(ភ្នំពេញ)៖ លោក កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាថ្នាក់ជាតិស្ដីពី «សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត» និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ។
នៅថ្ងៃទី២ នៃសិក្ខាសាលាថ្នាក់ជាតិនេះ អង្គសិក្ខាសាលាបានបន្តដោយមានកិច្ចពិភាក្សាតាមក្រុមចំនួន១៥ ដោយមានសិក្ខាកាមចូលរួមសរុប ជាង៣០០នាក់ តំណាងតួអង្គពាក់ព័ន្ធចម្រុះក្នុងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត ដើម្បីផ្ដល់សុពលភាពលើធាតុចូលកន្លងមក និងប្រមូលធាតុចូលបន្ថែមលើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត។
ក្រុមទាំង១៥ បានពិភាក្សាយ៉ាងផុសផុលលើមូលបទធំៗចំនួន៣ គឺបញ្ញាសិប្បនិម្មិតដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច បញ្ញាសិប្បនិម្មិតដើម្បីការអភិវឌ្ឍសង្គម និងបញ្ញាសិប្បនិម្មិតដើម្បីរដ្ឋាភិបាលឌីជីថល។ ក្រោយពីកិច្ចពិភាក្សាតាមក្រុម ការធ្វើបទបង្ហាញ និងកិច្ចពិភាក្សារួម សិក្ខាសាលាបានបញ្ចប់ដោយបរិបូរណ៍ និងពោរពេញដោយការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមមានក្រសួង ស្ថាប័ន អ្នកជំនាញអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អ្នកប្រកបវិជ្ជាជីវៈ និងនិស្សិតផងដែរ។
ថ្លែងនាឱកាសនោះលោករដ្ឋលេខាធិការ កែវ សុទ្ធិ បានគូសបញ្ជាក់ថា «យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត» នឹងដើរតួនាទីជាចក្ខុវិស័យជាតិ និងជាយុទ្ធសាស្ត្រសម្រាប់បម្រើអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់គ្នា រួមទាំងក្រសួង ស្ថាប័ន វិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ អង្គការសង្គមស៊ីវិល និងសាធារណៈជន។ បញ្ញាសិប្បនិម្មិតមិនមែនជាបច្ចេកវិទ្យាដែលនឹងត្រូវអភិវឌ្ឍនិងគិតគូរនាពេលអនាគតទៀតនោះទេ គឺជាបច្ចេកវិទ្យាដែលត្រូវអភិវឌ្ឍនិងគិតគូរនាពេលបច្ចុប្បន្ន។
លោក កែវ សុទ្ធិ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន លោក លោកស្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមសិក្ខាសាលាជាតិនេះ ដើម្បីផ្យព្វផ្សាយ «យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត» ឱ្យក្លាយជាយុទ្ធសាស្ត្រគោលរួមសម្រាប់កំណត់ទិសដៅជំរុញការចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងលើកកម្ពស់អភិបាលកិច្ចការប្រើប្រាស់ ដោយអនុលោមតាមបរិបទនៃការធ្វើបរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថល៕