(កំពត)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ស្ថិតក្នុងវត្តពោធិ៍ព្រឹក្សាខារាម (ហៅវត្តតូប) ដែលមានទីតាំងនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ
ការកសាងព្រះវិហាថ្មីនេះ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, លោកបណ្ឌិត ម៉ៅ ធនិន និងលោកស្រី, អ្នកឧកញ៉ា យី រដ្ឋា និងលោក ប៊ុន ដារ៉ា ព្រមទាំងក្រុមគ្រួសារ រួមជាមួយអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានចូលរួមកសាងកុសលផលបុណ្យ ប្រកបដោយសទ្ធា ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ក្រោមការបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាលឲ្យប្រជាពលរដ្ឋមានឱកាសធ្វើបុណ្យតាមជំនឿរៀងៗខ្លួន។
សមិទ្ធផលជាច្រើនបានកើនឡើងជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា ការរីកចម្រើនរបស់ពុទ្ធចក្រ គឺមានការចូលរួមចំណែកយ៉ាងសំខាន់ ពីកត្តាសុខសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធារ ដែលបានរួមគ្នាប្រតិបត្តិបានយ៉ាងខ្ជាប់ខ្ជួន នូវប្រពៃណីព្រះពុទ្ធសាសនា និងកសាងសមិទ្ធផលជាច្រើន នៅតាមវត្តអារាមទូទាំងប្រទេស។ ទាំងនេះ ខុសប្លែកកាលពីជាង៤៦ឆ្នាំមុន ដែលប្រទេសជាតិកំពុងជួបការលំបាក រងឥទ្ធិពល និងផលប៉ះពាល់នៃវិបត្តិសង្គ្រាម ដែលធ្វើឲ្យការកសាងសមិទ្ធផលនានា នៅក្នុងវត្តត្រូវចំណាយពេលយូរ អាចរហូតដល់ជាង១០ឆ្នាំក៏មាន។ ប៉ុន្តែបច្ចុប្បន្ននេះការសាងសង់ព្រះវិហារដែលមានលក្ខណ:ស្អាត ប្រណិត គឺចំណាយពេលតែជាងចន្លោះពី១-២ឆ្នាំប៉ុណ្ណោះ។
សូមជម្រាបថា វត្តតូបនេះ បានចាប់ផ្តើមកសាងតាំងពីឆ្នាំ១៩៥០ មានអាយុកាលជាង៧៥ឆ្នាំហើយ និងបានកសាងមកជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។ ក្នុងនោះកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអញ្ជើញជាអធិបតីក្នុងពិធីបច្ចុះបឋមសិលាសាងសង់ព្រះវិហារនេះ។
ដោយឡែកនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ ក៏មានពិធីសម្ពោធសមិទ្ធិផលជាច្រើន នៅវត្តពោធិ៍ព្រឹក្សាខារាម (ហៅវត្តតូប) ក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