(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ថេត កក្កដា អនុប្រធានដេប៉ាតឺម៉ង់ នីតិសាស្រ្ត តំណាងព្រឹទ្ធបុរសមហាវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានដឹកនាំនិស្សិតជំនាញ រដ្ឋបាលសាធារណៈ និងនីតិសាស្រ្ត ចំនួន ៤៥អង្គ/នាក់ ទស្សនកិច្ចសិក្សានៅក្រសួងមុខងារសាធារណៈ។

ទស្សនកិច្ចសិក្សានេះធ្វើឡើងក្នុងគោលបំណងរួមមាន៖ ស្វែងយល់ពីតួនាទី និងភារកិច្ចរបស់ក្រសួងមុខងារសាធារណៈ, ការកែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈនៅកម្ពុជា, ផ្តល់នូវបទពិសោធ និងចំណេះដឹងថ្មីៗ ជូនដល់និស្សិត, ផ្សារភ្ជាប់ការសិក្សាទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែង, ទស្សនាកន្លែងបំពេញការងារសំខាន់ៗរបស់ក្រសួងមុខងារសាធារណៈ។

នៅក្នុងដំណើរទស្សនកិច្ចនេះលោក ប្រាក់ ប្រានីដ្ឋា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានចាត់ទុកថា ការជ្រើសរើសយកក្រសួងមុខងារសាធារណៈដើម្បីធ្វើទស្សនកិច្ចសិក្សារបស់សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប គឺជាការបង្ហាញពីការចង់ចេះចង់ដឹងអំពីកិច្ចការងារជាក់ស្តែង និងភាពប្រទាក់ក្រឡាគ្នា ក្នុងវិស័យមុខងារសាធារណៈនៅកម្ពុជា និងបានបញ្ជាក់បន្ថែមថា ការទស្សនកិច្ចសិក្សាដោយផ្ទាល់ជាការក្រេបយកចំណេះដឹងបន្ថែមទៀតនៃការអនុវត្តជាក់ស្តែង បន្ថែមពីលើការសិក្សាជាមេរៀននៅថ្នាក់រៀន។

ជាមួយគ្នានោះលោក ប្រាក់ ប្រានីដ្ឋា បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងការកែទម្រង់ប្រព័ន្ធរដ្ឋបាលនៅកម្ពុជាជូនដល់សមណនិស្សិត និងនិស្សិតផងដែរ។

នាឱកាសនោះដែរលោក ឡេង សុភ័ក្ត្រ ប្រធាននាយកដ្ឋានធនធានមនុស្សនៃក្រសួងមុខងារសាធារណៈ បានដឹកនាំទស្សនាកន្លែងបំពេញការងារសំខាន់ៗ របស់ក្រសួងមុខងារសាធារណៈផងដែរ៕