(ភ្នំពេញ)៖ កម្ពុជា កំពុងត្រៀមធ្វើវិសោធនកម្មច្បាប់មាត្រារដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរ ពីមនុស្សណាដែលក្បត់ជាតិខ្លួនឯង។ គំនិតផ្តួចផ្តើមនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីស្ថាប័នក្នុងរាជរដ្ឋាភិបាល និងមន្ត្រីច្បាប់ក្នុងស្ថាប័ននិតិបញ្ញត្តិ។ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ កិច្ចប្រជុំពេញអង្គនៃរដ្ឋសភា គ្រោងនឹងប្រព្រឹត្តទៅ ដើម្បីពិនិត្យលើការធ្វើច្បាប់ដកសញ្ជាតិពីក្រុមក្បត់ជាតិដែលបម្រើផលប្រយោជន៍បរទេសប្រឆាំងជាតិរបស់ខ្លួនឯងនោះហើយ។

Fresh Exclusive មានអត្ថបទស៊ីជម្រៅ៖

នៅក្នុងសម័យកាល ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឹងប្រែងទប់ស្កាត់ការគំរាមកំហែងដ៏ ស្មុគស្មាញពីបរទេស ដើម្បីការរក្សាអធិបតេយ្យភាពនៃជាតិខ្មែរ សកម្មភាពរបស់មនុស្សមួយក្តាប់តូច ដែលបម្រើផលប្រយោជន៍បរទេស បាននិងកំពុងបំពានលើអធិបតេយ្យភាពនៃរាជរដ្ឋាភិបាលកម្ពុជា។ សកម្មភាពរបស់ពួកគេនោះ មិនមែនជាទង្វើនៃសេចក្ដីស្រឡាញ់ជាតិខ្មែរឡើយ ប៉ុន្តែជាទង្វើបំផ្លាញជាតិដ៏ច្បាស់ក្រឡែត។ ទង្វើឃុបឃិតរបស់ក្រុមជ្រុលនិយម ដឹកនាំដោយ សម រង្ស៊ី បានជម្រុញឲ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវពិចារណា រកការចាត់វិធានការណ៍តាមផ្លូវច្បាប់ ដើម្បីប្រឆាំងនិងបញ្ឈប់អំពើរុកគួនរបស់ពួកគេ នៅផ្ទៃក្នុងរបស់ជាតិ ដែលវានឹងបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងអធិបតេយ្យភាពជាតិខ្មែរ បើសិនជាមិនមានការចាត់វិធានការប្រឆាំងដ៏សក្តិសិទ្ធិនោះទេ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យរាជរដ្ឋាភិបាល សិក្សាពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរពីមនុស្សណាដែលក្បត់ជាតិ, ហើយគំនិតផ្តួចផ្តើមនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីស្ថាប័នក្នុងរាជរដ្ឋាភិបាល និងមន្ត្រីច្បាប់ក្នុងស្ថាប័ននិតិបញ្ញត្តិ។ មានប្រសាសន៍ក្នុងពិធីមួយនាខេត្តព្រៃវែង នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា សម្តេចតេជោបានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកក្កដា ដើម្បីពិនិត្យលើការធ្វើច្បាប់ដកសញ្ជាតិពីក្រុមក្បត់ជាតិ ដែលបម្រើផលប្រយោជន៍បរទេសប្រឆាំងជាតិរបស់ខ្លួនឯង៖ «រឿងក្រុមប្រឆាំងគង់នឹងដល់ទេ ហើយក៏សុំជូនព័ត៌មានដល់ក្រុមប្រឆាំងដែរ។ អ្នកឯងចង់ថាម៉េចថាទៅ ប៉ុន្តែសភា នឹងកោះប្រជុំវិសាមញ្ញ នៅថ្ងៃទី១១ ខែកក្កដានេះហើយ ។ រដ្ឋធម្មនុញ្ញនឹងត្រូវបានកែ ដើម្បីផ្តល់ឳកាសសម្រាប់ការដកសញ្ជាតិ អ្នកឯងប្រឹងប្រឆាំងឃុបឃិត ជាមួយបរទេសប្រឆាំងខ្មែរទៀតទៅ អ្នកឯងលមើល»

