(កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងភរិយា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៦០វត្ត ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ពិធីប្រគេនទៀនចំណាំព្រះវស្សានេះ ត្រូវបានប្រារព្ធនៅទីតាំង២ដាច់ដោយឡែកពីគ្នា គឺនៅវត្តឧទុម្ពរ ហៅវត្តក្រាំងល្វា ស្ថិតនៅក្នុងភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ និងនៅវត្តខ្លុងពពក ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការនិមន្ដ និងអញ្ជើញចូលរួមពីសំណាក់ព្រះអនុគណៈ និងព្រះចៅអធិការវត្តទាំង៦០ ក្នុងស្រុកទាំងពីរ ព្រមទាំងការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំថ្នាក់ខេត្ត រដ្ឋបាលស្រុក ដែលជាអនុប្រធាន និងសមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែរ។

បន្ទាប់ពីស្ដាប់របាយការណ៍របស់លោកអភិបាលស្រុកសាមគ្គីមានជ័យ និងលោកអភិបាលរងស្រុកទឹកផុស, លោក ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុកាពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះ ព្រះសង្ឃ ថ្នាក់ដឹកនាំ និងលោកយាយ លោកតាទាំងអស់ផងដែរ។

លោកប្រធាន បានបន្តថា សមិទ្ធផលនានា ពិធីប្រគេនទៀនចំណាំព្រះវស្សា និងការប្រារព្ធពិធីបុណ្យសាសនាផ្សេងៗ អាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញបរិបូរណ៍ មានស្ថិរភាពនយោបាយ នៅទូទាំងប្រទេស ដែលបានមកដោយសារការយកជីវិតជាដើមទុន និងការដឹកនាំដ៏ឈ្លាសវៃ និងកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន និងការបន្តវេនដឹកនាំប្រកបដោយថាមវន្តរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាម្រមុខដឹកនាំដ៏ឈ្លាសវៃ មានចក្ខុវិស័យវែងឆ្ងាយដឹកនាំប្រទេសឈានទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះដែរ លោក ឆាយ ឫទ្ធិសែន បានអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាសមិទ្ធផលដែលមានស្រាប់ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ហើយបន្ដគាំទ្ររាជរដ្ឋាភិបាល និងគាំទ្រចំណាត់ការដ៍ម៉ឺងម៉ាត់ និងច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការដាក់ពាក្យបណ្ដឹងករណីវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទន្ទឹមនឹងការប្រើយន្តការទ្វេភាគីដែលមានស្រាប់ក្នុងការចរចារ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ព្រមទាំងការត្រៀមកម្លាំងការពារទឹកដី និងវាយបកលើសត្រូវក្នុងករណីមានការឈ្លានពានណាមួយមកលើកម្ពុជា៕⁩