(ភ្នំពេញ)៖ គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានផ្តល់ការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញចំនួន ៣៧ ៤៣១ នាក់ ក្នុងនោះស្ត្រី ៣៥% ដោយប្រើប្រាស់ថវិកាប្រមាណជាង ៣០លានដុល្លារ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន ប្រកបដោយប្រសិទ្ធភាព និងចីរភាព និងចូលរួមសម្រេច បានចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល។
លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍ជំនាញ បានថ្លែងក្នុងសិក្ខាសាលាស្តីពី «ភាពជាដៃគូរវាងរដ្ឋ ឯកជន និងប្រជាពលរដ្ឋដើម្បីកម្ពុជាប្រកបដោយជំនាញ» នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ SDF បានផ្តល់ថវិកាបដិភាគដល់រោងចក្រសហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល សមាគមធុរកិច្ច និងស្ថាប័ន នានាសម្រាប់អនុវត្តគម្រោងបណ្តុះបណ្តាលជំនាញសរុបចំនួន១៩៣ ដែលមានថ្លៃបណ្តុះបណ្តាល សរុបប្រមាណ ៣១.០៥ លានដុល្លារ ក្នុងនោះថវិកាបដិភាគរបស់ SDF មានចំនួន ១៦.៤៨លានដុល្លារ ឬ ៥៣% នៃថ្លៃបណ្តុះបណ្តាលសរុប ក្នុងវិស័យសំខាន់ៗ ដូចជា វិស័យទេសចរណ៍ (៤.០៥ លានដុល្លារ), វិស័យសំណង់ (២.៨៤ លានដុល្លារ), វិស័យកម្មន្តសាល (២.៧៤ លានដុល្លារ), វិស័យឌីជីថល (៣.៨៦ លានដុល្លារ), វិស័យយានយន្ត (០.៦៣ លានដុល្លារ), វិស័យអេឡិកត្រូនិក (០.៣២ លានដុល្លារ), និងវិស័យដទៃទៀត ដែលមានតម្រូវការខ្ពស់ពីវិស័យឯកជន (២.០២ លានដុល្លារ)។
លោកមានប្រសាសន៍ថា SDF មានចក្ខុវិស័យក្លាយខ្លួន ជាថ្នាលហិរញ្ញប្បទានប្រកបដោយទំនុកចិត្តបំផុត ក្នុងការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ, SDF បានដាក់ចេញនូវបេសកកម្ម ជំរុញភាពជាដៃគូពិតប្រាកដរវាងឧស្សាហកម្ម និងគ្រឹះស្ថានបណ្តុះបណ្តាល លើការអភិវឌ្ឍជំនាញ ដែលប្រកបដោយគុណភាព និងចីរភាព។
លើសពីនេះ SDF ក៏បានកសាងទំនាក់ទំនងល្អជាមួយ ដៃគូពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍន៍ជំនាញ ដោយបានបង្កើនដៃគូសហការជាមួយនឹង ក្រុមហ៊ុនឯកជនចំនួន ៤៥០, គ្រឹះស្ថានបណ្តុះបណ្តាលចំនួន ៦២ (ទាំងរដ្ឋ ឯកជន និងអង្គការ) និង សមាគមធុរកិច្ចចំនួន ២២ផងដែរ ។ ជាលទ្ធផល SDF បានសម្រេចនូវសមិទ្ធផលក្នុងកម្រិតល្អប្រសើរ តាមគោលដៅដែលបានដាក់ចេញ ដោយក្នុងនោះរួមមាន អត្រាបោះបង់ការសិក្សាជាមធ្យមមាន កម្រិតទាបត្រឹម ៤%, អត្រាមានការងារធ្វើខ្ពស់រហូតដល់ ៨៨%, ប្រាក់បៀវត្សមូលដ្ឋានកើនឡើងជា មធ្យម ២០% និងអត្រាពេញចិត្តពីនិយោជកលើគុណភាពអភិវឌ្ឍន៍ជំនាញខ្ពស់ ពោលគឺរហូតដល់៨៥%។