គួរបញ្ជាក់ថា ខណៈពេលដែលប្រជាជនខ្មែរទូទាំងប្រទេស កំពុងបង្ហាញភាពរួបរួមជាធ្លុងមួយក្នុងការគាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រឆាំងនឹងការគំរាមកំហែង និងអំពើឈ្លានពានពីប្រទេសថៃនោះ, បុគ្គលក្បត់ជាតិបីជំនាន់ សម រង្ស៊ី បែរជានិយាយខុសពីការពិត ដោយចោទថា ទង្វើរបស់មេដឹកនាំកម្ពុជា នាពេលបច្ចុប្បន្ន មិនមែនជាចលនារក្សាឯករាជ្យជាតិនោះទេ ប៉ុន្តែជារឿង «ភ័យខ្លាចបាត់បង់ប្រាក់រាប់ពាន់លានដុល្លារ» ពីបណ្តាញឧក្រិដ្ឋកម្មអន្តរជាតិឯណានោះទៅវិញ។ សម្តីនេះ មិនត្រឹមតែបំពានលើសេចក្ដីស្រឡាញ់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសំឡេងស្ទួន បំពងតាមការចោទរបស់មេដឹកនាំថៃ ដែលព្យាយាមបិទបាំងអំពើឈ្លានពាន និងជាការបកស្រាយព្រឹត្តិការណ៍ខុសស្រឡះនូវអ្វីដែលថៃបានប្រព្រឹត្តមកលើកម្ពុជា។ អំពើក្បត់ជាតិ និងក្បត់ប្រជាជនខ្មែរនោះហើយ ដែលសមនឹងការទទួលទោសធ្ងន់ធ្ងរបំផុត ដោយមានលទ្ធផលជាការដកសញ្ជាតិពីបុគ្គល ដែលបោះបង់ភាពជាពលរដ្ឋខ្មែរដោយចេតនា និងបំផ្លិចបំផ្លាញផលប្រយោជន៍ជាតិរបស់ខ្លួនឯងថែមទៀតនោះ។

វិសោធនកម្មច្បាប់ ដែលនឹងធ្វើក្នុងពេលខាងមុខនេះ គឺក្នុងគោលបំណងដើម្បីធានាថា ជនជាតិខ្មែរទាំងអស់ត្រូវមានកាតព្វកិច្ចការពារឧត្តមប្រយោជន៍ជាតិ ហើយសកម្មភាពណាដែលឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញជាតិ នឹងត្រូវទទួលទោសតាមច្បាប់រួមទាំងការដកហូតសញ្ជាតិផងដែរ។

ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក ហ៊ី សោភា ដើម្បីពិនិត្យ ពិភាក្សា និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិចំពោះព្រះរាជសារចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា។

ជាលទ្ធផលនៃកិច្ចប្រជុំពេញអង្គ ក្រុមប្រឹក្សាធម្មនុញ្ញ បានទូលថ្វាយព្រះមហាក្សត្រខ្មែរថា ចំពោះសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា នឹងអាចធ្វើទៅបានដោយមិនប៉ះពាល់រដ្ឋធម្មនុញ្ញនៃច្បាប់កំពូលរបស់ជាតិឡើយ។ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍បញ្ជាក់បន្ថែមជុំវិញការត្រៀមធ្វើវិសោធនកម្មច្បាប់នេះ៖

