(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំសំណេះសំណាលជាមួយបុគ្គលិកប្រចាំឆមាសទី១ ឆ្នាំ២០២៥នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលនៃធនាគារ ARDBស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញមានអ្នកចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញសរុបចំនួន ៣១៥នាក់។
នៅក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងបុគ្គលិកសាខាចល័តតាមបណ្តាខេត្ត។ លោកស្រី អ៊ឹង ពិសិដ្ឋណាលីន ប្រធាននាយកដ្ឋានធនធានមនុស្សនៃធនាគារ ARDB បានជម្រាបជូនពីភាពរីកចម្រើនរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មលោកស្រីថាឆ្នាំ២០១៤យើងមានបុគ្គលិកចំនួន៦៧នាក់ ហើយនៅឆ្នាំ២០២៥យើងមានបុគ្គលិករហូតដល់៣៩៣នាក់។
លោកស្រីលើកឡើងថាការរីកចម្រើននេះ អាស្រ័យដោយធនាគារ ARDB មានថ្នាក់ដឹកនាំដែលមានគោលដៅ និងយុទ្ធសាស្រ្តច្បាស់លាស់ រួមនឹងបុគ្គលិកដែលពោរពេញដោយសមត្ថភាព ជំនាញនិងមានភាពទន់ភ្លន់ក្នុងការបំពេញការងារ។
មានប្រសាសន៍សំណេះសំណាលជាមួយបុគ្គលិកនាឱកាសនោះ បណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារនិងភារកិច្ចយ៉ាងសកម្ម និងអស់ពីសមត្ថភាពបម្រើដល់ធនាគារ ARDB។
លោកបណ្ឌិតគូសបញ្ជាក់ថា យ៉ាងណាយើងចង់ឱ្យការផ្តល់ទុនកម្ចីមានការកើនឡើងលើសពី ៥០០លានដុល្លារ រហូតដល់១០០០ ឬ២០០០លានដុល្លារ។
ហើយលើសពីនេះធនាគារ ARDB ក៏បានចូលរួមក្នុងសកម្មភាពជាលក្ខណៈអន្តរជាតិនិងមានការទទួលស្គាល់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ដែរលោកបណ្ឌិតប្រតិភូ សូមលើកទឹកចិត្តឲ្យបុគ្គលិកទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពបន្ថែមទៀត ប្រកបដោយគុណធម៌ សីលធម៌ សុជីវធម៌ និងគោរពវិន័យឲ្យបានជាប់ជាប្រចាំផងដែរ៕