(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំ​បុណ្យផ្កាយ TANABATA 2025 ដើម្បីបង្ហាញវប្បធម៌ប្រពៃណីបុណ្យតាណាបាតាទៅកាន់ប្រជាជនកម្ពុជា និងជំរុញទំនាក់ទំនងល្អរវាងប្រទេសពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ពិធីដ៏ពិសេសនេះដែរ មានការចូលរួមពី លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា លោក ណាហ្គាសិ កេនស៊ូកិ ឧបទូត និងជាអនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា រួមនឹងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នជាតិកម្ពុជាជាច្រើនរូបទៀត។

លោក ណាហ្គាសិ កេនស៊ូកិ បានលើកឡើងថា ពិធីបុណ្យផ្កាយ ឬតាណាបាតា គឺជាកម្មវិធីវប្បធម៌ប្រពៃណីជប៉ុន ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី៧ ខែកក្កដា ជារៀងរាល់ឆ្នាំ។ នៅថ្ងៃតាណាបាតាប្រជាជនជប៉ុនជឿថា បំណងប្រាថ្នារបស់ពួកគេ នឹងបានសម្រេច ប្រសិនបើពួកគេសរសេរបំណងប្រាថ្នារបស់ ខ្លួននៅលើក្រដាសពណ៌ ហើយចងព្យួរទៅនឹងមែកឬស្សីជាមួយគ្រឿងលម្អនៃតាណាបាតាជាច្រើន។ នៅកម្ពុជា ពិធីបុណ្យផ្កាយឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) មូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញ រួមជាមួយស្ថានទូតជប៉ុន។

លោកបានបន្ដថា ជប៉ុន និងកម្ពុជា កំពុងពង្រឹងការផ្លាស់ប្តូរវប្បធម៌ក្រោម «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នឹងមានព្រឹត្តិការណ៍ដ៏គួរឱ្យរំភើប ជាច្រើនទៀតដូចជា មហោស្រពភាពយន្តជប៉ុន និងមហោស្រពគីហ្សូណា ដូច្នេះសូមរង់ចាំតាមដានសកម្មភាពវប្បធម៌របស់យើង។
លើសពីនេះពិព័រណ៍ពិភពលោក Expo 2025 Osaka, Kansai ប្រទេសជប៉ុន កំពុងប្រព្រឹត្តទៅនៅប្រទេស ជប៉ុនរហូតដល់ថ្ងៃទី១៣ ខែតុលា ហើយខ្ញុំបានឮថាពន្លាកម្ពុជា បានទាក់ទាញអ្នកទស្សនាជាច្រើនដោយភាពពិសេសរបស់កម្ពុជា។ នៅថ្ងៃទី៥ ខែកក្កដា ជាថ្ងៃសម្រាប់កម្ពុជា ក្នុងពិព័រណ៍ពិភពលោក ហើយមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

ជាមួយគ្នានេះ លោកស្រី ប៉ែន មុនីមករា បានថ្លែងថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការអបអរសាទរនោះទេ។ ប៉ុន្តែគឺស្ពានផ្សាភ្ជាប់រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។ ហើយក៏ជានិមិត្តសញ្ញា ដែលកើតចេញពីចំណងនៃក្តីស្រឡាញ់ សន្តិភាព និង ការគោរពវប្បធម៌គ្នាទៅវិញទៅមក។ វាគឺជាផ្សព្វផ្សាយតម្លៃរួម ដែលបង្រួបបង្រួមប្រជាជនយើង។ ហើយជាមួយនឹងការបង្កើនទំនាក់ទំនងនៃប្រជាជាតិរបស់យើងទៅរកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ យើងចាប់ផ្តើមជំពូកថ្មីដ៏ជោគជ័យមួយ ដែលពោរពេញទៅដោយឱកាសការរីកចម្រើនរួមគ្នា និងមិត្តភាពដ៏យូរអង្វែង។

លោកស្រី ប៉ែន មុនីមករា បានបន្ដថា ស្របពេលនឹងការរីករាយទស្សនានូវការបង្ហាញនិងការសម្តែងដ៏រស់រវើក សូមអញ្ជើញអ្នកទាំងអស់ គ្នាព្យាយាមស្តាប់នូវចង្វាក់បេះដូងរួមគ្នាដែលកើតចេញពីការសម្តែងវប្បធម៌ប្រទេសទាំងពីរ។ ក្រុមសិល្បៈខ្មែរនិងជប៉ុនបានមកចែករំលែកទេពកោសល្យ និងរឿងរ៉ាវរបស់ពួកគេ។ លោកស្រី ក៏សូមអំពាវនាវដល់យុវជនរបស់យើងឱ្យចាប់យកឱកាសនានេះ ដើម្បីស្វែងយល់ឱ្យច្បាស់អំពីព្រឹត្តិការណ៍ រៀនអ្វីដែលថ្មី និងឈានទៅរកការបង្កើតមិត្តភាពដ៏យូរអង្វែង។

ជាថ្មីម្ដងទៀត លោកស្រី ប៉ែន មុនីមករា បានបញ្ជាក់ថា ព្រឹត្តិការណ៍ TANABATA បន្តបញ្ចេញពន្លឺដែលប្រៀបដូចទៅនឹងការសហការរបស់ប្រទេសទាំងពីរ។ ជារៀងរាល់ឆ្នាំ ខ្ញុំមានក្តីសោមនស្សអំពីរបៀបនៃការជួបជុំនេះនាំយើងឱ្យកាន់តែជិតស្និទ្ធ ដែលមិន ដែលពោរពេញទៅដោយគំនិតច្នៃប្រឌិតនិងក្តី ត្រឹមតែក្នុងវិស័យការទូតនិងការអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងការផ្សាភ្ជាប់ផ្នែកស្មារតីនិង ការទំនាក់ទំនងគ្នា។ យុវជនជំនាន់ក្រោយរបស់យើង សង្ឃឹម គឺជាអ្នកនាំយកចំណងនេះបន្តទៅថ្ងៃអនាគត។ យើងមិនត្រឹមតែអបអរសាទរនូវអ្វីដែលយើង បានសាងរួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែជាអ្វីដែលយើងប៉ងប្រាថ្នា។ ហើយសូមឱ្យផ្កាយនៃ TANABATA តែង តែដឹកនាំយើងឆ្ពោះទៅរកផ្លូវសន្តិភាព ឯកភាព និងជោគវាសនារួមគ្នា៕