«ព្រោះលើកនេះ សំណើររួមគ្នារវាងរដ្ឋសភា ទាំង១២៥រូប និងរាជរដ្ឋាភិបាលស្នើសុំទៅព្រះមហាក្សត្រ។ ព្រះមហាក្សត្រ ព្រះអង្គទ្រង់សួរយោបល់ទៅក្រុមប្រឹក្សាធម្មនុញ្ញ អញ្ចឹងហើយក្រុមប្រឹក្សាធម្មនុញ្ញ បានឆ្លើយតបថាធ្វើបាន ដោយមិនផ្ទុយនឹង (រដ្ឋធម្មនុញ្ញ)… ព្រោះរឿងធ្វើម៉េចកុំឲ្យតែផ្ទុយនឹងមាត្រាទាក់ទិនជាមួយនឹងរបបរាជានិយមអាស្រ័យធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស… កន្លែងហ្នឹង មិនអាចកែបានទេ។ អ្វីដែលផ្ទុយនៅក្នុងកន្លែងហ្នឹង គឺថា រដ្ឋធម្មនុញ្ញគឺមិនអាចកែបានទេ។ អញ្ចឹងយើងធានាបាននូវបញ្ហាថា របបរាជានិយម មិនត្រូវបានផ្លាស់ប្តូរ ទៅជាសាធារណ:រដ្ឋ ដូចដែលអ្នកខ្លះ បានអំពាវនាវឲ្យរំលាយចោលរបបរាជានិយយមគឺធ្វើអត់រួចទេ មានតែរដ្ឋប្រហារយោធាមួយគត់ ដែលអាចធ្វើបាន ប៉ុន្តែអ្នកឯងគ្មានលទ្ធភាពធ្វើរដ្ឋប្រហារយោធាទេ»

វិសោធនកម្មរដ្ឋធម្មនុញ្ញ ផ្ដួចផ្ដើមឡើងដោយសម្តេចតេជោ ហ៊ុន សែន និងទទួលបានការគាំទ្រជាឯកច្ឆ័ន្ទពីស្ថាប័នសំខាន់ៗរបស់រដ្ឋាភិបាលនោះ គឺជាវិធានការដ៏ម៉ឺងម៉ាត់ និងជាចំណាត់ការដ៏ត្រឹមត្រូវ ក្នុងការរក្សាសេចក្តីថ្លៃថ្នូរ និងឯករាជ្យភាពរបស់ជាតិកម្ពុជា។ ការបង្កើតច្បាប់ដកសញ្ជាតិនេះ មិនមែនជារឿងថ្មីដែលទើបនឹងកើតមាននៅក្នុងប្រទេសកម្ពុជាឡើយ, វាគឺជាការអនុវត្តស្តង់ដានៃច្បាប់របស់ប្រជាជាតិនានាជាច្រើនលើសកលលោក និងសូម្បីតែអតីតកាលកម្ពុជាក្នុងសម័យដឹកនាំរបបសង្គមរាស្ត្រនិយមរបស់សម្តេចព្រះបរមរតនកោដ្ឋ ក៏ធ្លាប់មានចែងនូវច្បាប់ដកសញ្ជាតិនេះផងដែរ ក្នុងឆ្នាំ១៩៦៨។ ដូច្នេះ គំនិតផ្តួចផ្តើម ស្នើរាជរដ្ឋាភិបាល សិក្សាអំពីទិដ្ឋភាពច្បាប់ ដើម្បីរៀបចំធ្វើវិសោធនកម្មមាត្រារដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណា ដែលឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ មិនមែនទើបជាលើកទីមួយឡើយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។

ការត្រៀមធ្វើចំណាត់ការក្នុងការដកសញ្ជាតិពីមនុស្សដែលបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង ដើម្បីតែការបម្រើបរទេសនោះ បានធ្វើឱ្យក្រុមក្បត់ជាតិមួយក្តាប់តូចរស់នៅក្រៅប្រទេស បានភិតភ័យស្លន់ស្លោរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្នុងពិធីបើកការដ្ឋាន សាងសង់មួយ នាខេត្តកំពង់ធំថ្ងៃទី៣កក្កដា បានថ្លែងព្រមានថា បើអ្នកហ៊ានក្បត់ផលប្រ យោជន៍ជាតិរបស់ខ្លួនឯងហើយ អ្នកក៏មិនត្រូវខ្លាច នឹងចំណាត់ការច្បាប់របស់រាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា ដើម្បីការរក្សាដែនអធិបតេយ្យជាតិរបស់ខ្មែរដែរ៖

