(ព្រះវិហារ)៖ លោកស្រី នាង សុវណ្ណារី ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា និងសមាជិក សមាជិកាសមាគម នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ បានរួមគ្នាដើម្បីបុព្វហេតុការពារជាតិ តាមរយៈការនាំយកអំណោយជាម្ភារៈ និងថវិកា សរុបជាទឹកប្រាក់ជាង ១០០លានរៀល ចុះឧបត្ថម្ភជូនដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារព្រំដែនក្នុងខេត្តព្រះវិហារ។
នាឱកាសនោះលោកស្រី នាង សុវណ្ណារី បានឱ្យដឹងថា អំណោយនេះក៏ជាអំណោយដែលយើងទាំងអស់គ្នាទទួលបានពីសុខសន្តិភាពដែរ បើគ្មានសន្តិភាព ក្រោមម្លប់នៃការដឹកនាំដ៏ឧដុង្គឧត្ដមរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ទេ យើងក៏គ្មានឱកាសអាចប្រកបរបរទទួលទាន និងមានលទ្ធភាពកៀរគរសម្ភារៈ និងថវិកាឧបត្ថម្ភទាំងនេះមកជូនកងទ័ពដែលបានបំពេញភារកិច្ចការពារបូរណភាពទឹកដីនោះដែរ។
នាឱកាសនោះ លោកស្រី នាង សុវណ្ណារី ជំនួសមុខឱ្យសមាជិក សមាជិកាសមាគមទាំងអស់ សូមគោរពថ្លែងអំណរគុណដល់វីរកងទ័ពទាំងអស់ ថ្នាក់ដឹកនាំ ព្រមទាំងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិផងដែរ៕