱ្យក្នុងមូលដ្ឋានកាន់តែរីកចម្រើន និងទទួលបានការទុកចិត្ត និងពេញចិត្តលើគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត។

ក្នុងពិធីអបអរសាទរខួបកំណើតបក្សប្រជាជនកម្ពុជានៅស្រុកប្រាសាទបល្ល័ង្កនេះ លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បាននាំយកនូវឯកសណ្ឋានប្រជាការពារចំនួន ៨២០ ឈុត និងថវិកាមួយចំនួនប្រគល់ជូនដល់គណបក្សបស្រុក អនុសាខាកាកបា​ទ​ក្រហម គណបក្សឃុំទាំង៧ នគរបាលស្រុក កងរាជអាវុធហត្ថស្រុក ផ្នែកសឹករង អ្នកចូលរួម និងចំណងដៃអាពាហ៍ពិពាហ៍សម្រាប់គូស្វាមី-ភរិយាចំនួន ១៤៥គូ (៤០០.០០០រៀលក្នុងមួយគូ) និងចំណាយផ្សេងៗទៀតអស់ទឹកប្រាក់ប្រមាណ ២២០ លានរៀល៕