«ហើយប៉ុន្មានថ្ងៃនេះ ឃើញមានការចេញព្រោងព្រាត នៅខាងក្រៅ ភ័យ នៅពេលដែលគ្រោង រៀបចំធ្វើវិសោធនកម្មរឿងដកសញ្ជាតិ…សំដៅទៅលើអ្នកណា ជនជាតិខ្មែរណា ដែលប្រឆាំងនិងផលប្រយោជន៍របស់ខ្មែរ។ ឥឡូវអ្នកខំភ័យធ្វើអី បើអ្នកឯងស្នេហាជាតិ ប្តេជ្ញាចិត្តទោះបីជាដង្ហើមចុងក្រោយ មិនធ្វើប្រឆាំងនឹងផលប្រយោជន៍ជាតិខ្មែរ…អញ្ចឹងកុំភ័យព្រួយពេក! បើសិនជាអ្នកមានផែនការបំផ្លាញ ឃុបឃិតជាមួយបរទេស បំផ្លាញផលប្រយោជន៍ជាតិខ្មែរ អាហ្នឹងអ្នកឯងភ័យចុះ ប៉ុន្តែបើអ្នកបែបហ្នឹង មិនគួរជាខ្មែរទេ និយាយឲ្យច្បាស់តែម្តង។ យើងកំពុងតែប៉ះទង្គិច ការពារទឹកដី នៅមិននៅ ទៅរត់ស្រែកវាយបំបាក់ជាតិយើង អាហ្នឹងរឿងតែមួយ ខ្ញុំមិននិយាយរឿងច្បាប់ គេធ្វើក្រោយចុះ ប៉ុន្តែខ្ញុំសូមបញ្ជាក់អញ្ចេះ នៅលើពិភពលោកហ្នឹងណា យើងគ្រាន់តែឲ្យស្រាវជ្រាវបន្តិច (តើ)ប្រទេសប៉ុន្មាន ដែលមានច្បាប់ដកសញ្ជាតិ? ប្រទេស១៩៥ នៅក្នុងអង្គការសហប្រជាជាតិ ក្នុងហ្នឹង១៥០ប្រទេសមានច្បាប់ដកសញ្ជាតិ។»

**តើមានប្រទេសណាខ្លះលើសកលលោក ដែលមានច្បាប់ដកសញ្ជាតិ?

ការស្រាវជ្រាវចុងក្រោយបានបង្ហាញថា កាលពីឆ្នាំ២០២២ លើប្រទេសចំនួន១៩០ ក្នុងចំណោមប្រទេសទាំង១៩៥ លើពិភពលោក មានប្រទេសចំនួន១៥០ ឬស្មើនឹង៧៩% ដែលមានច្បាប់ដកសញ្ជាតិ។

ក្នុងចំណោមប្រទេសទាំងនោះ មានប្រទេសចំនួន១៣៤ អាចដកសញ្ជាតិពលរដ្ឋខ្លួនដោយផ្អែកលើហេតុផលដូចជា៖ ភាពមិនស្មោះត្រង់ ការគំរាមកំហែងសន្តិសុខជាតិ ឬបទល្មើសដែលទាក់ទងនឹងភេរវកម្ម។ ជាមួយគ្នានេះ ចាប់តាំងពីឆ្នាំ២០០០ មានប្រទេសដល់ទៅ៣៧ បានបង្កើតច្បាប់ដកសញ្ជាតិក្រោមហេតុផងដូចតទៅនេះ៖

