(ស្ទឹងត្រែង)៖ កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ មានការចែកចាយរូបភាពរបស់ស្ត្រីម្នាក់ ដោយបើកបរម៉ូតូទៅសម្រាលកូនដោយខ្លួនឯងហើយមិនឃើញមានប្តី និងសាច់ញាតិជូនទៅមន្ទីរពេទ្យនោះទៅមណ្ឌលសុខភាពថាឡាបរីវ៉ាត់ បានទទួលការអាណិតអាសូរជាច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គម។

ស្រ្តីរូបនោះមានឈ្មោះ សារិ សូភី អាយុ២៧ឆ្នាំ រស់នៅភូមិវាលខ្សាច់ ឃុំថាឡាបរីវ៉ាត់ ស្រុកថាឡាបរីវ៉ាត់ ហើយនេះជាការសម្រាលកូនទី៦របស់គាត់។

ស្រ្តីរូបនេះ បានសម្រាលកូនស្រី ដែលមានទម្ងន់រហូតដល់៣.៥គីឡូក្រាម តែសុខភាពទាំងម្តាយ និងកូនមានភាពល្អប្រសើរ ក្រោមការជួយ និងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។

រូបភាពដ៏សង្វេគរបស់ស្ត្រីខាងលើ បានទទួលការអាណិតអាសូរយ៉ាងខ្លាំងពីមហាជននៅតាមបណ្តាញសង្គម ព្រោះតែគាត់ ត្រូវបើកម៉ូតូកញ្ចាស់មួុយគ្រឿង ទៅឆ្លងទន្លេខ្លួនឯង ដែលស្ទើរមិនជឿនោះឡើយ។ តែក្រោយទៅដល់មន្ទីរពេទ្យ និងកើតបានកូនប្រុសម្នាក់ ទើបប្រហែល២ម៉ោងក្រោយ ឃើញប្តីរបស់គាត់ទៅមើលដល់ពេទ្យ។

បើតាមប្រសាសន៍ លោក ម៉ែន គង់ នាយករងរដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថាក្រោយទទួលបានព័ត៌មានរបស់ស្ត្រីខាងលើ ថ្នាក់ដឹកនាំស្រុកថាឡាបរីវ៉ាត់ បានជួយសម្របសម្រួលភ្លាមៗ និងបានកំពុងបន្តយកចិត្តទុកដាក់ពីស្ថានភាពសុខភាពទាំងម្ដាយ និងទារកផងដែរ។

លោក បានបញ្ជាក់ថា អាជ្ញាធរខេត្តស្ទឹងត្រែង តែងតែចុះពន្យល់ណែនាំដល់ក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាព ដើម្បីផ្ដល់សេវាសម្រាលប្រកបដោយវិជ្ជាជីវៈ។

ជាពិសេស ថ្នាក់ដឹកនាំ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋមកទទួលការសម្រាលនៅមណ្ឌលសុខភាពឱ្យបានច្រើនផងដែរ៕