លោកបន្ថែមថា កិច្ចសហការ និងការគាំទ្រនានារបស់ដៃគូអភិវឌ្ឍន៍ គឺពិតជាមានសារៈសំខាន់ និងមានតម្លៃជាវិសេសវិសាលសម្រាប់ពង្រឹងសមត្ថភាពរបស់អង្គភាពប្រតិបត្តិ SDF និងដៃគូ ព្រមទាំងពង្រីកវិសាលភាពនៃការជំរុញការអភិវឌ្ឍ មូលធនមនុស្សនៅកម្ពុជាឱ្យកាន់តែទូលំ ទូលាយ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ជាក់ស្តែង តាមរយៈគម្រោងនានាដែលទទួល បានការគាំទ្រពីដៃគូអភិវឌ្ឍន៍ រួមមាន៖ គម្រោង «ជំនាញដើម្បីការងារកាន់តែប្រសើរ» ក្រោមធនាគារពិភពលោក (World Bank) SDFបានទទួលការគាំទ្រផ្នែក ហិរញ្ញប្បទានសរុបចំនួន ៥.០៨ លានដុល្លារអាម៉េរិក សម្រាប់បណ្តុះបណ្តាលដៃគូសមាគមធុរកិច្ចនៅ ក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក និងពង្រីកការគាំទ្រថវិកាអភិវឌ្ឍជំនាញ ដល់សិក្ខាកាមយ៉ាងហោចណាស់ចំនួន ២៥០០ នាក់។ គម្រោងនេះបានចាប់ផ្តើមនៅចុងឆ្នាំ២០២៤ ហើយនឹងបញ្ចប់ នៅឆ្នាំ២០២៩។
ស្របគ្នានេះ តាមរយៈគម្រោង «ជំនាញសម្រាប់ការប្រកួតប្រជែងដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) ក្នុងរយៈពេលចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៦ គម្រោងនេះបានផ្តល់ ថវិកាសម្រាប់ការបណ្តុះបណ្តាលចំនួន៧ លានដុល្លារអាម៉េរិក ដល់សិក្ខាកាមចំនួន ១៥ ៤០៧ នាក់ (ស្រី ៣៥%) តាមរយៈគម្រោងបណ្តុះបណ្តាលចំនួន ១០០ គម្រោង ផ្តោតលើវិស័យអាទិភាព រួមមាន៖ កម្មន្តសាល, សំណង់, អេឡិចត្រូនិក បច្ចេកវិទ្យាព័ត៌មាន (ICT) និងទេសចរណ៍ និងបដិសណ្ឋារកិច្ច»។
លោកបន្តថា «លើសពីនេះ ភាពជាដៃគូរបស់យើងនៅតែបន្តពង្រីកវិសាលភាពតាមរយៈគម្រោង «ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត» ដែលចាប់ផ្តើមពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០ គម្រោងនេះបន្តពង្រីកវិសាលភាពនៃការគាំទ្រ ដោយផ្តោតលើ គោលដៅ ទី២ ដែលផ្តោតលើវិស័យអាទិភាពរួមមាន៖ វាយនភណ្ឌ និងសម្លៀកបំពាក់ ដោយមានថវិកាគាំទ្រចំនួន ៩,៣ លានដុល្លារអាមេរិក និងផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមចំនួន ១៥ ០០០ នាក់ ក្នុងនោះស្រី ៦០% និង គោលដៅទី៣ ក្នុងវិស័យអាទិភាពរួមមាន៖ កម្មន្តសាល, សំណង់, ឌីជីថល, ទេសចរណ៍, ឧស្សាហកម្ម, យានយន្ត និងឧស្សាហកម្មអេឡិចត្រូនិក ដោយមានថវិកាសម្រាប់ការបណ្តុះបណ្តាលចំនួន ៧លានដុល្លារ និងផ្តល់ការបណ្តុះបណ្តាលដល់សិក្ខា កាមយ៉ាងហោចណាស់ ៧ ០០០ នាក់ នោះស្រី ៣៥%»។
លោកមានប្រសាសន៍ថា ការគាំទ្រ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយទាំងនេះ គឺជាកម្លាំងចលករដ៏សំខាន់ដែលអនុញ្ញាតឱ្យ SDF សម្រេចបាននូវគោលដៅអភិវឌ្ឍជំនាញ ធនធានមនុស្សនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការងារដែលកំពុងរីកចម្រើន៕