(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចូលរួមចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល ដែលលើកកម្ពស់ប្រតិបត្តិការ ទូទាត់ក្នុងប្រទេស និងការទូទាត់ឆ្លងដែន ក្នុងវេទិកាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ឆ្លងដែនលើកទី៣២ (CSIF)។
ក្នុងវេទិកាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ឆ្លងដែនលើកទី៣២ (CSIF) និងជាវាគ្មិនក្នុងកិច្ចពិភាក្សា ស្តីពី តើអាស៊ាន+៣ អាចជំរុញការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលឱ្យកាន់តែរីកចម្រើនបន្ថែមទៀតយ៉ាងដូចម្តេច? លោកស្រីបណ្ឌិត ជា សិរី បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា គន្លឹះ លើប្រធានបទ «តើប្រទេសកំពុងអភិវឌ្ឍអាចជំរុញ ការអភិវឌ្ឍឱ្យឆាប់រហ័ស និងអភិវឌ្ឍទីផ្សារបានយ៉ាងដូចម្តេច?» ផងដែរ។
លោកស្រីបណ្ឌិត ជា សិរី បានចូលរួម បានចែករំលែកបទពិសោធនៃ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល ប្រកបដោយនវានុវត្តន៍ ជាពិសេសប្រព័ន្ធបាគងដែលបានលើកកម្ពស់ប្រតិបត្តិការទូទាត់ក្នុងប្រទេស និងពង្រីកលទ្ធភាពនៃការទូទាត់ឆ្លងដែន ជាមួយប្រទេសជាច្រើន ព្រមទាំងការអភិវឌ្ឍកម្មវិធីទូទាត់បាគងទេសចរ ដើម្បីសម្រួលដល់ភ្ញៀវទេសចរ ក្នុងការប្រើប្រាស់កម្មវិធី ក្នុងទូរស័ព្ទដៃដើម្បីស្កេនទូទាត់ថ្លៃទំនិញ និងសេវានៅកម្ពុជា និងប្រទេសជាដៃគូ បានយ៉ាងងាយស្រួល។
បន្ថែមលើនេះលោកស្រីបណ្ឌិត បានលើកឡើងពី កិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា ជាមួយដៃគូអន្តរជាតិជាច្រើន ក្នុងការអភិវឌ្ឍគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) ដើម្បីសម្រួលដល់សកម្មភាពពាណិជ្ជកម្មនិងហិរញ្ញវត្ថុឆ្លងដែន ពន្លឿនការតភ្ជាប់ការទូទាត់ឆ្លងដែន និងបង្កើនប្រសិទ្ធភាពនៃការទូទាត់ឆ្លងដែនពហុភាគី សំដៅជំរុញបរិយាបន្នហិរញ្ញវត្ថុ និងនវានុវត្តន៍ក្នុងសេវាហិរញ្ញវត្ថុ ដែលនឹងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