- នៅសហភាពអឺរ៉ុប៖ សហគមន៍នេះ ឈានមុខគេក្នុងការបង្កើតច្បាប់ដកសញ្ជាតិ ដោយមាន១៨ប្រទេស (រួមទាំងចក្រភពអង់គ្លេស ហូឡង់ អាល្លឺម៉ង់ និងដាណឺម៉ាក) តាំងពីឆ្នាំ២០០០។
- នៅមជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង៖ ជាទូទៅ ការបង្កើតច្បាប់ដកសញ្ជាតិ គឺធ្វើឡើងដើម្បីប្រឆាំងអំពើភេរវកម្ម។
- នៅសហរដ្ឋអាមេរិក៖ រដ្ឋាភិបាលអាចដកហូតសញ្ជាតិពីពលរដ្ឋ ដោយសារការក្លែងបន្លំ ឬក្លែងក្លាយ (fraud or misrepresentation) ។ គោលនយោបាយថ្មីៗនៃការដកសញ្ជាតិ បានផ្តោតលើបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទភេរវកម្ម ឬខ្វះ «សីលធម៌» (terrorism or lacking "good moral character”) ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣កក្កដា បានមានប្រសាសន៍បញ្ជាក់បន្ថែម ជុំវិញការធ្វើច្បាប់ដកសញ្ជាតិតាមប្រទេសមួយចំនួននៅលើសកលលោក៖ «មាន១៥០ប្រទេស, ប្រទេស EU មាន១៨ប្រទេស ដែលមានច្បាប់រួមទាំងអង់គ្លេសទាំងអី តែអ្នកឯងធ្វើរញ៉េរញ៉ៃខុសច្បាប់ ខុសអី រហូតទៅដល់ដកសញ្ជាតិ អាមេរិកក៏មានដែរ អាមេរិក ឥឡូវច្បាប់ថ្មីរបស់អាមេរិក គឺមានរហូតទៅដល់ដកសញ្ជាតិ បើអ្នកហ្នឹង អ្នកឯងប្រព្រឹត្តអំពើភេរវកម្ម ឬមួយអំពើខ្វះសីលធម៌ទៀតនោះ…ប្រទេសមហាអំណាចលេខមួយណា!

ហើយនៅក្នុងចំណោម១៥០ប្រទេសនេះ មាន៣៤ប្រទេស ដែលមានច្បាប់ដកសញ្ជាតិពីបទក្បត់ជាតិ ប្រឆាំងនឹងផលប្រយោជន៍ជាតិ…អញ្ចឹងវាមិនមែនតែកម្ពុជានោះទេ។ រដ្ឋធម្មនុញ្ញយើងត្រូវតែមើល ប៉ុន្តែបងប្អូនអើយ ប្រទេសខ្លះ បើសិនជាបុគ្គលម្នាក់ហ្នឹង ធ្វើទាហានមានសញ្ជាតិពីរ ធ្វើទាហានឲ្យប្រទេសហ្នឹងផង ធ្វើទាហានឲ្យប្រទេសខ្មែរផង គឺគេដកសញ្ជាតិមួយចោល…ព្រោះពេលច្បាំងគ្នា អ្នកឯងច្បាំងឲ្យពីណា? និយាយឲ្យច្បាស់ អ្នកឯងសុទ្ធតែស្បថជាមួយរដ្ឋធមនុញ្ញ ថាការពារជាតិ ដល់អ្នកឯងសញ្ជាតិពីរ ធ្វើក្របខណ្ឌទាហាននេះផង ទាហាននោះផង គេត្រូវដកចោលមួយ…អញ្ចឹងពេលវាយគ្នាស្ដាប់ពីណា? ពាក់អាវនេះ តែស្តាប់បទបញ្ជាខាងនោះ? អញ្ចឹងរឿងនេះ រឿងនិតិវិធី រឿងការគាំទ្រ រឿងការទៅមុខ ខ្ញុំទុកឲ្យខាងច្បាប់គេធ្វើការ…ខ្ញុំមិនលូកលាន់ ប៉ុន្តែជាគោលគំនិត គឺគ្មានអ្វីដែលធ្វើបាបប្រជាពលរដ្ឋដែលស្រឡាញ់ជាតិពិតប្រាកដ… អ្នកដែលមិនទៅឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញផលប្រយោជន៏ជាតិធ្ងន់ធ្ងរនោះទេ កុំព្រួយបារម្ភ។ អ្នកដែលស្នេហាជាតិពិតប្រាកដ ស្រឡាញ់ខ្មែរពិតប្រាកដ ទោះជាដំណាក់កាលណាក៏ដោយ នៅបក្សណាក៏ដោយ និន្នាកាណាក៏ដោយ គេមិនដែលទៅឃុបឃិតនឹងបរទេសដើម្បីបំផ្លាញជាតិខ្លួនឯងនោះទេ ផលប្រយោជន៍ជាតិនោះទេ»។

