(កំពង់ឆ្នាំង)៖ លោកស្រីចរណាភិរ័ក្ខសិរីសទ្ធា ទិត មាលា ញាណ ឡេង និងក្រុមគ្រួសារ រួមញាតិព្រះធម៌ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ បាននាំយកទេយ្យទាន និងទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃចំនួន ១០វត្ត នៅស្រុកកំពង់ត្រឡាច ដែលពិធីនេះបានធ្វើឡើងនៅវត្តចំបុីមាលារតនារាម ស្ថិតនៅក្នុងឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន បច្ច័យដល់ព្រះសង្ឃនាពេលនេះ ដើម្បីឧទ្ទិសកុសលជូនចំពោះលោក ញាណ ឡេង ព្រមទាំង មាតា បិតា ជីដូន ជីតា ញាតិការទាំងប្រាំពីរ សណ្តាន ដែលបានចែកឋានទៅហើយនោះ។

ទេយ្យទាន និងបច្ច័យ ដែលបានប្រគេនចំពោះព្រះសង្ឃក្នុង ១វត្តៗរួមមាន៖ អង្ករ ១បាវ ទឹកសុទ្ធ ៤កេស ទឹកក្រូច ៤កេស ប៊ីចេង ២គីឡូក្រាម អំបិល ៥គីឡូក្រាម ទឹកត្រី ២យួរ ទឹកសុីអុីវ ២យួរ ប្រេងឆា ៥លីត្រ សាប៊ូម្សៅ ៥គីឡូក្រាម ខ្ទឹមស ២គីឡូក្រាម ស្ករស ៥គីឡូក្រាម តែ ០.៥០គីឡូក្រាម មី ៤កេសតូច ត្រីខ ១កេសធំ ទឹកដោះគោស្រស់ ១កេស ទានវស្សាតូច ១គូរ ធូប ១ដុំ និងបច្ច័យកសាង ២០មុឺន និងបច្ច័យបួន ២០មុឺន រួមនិងបច្ច័យបួនសម្រាប់ភិក្ខុសង្ឃវត្តចំប៉ា និងចំបុីក្នុង ១អង្គ ចំនួន ២មុឺនរៀល។

សូមបញ្ជាក់ដែរថា តាមទំនៀមទំលាប់ជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សា អស់ថេរវេលា ៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាឍ តទៅ។ ពាក្យថា (វស្សា) ប្រែថា (ភ្លៀង ឬរដូវភ្លៀង) ដែលមានកំណត់រយៈពេល៣ខែ រាប់ពីថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែកត្តិក។

ក្នុងរយៈពេល៣ខែនេះ នៅគ្រប់ព្រះវិហារទាំងឡាយ តែងរក្សាភ្លើងទៀនព្រះវស្សាធ្វើពីក្រមួនឲ្យឆេះជានិច្ច តែបច្ចុប្បន្ននេះដោយសាក្រមួនពុំសូវសំបូរគេនិយមគេប្រើប្រេងជំនួសវិញ។ ជួនកាលមានព្រះសង្ឃខ្លះ ពុំបានចូលព្រះវស្សា តាមកំណត់កាលវេលា ៣ខែ ដោយមានធុរៈអ្វីមួយ ឬដោយរោគាពាធិនោះ លោកអាចចូលបច្ឆិមិកវស្សាបាន គឺលោកចូលនៅថ្ងៃ១រោជ ខែស្រាពហើយត្រូវគិតវស្សាឲ្យគ្រប់៣ខែ ដូចព្រះសង្ឃ ដែលចូលមុនគឺត្រូវចេញវិញ នៅថ្ងៃ១រោជ ខែកត្តិក៕