(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ការលុបបំបាត់ការជក់បារីអេឡិចត្រូនិច ឬ ស៊ីហ្សា និងការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) សំដៅធ្វើយ៉ាងណាឲ្យភូមិ សង្កាត់មានសុវត្ថិភាព។

ការណែនាំបែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនេះ ធ្វើឡើងដើម្បីដាក់ផែនការ ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អ ពិសេសគឺការបន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ការលុបបំបាត់ការជក់បារីអេឡិចត្រូនិច ឬ ស៊ីហ្សា (VAP) និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាព។

លោក ឃួង ស្រេង បានបន្តទៀតថា ការងារសព្វបែបយ៉ាង គឺសុទ្ធតែជាការងាររបស់អាជ្ញាធរខណ្ឌ បើបង្ក្រាបមិនបានគ្មាននរណាបង្ក្រាបបានទេ។ បញ្ហាគ្រឿងញៀន អាជ្ញាធរខណ្ឌត្រូវម្ចាស់ការធ្វើរៀងខ្លួន ដើម្បីបង្ក្រាបគ្រឿងញៀន ដែលការងារនេះ បើកម្លាំងមិនគ្រប់គ្រាន់ ត្រូវស្នើសុំ។ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នឹងរកថវិកាជួយទ្រទ្រង់ការងារនេះ ដើម្បីប្រតិបត្តិការឲ្យបានសកម្ម។ អាជ្ញាធរខណ្ឌទាំងអស់ ត្រូវរងចាំសហការជាមួយកម្លាំងទាំង២ប្រភេទ ក្នុងការបង្ក្រាបគ្រឿងញៀន។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា បើចង់ធ្វើអភិបាលខណ្ឌ ត្រូវតែនៅជាមួយប្រជាពលរដ្ឋជានិច្ចគ្មានគិតថ្ងៃសៅរ៍ និងអាទិត្យនោះទេ។ គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជារឿងដែលត្រូវបង្ក្រាបជាប្រចាំ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពិនិត្យតាមខុនដូ និងបុរី ដែលមានការសង្ស័យថា បាននិងកំពុងធ្វើសកម្មភាពឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ។

លោកអភិបាលរាជធានីបន្តទៀតថា ការងារខាងលើ គ្រប់ខណ្ឌ ត្រូវប្រជុំដាក់ផែនការ ទៅឲ្យមេភូមិ និងប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់សហការ ពលចាប់ពីពេលនេះតទៅ នឹងបន្តការរឹតបន្តឹងបន្ថែមទៀតលើការបង្ក្រាប។ ការជក់ស៊ីហ្សា នៅតាមសាលារៀន ត្រូវតែលុបបំបាត់ឲ្យអស់ សិស្សានុសិស្ស ជាទំពាំងស្នងឬស្សី។ ចំពោះអាជ្ញាធរខណ្ឌ ដែលមានទីតាំងជាកន្លែងសប្បាយភាព ត្រូវចុះពិនិត្យមើលជាប្រចាំ ត្រូវយកស្លាកសញ្ញាដាក់ ហាមជក់បារីអេឡិចត្រូនិច ឬ ស៊ីហ្សា (VAP) ទៅបិទតាមហាងនានា នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅហាងបារាំង។

ក្នុងនោះ លោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះបញ្ហាគ្រឿងញៀន នៅតែជាបញ្ហាប្រឈម ដោយក្រុមជនល្មើសបានធ្វើសកម្មភាពផ្លាស់ប្តូរគ្រប់រូបភាព ដែលសមត្ថកិច្ចក៏ពិបាកក្នុងការបង្ក្រាប ដូចជាករណីខ្លះការជួញដូរគ្រឿងញៀន រាប់គីឡូក្រាម ពួកគេប្រើរូបភាព ដោយយកគ្រឿងញៀនទៅដាក់នៅគោលដៅមួយ ហើយពួកគេប្រើឡុកខេសិន ប្រាប់ពីទីតាំងនោះ ចំពោះទឹកប្រាក់ទិញគ្រឿងញៀននោះវិញ ពួកគេវេរតាមវិធីផ្សេងៗ៕