(ព្រះវិហារ)៖ មិនបង្អង់យូរក្រោយទទួលបានដំណឹងភ្លាម អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងា​រ​សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចុះជួបសំណេះសំណាលផ្ទាល់ និង​ជូន​ថវិកា​មួយចំនួនទាំងយប់​ ដល់​​វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដែលដេញកងទ័ពថៃឈ្លានពាន ចេញពីទឹកដីកម្ពុជានៅចំណុចភ្នំខ្មោច កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។

ការចុះជួប​វីរកងទ័ពកម្ពុជា​នៅចំណុចភ្នំខ្មោចនេះ គឺបង្ហាញពី ទឹកចិត្តរបស់សមរភូមិក្រោយ ភ្ជាប់ជាមួយវីរកងទ័ពជួរមុខ ក្នុងការពារបូរណភាពទឹកដីកម្ពុជា។ ​ការចុះ​ដល់សមរភូមិផ្ទាល់​របស់ក្រុមការងារយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងការណែ​នាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលអ្នកឧកញ៉ាតែងតែបានគិតគូរ និងបង្ហាញនូវការគោ​រពស្រឡាញ់ដល់ទឹកចិត្ត និងវីរភាពរបស់បងៗកងកម្លាំងការពារជាតិរបស់យើងគាំទ្រកងទ័ពជួរមុខកម្ពុជាដ៏អង់អាច ក្នុងន័យបង្ហាញពីខឿនការពារជាតិ។

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បាននាំនូវសារផ្តាំផ្ញើសួរសុខទុក្ខរបស់អ្នកឧកញ៉ាប្រធាន ជូនដល់បងៗកងទ័ពផងដែរ។ លើសពីនេះ បានសម្តែងនូវការកោតសរសើខ្ពស់ចំពោះស្មារតីតស៊ូ អង់អាចក្លាហានប្រកបដោយវីរៈភាពរបស់នាយ នាយរង និងពលទាហានទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារមាតុភូមិ ការពារ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ថ្មីៗនេះ បានទៅដល់​តំបន់ភ្នំខ្មោច ដែលជាសមរភូមិកំពុងក្តៅជាប់បន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើម្ហូប​សម្លម្ជួរគ្រឿងសាច់គោ ត្រីផ្ទក់អាំងស្វាយខ្ចី និងស្បៀងជូនដល់បងៗកងទ័ពជួរមុខ ដែលកំពុង​ឈរជើង​ការពារ​យ៉ាងរឹងមាំ​នៅ​សមរភូមិ​មុខ​ ដើម្បី​បុព្វហេតុ​ការពារ​អធិបតេយ្យជាតិ បូរណភាព​ដែនដី និង​សុខសន្តិភាព ជូន​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ វីរកងទ័ពជួរមុខកម្ពុជា​ បានតស៊ូយ៉ាងអង់អាចក្លាហាន​ និងអត់ធ្មត់ខ្ពស់បំផុត ក្នុងការពារបូរណភាពទឹកដី ដោយបានដេញកងទ័ពថៃឈ្លានពាន ឲ្យត្រលប់ទៅវិញ នៅចំណុចភ្នំខ្មោច។ ប្រជាជនខ្មែរ បានកោតសរសើរ​ ចំពោះវីរភាពអង់អាចក្លាហាន​ និងអត់ធ្មត់ខ្ពស់បំផុត របស់កងកម្លាំងជួរមុខកម្ពុជា​៕