ជារួមនៅលើពិភពលោកនេះ ប្រទេសប្រមាណ១៥០ប្រទេស ឬ ៧៩% មានច្បាប់ដកសញ្ជាតិ ដោយហេតុផលទាក់ទងនឹងសន្តិសុខ, ចំនួន១៣៤ប្រទេស បង្កើតច្បាប់ដកសញ្ជាតិ ដោយហេតុផល «ក្បត់ជាតិ» (treason) និងមានចំនួន៣៧ប្រទេស ទើបតែបានបង្កើតច្បាប់នេះ ចាប់ពីឆ្នាំ២០០០នោះមក។

សញ្ជាតិមិនមែនគ្រាន់តែជាឋានៈស្របច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាជាចំណងនៃការទទួលខុសត្រូវរវាងពលរដ្ឋ និងជាតិ។ កាតព្វកិច្ចរបស់ខ្មែររៀងរាល់គ្រប់ៗរូប គឺត្រូវការពារមាតុភូមិ និងប្រឆាំងរាល់អំពើក្បត់ជាតិ។ ដូច្នេះ នៅពេលបុគ្គលណាមួយ ប្រើប្រាស់សញ្ជាតិរបស់ខ្លួនជាឧបករណ៍ដើម្បីបំផ្លាញប្រទេសកំណើតរបស់ខ្លួនឯងហើយ ប្រទេសជាសាមី មិនត្រឹមតែប្រើសិទ្ធិរក្សាការពារជាតិ ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានកាតព្វកិច្ច ផ្តាច់ចំណងសញ្ជាតិ ដើម្បីការពារអធិបតេយ្យភាពនៃជាតិរបស់ខ្លួន ដោយមិនរួញរាឡើយ។

ព្រះរាជាណាចក្រកម្ពុជា កំពុងអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន ដើម្បីគូសបន្ទាត់ច្បាស់ លាស់នូវទង្វើស្នេហាជាតិ និងទង្វើក្បត់ជាតិ រវាងពលរដ្ឋដែលមានការទទួលខុសត្រូវ និងអ្នកប្រព្រឹត្តអំពើក្បត់ប្រយោជន៍ជាតិ។ ការអនុវត្តច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការតាក់តែងច្បាប់ដកហូតសញ្ជាតិ មិនមែនជាទង្វើលើកដំបូងរបស់កម្ពុជា ឬនៅលើពិភពលោកនេះឡើយ។ ការអនុវត្តច្បាប់របស់កម្ពុជា កំពុងដើរទន្ទឹមគ្នាជាមួយការឯកភាពជាសកល ដែលរក្សានូវភាពបរិសុទ្ធនៃបូរណភាពជាតិ លើសពីអ្វីៗទាំងអស់។

វិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងពេលខាងមុខនេះ មិនមែនជាសញ្ញានៃការភ័យខ្លាចណាមួយ ឬការគាបសង្កត់ដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួននោះទេ ប៉ុន្តែជាការប្រកាសពីភាពរឹងមាំរបស់ព្រះរាជាណាចក្រកម្ពុជា និងក៏ជាសារទៅកាន់ពិភពលោកថា ការដកសញ្ជាតិពីបុគ្គល ដែលគុបគិតជាមួយបរទេសក្នុងការបំផ្លាញផលប្រយោជន៍ជាតិ គឺជាវិធានការសក្តិសមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារអធិបតេយ្យភាព សេរីភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិខ្លួន៕