(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីក្លែងបន្លំ Telegram សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលបានធ្វើការឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា យោងតាមបញ្ជាដឹកនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីក្លែងបន្លំគណនីតេឡេក្រាមថ្នាក់ដឹកនាំនានា ដើម្បីឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី មានទំហំទឹកប្រាក់ជាង៤ម៉ឺនដុល្លារ។

ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ភេទប្រុស ជនជាតិខ្មែរ ដែលជាអ្នកទទួលប្រាក់ ពីការឆបោកជនរងគ្រោះ។ តាមរយៈការស្រាវជ្រាវ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣រូបបន្ថែមទៀត ប្រុស០២រូប ជនជាតិរុស្សី និងស្រី០១រូប ជនជាតិខ្មែរ ដែលជាអ្នកធ្វើសកម្មភាពទទួលប្រាក់បន្តពីជនសង្ស័យខាងលើ និងបន្តប្តូរប្រាក់ជារូបិយប័ណ្ណអេឡិចត្រូនិច។

បច្ចុប្បន្នជនសង្ស័យ ០៤រូបខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សារធារណជនទាំងអស់ សូមប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ និងសូមពិនិត្យពិចារណាប្រភព នៃការផ្សព្វផ្សាយអំពីការវិនិយោគតាមអនឡាញផ្សេងៗ ឲ្យបានហ្មត់ចត់ជាមុន ចៀសវាងការខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិដោយប្រការណាមួយ៕