(ភ្នំពេញ)៖ មន្ត្រីនគរបាលចរាចរណ៍៣រូប ត្រូវបានបណ្តេញចេញពីក្របខណ្ឌ ព្រោះតែល្មើសនឹងវិន័យរបស់កងកម្លាំង។
មន្ត្រីនគរបាលទាំង៣រូបនេះរួមមាន៖
១. អនុសេនីយ៍ឯក ហ៊ុល សុវណ្ណរតនៈ
២. អនុសេនីយ៍ឯក ម៉ន សារ៉ន និង
៣. អនុសេនីយ៍ឯក ឈន តុលា។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ត្រីនគរបាលទាំង៣រូបនេះ ឈរជើងគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ពួកគេត្រូវបានយកមកបញ្ឈរជើងមួយរយៈ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ។ ពេលនេះ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ។
ស្នងការដ្ឋានរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា អនុវត្តតាមគោលការណ៍ដឹកនាំ បញ្ជា របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រាល់មន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបំពេញភារកិច្ច អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ដែលបានស្រាវជ្រាវរកឃើញពិតជាប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមិនដែលទុកចោលនោះទេ ត្រូវអនុវត្តវិធានការតាមគោលការណ៍ច្បាប់របស់កងកម្លាំងនគរបាលជាតិ ជាក់ស្តែងស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ អនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិជាបន្តបន្ទាប់មកហើយ ដោយអនុវត្តក្រោមរូបភាពកម្រិតកំហុសឆ្គងរួមមាន៖ការអប់រំនិងធ្វើកិច្ចសន្យា ,ការបញ្ឈរជើងផ្អាកការងារបណ្តោះអាសន្ន ,ការចេញលិខិតព្រមានលើកទី១ ,ការកាត់បន្ថយឋាន្តរស័ក្តិ ដកហូតមុខដំណែង ប្ញផ្ទេរភារកិច្ច និងការបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ៕