(ភ្នំពេញ)៖ លោក លឿង គឿង ប្រធានរដ្ឋវៀតណាម បានផ្ញើលិខិតថ្លែងអំណរគុណ ជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលបានផ្ញើលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពលោក Tran Duc Cuong អតីតប្រធានរដ្ឋវៀតណាម កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៥។

ក្នុងលិខិតថ្លែងអំណរគុណ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានសរសេរយ៉ាងដូច្នេះថា «តាងនាមរដ្ឋ នៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាម ប្រជាជនវៀតណាម ខ្ញុំសូមសម្ដែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះសម្តេចប្រធាន ដែលបានផ្ញើសារចូលរួមរំលែកទុក្ខ និងចាត់បញ្ជូនគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេច ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានសមាគមមិត្តភាព កម្ពុជា-វៀតណាម អញ្ជើញមកគោរពវិញ្ញាណក្ខន្ធ និងចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធសពឯកឧត្ដម Tran Duc Luong អតីតប្រធានរដ្ឋ។

ការចូលរួមរំលែកទុក្ខដ៏ស្មោះស្ម័គ្ររបស់សម្តេចប្រធាន និងការអញ្ជើញចូលរួម ក្នុងពិធីបុណ្យសពពីសំណាក់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានបង្ហាញពីមនោសញ្ចេតនាជិតស្និទ្ធរបស់បក្ស រដ្ឋប្រជាជនកម្ពុជា និងសម្តេចប្រធាន ផ្ដល់ជូនបក្ស រដ្ឋ ប្រជាជនវៀតណាម និងឯកឧត្តម Tran Duc Luong អតីតប្រធានរដ្ឋ។ កាលនៅមានអាយុនៅឡើយ ឯកឧត្តម Tran Duc Luong អតីតប្រធានរដ្ឋ តែងតែយកចិត្តទុកដាក់លើការជំរុញទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា។

ខ្ញុំជឿជាក់ថា ជាមួយមូលដ្ឋានគ្រឹះនៃទំនាក់ទំនងជាប្រពៃណីល្អ ដែលត្រូវបានថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជននៃប្រទេសទាំងពីរខិតខំប្រឹងប្រែងពូនជ្រុំ ក្នុងនោះមានតួនាទីរបស់ឯកឧត្ដម Tran Duc Luong អតីតប្រធានរដ្ឋ ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា និងបន្តអភិវឌ្ឍរីកចម្រើនប្រកបដោយចីរភាព និងកាន់តែមាន
ប្រសិទ្ធភាព ដើម្បីជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន នៃប្រទេសទាំងពីរ។

សូមជូនពរសម្ដេចប្រធានមានសុខភាពល្អបរិបូរ សុភមង្គល ជោគជ័យគ្រប់ភារកិច្ចការងារ ហើយសូមសម្តេចប្រធានមេត្តាទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំ»៕