(ភ្នំពេញ)៖ ជាទម្លាប់ក្នុងការដាំដុះរបស់កសិករខ្មែរមួយចំនួន បន្ទាប់ពីប្រមូលផលដំណាំរួច កសិករតែងធ្វើការដុតគល់ជញ្ជ្រាំងដែលនៅសល់លើវាលស្រែ ពីព្រោះវាជាវិធីងាយស្រួល និងរហ័សក្នុងការបោសសម្អាតសំណល់ ដើម្បីត្រៀមខ្លួនសម្រាប់ការដាំដុះនៅរដូវបន្ទាប់។ ប៉ុន្តែវិធីបែបនេះ អាចមានផលប៉ះពាល់ដល់បរិស្ថាន និងនាំឱ្យបាត់បង់សារធាតុសរីរាង្គ ដ៏មានប្រយោជន៍សម្រាប់ការកែលំអជីជាតិដី។
ជាមួយនឹងការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មអេកូឡូហ្ស៊ី (Agro-ecology) ដោយអង្គការវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) តាមរយៈគម្រោង ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា កសិករបានយល់ដឹងអំពីផលប៉ះពាល់អវិជ្ជមាននៃការដុតគល់ជញ្ជ្រាំង និងចំបើងលើវាលស្រែ និងស្វែងយល់បន្ថែមអំពី អត្ថប្រយោជន៍នៃការប្រើប្រាស់វា ដូចជា ការកែលម្អគុណភាពដីស្រែ ការបង្កើនជីសរីរាង្គ និងសម្រាប់ជាគម្របដីដាំដំណាំរបស់គាត់។
ក្រោមកិច្ចសហការរយៈពេល១៤ខែ ចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២៤ មកនេះ អង្គការ CIRD បានផ្ដល់ការបណ្តុះបណ្តាលដល់កសិករប្រមាណ ២៥០ នាក់មកពីសហគមន៍ចំនួន ១០ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ លើបច្ចេកទេសកសិកម្មអេកូឡូហ្ស៊ី (Agro-ecology) និងការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។ កម្មវិធីបណ្តុះបណ្តាលរួមគ្នានេះ ស្របគ្នាជាមួយគំនិតផ្តួចផ្តើម «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានដាក់ចេញឡើង ក្នុងគោលបំណងលើកកម្ពស់ផលិតភាពកសិកម្ម របស់កសិករនៅប្រទេសកម្ពុជា ក៏ដូចជាលើកកម្ពស់គុណភាព សុវត្ថិភាព និងនិរន្តរភាពនៃផលិតផលអាហារកម្ពុជា។
ផ្នែកមួយនៃកម្មវិធី គឺការបណ្តុះបណ្តាលកសិករឱ្យដាំដំណាំគម្របដី ដែលជាដំណាំមិនមែនសម្រាប់ប្រមូលផល ប៉ុន្តែដាំដើម្បីការពារ និងពង្រឹងគុណភាពដី។ ដំណាំគម្របដី ជួយកាត់បន្ថយសំណឹកដី ធ្វើឱ្យដីកាន់តែមានជីជាតិ ជួយកំចាត់ស្មៅ និងរក្សាសំណើម។ តាមរយៈការដាំដំណាំគម្របដីបន្ទាប់ពីប្រមូលផល កសិករខ្មែរបានបង្កើនទិន្នផល កាត់បន្ថយការចំនាយ និងពង្រឹងសន្តិសុខស្បៀងរយៈពេលវែង។
លោកសួន ឡេង គឺជាកសិករខ្មែរមួយរូប ពីខេត្តបាត់ដំបងដែលទទួលបានការរីកចម្រើនក្នុងផលិតកម្មកសិកម្មរបស់គាត់។ ដោយសារតែការបណ្ដុះបណ្ដាលអំពីដំណាំគម្របដី ដែលលោកទទួលបានតាមរយៈកិច្ចសហការនេះ បានធ្វើឱ្យទិន្នផលដំណាំរបស់គាត់ និងជីវភាពគ្រួសាររបស់គាត់បានប្រសើរឡើង។
លោក សួន ឡេង បានថ្លែងថា «ខ្ញុំទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីវគ្គបណ្តុះបណ្តាលនេះ។ ដោយសារតែខ្ញុំបានអនុវត្តតាមមេរៀន និងដំបូន្មានដែលបានបង្រៀនកន្លងមក ធ្វើឱ្យដំណាំខ្ញុំទទួលបានផលកាន់តែច្រើនជាងមុន។ ខ្ញុំកត់សម្គាល់ឃើញថា ដីរបស់ខ្ញុំរក្សាសារធាតុចិញ្ចឹមបានយូរ ដំណាំស្រូវរបស់ខ្ញុំលូតលាស់បានកាន់តែល្អ ហើយក៏មិនសូវមានសត្វល្អិត ដូចមុនផងដែរ។ ការដាំដំណាំគម្របដី បានផ្លាស់ប្តូររបៀបដែលខ្ញុំធ្វើកសិកម្ម ពោលគឺការធ្វើកសិកម្មរបស់ខ្ញុំកាន់តែមាននិរន្តរភាព និងផលិតភាពថែមទៀត»។
តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា អង្គការ CIRD បានរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពី ដំណាំគម្របដី។ កម្មវិធីបណ្តុះបណ្តាលនេះ រៀបចំឡើងដោយផ្អែកលើបទពិសោធន៍ និងលទ្ធផលនៃការសាកល្បងលើវាលស្រែកសិករផ្ទាល់ដែលបានអនុវត្តកន្លងមក ដោយគម្រោងអភិវឌ្ឍន៍កសិកម្មនៅប្រទេសកម្ពុជា។
លោក រ៉ាត រតនា ប្រធានកម្មវិធីអង្គការសៀដ បានថ្លែងថា «តាមរយៈការគាំទ្ររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងបានជួយបង្កើនផលិតភាព និងទិន្នផលរបស់កសិករខ្មែរប្រមាណ ២៥០ នាក់។ កសិករទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យអនុវត្តបច្ចេកទេសសិកម្មប្រកបដោយនិរន្តរភាព ដែលជាបច្ចេកទេសដ៏ល្អសម្រាប់កសិករផ្ទាល់ ក៏ដូចជាផលិតផលរបស់គាត់ និងបរិស្ថាន។ កម្មវិធីបណ្តុះបណ្តាលនេះ ជួយកសាងប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាព ដែលផ្ដល់អត្ថប្រយោជន៍ដល់កសិករក្នុងស្រុកសម្រាប់រយៈពេលជាច្រើនឆ្នាំតទៅមុខទៀត»។
លោក Andy Hewson អគ្គនាយកនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានថ្លែងថា «ក្នុងឆ្នាំ២០២៣ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំណាយ ៧៥% នៃលទ្ធកម្មសរុបរបស់ខ្លួន ពោលគឺ ១៤២ លានដុល្លារអាមេរិក ទៅលើអ្នកផ្គត់ផ្គង់ក្នុងស្រុក។ ហើយមួយផ្នែកធំនៃការចំណាយនេះ គឺសម្រាប់ផលិតផលក្នុងស្រុកដែលយើងប្រើដើម្បីផលិតស្រាបៀររបស់យើង។ នេះគ្រាន់តែជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលជំរុញឱ្យក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា លើកកម្ពស់គំរូកសិកម្មប្រកបដោយនិរន្តរភាព ដែលនឹងផ្ដល់អត្ថប្រយោជន៍ ដល់កសិករ និងប្រទេសកម្ពុជាសម្រាប់រយៈពេលជាច្រើនឆ្នាំតទៅមុខទៀត ដោយយោងតាមរបាយការណ៍ ការរួមចំណែកសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣ របស់ហ៊ិននីគែននៅក្នុងព្រះរាជាណាចក្រកម្ពុជា»៕
Episode 1: Sowing the Seeds of Sustainable Farming – Cover Crops: https://www.facebook.com/watch/?v=1282582996827771&rdid=yX05O5kZ1uRxvaJl
Episode 2: Farmers in Action – Real Experiences of Planting Cover Crops: https://www.facebook.com/watch/?v=718316370815384&rdid=hSIZdpJOqnl1L894
Episode 3: Results That Matter – The Impact of Cover Crops: https://www.facebook.com/watch/?v=4002505503356397&rdid=fOXG6Iyabt4x6Dvc