(ត្បូងឃ្មុំ)៖ លោក ឆេង គឹមស៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅក្នុងកិច្ចប្រជុំក្រុមការងារការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលស្រុកអូររាំងឪ ព្រមទាំងសមាសភាព ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ច បានយ៉ាងល្អប្រសើរប្រកបដោយ ស្មារតីទទួលខុសត្រូវ សម្រេចបានសមិទ្ធផលនានាជាច្រើនគួរឱ្យកត់សម្គាល់។

ជាមួយគ្នានេះ លោកបានជំរុញឱ្យក្រុមការងារគ្រប់ថ្នាក់ បន្តសហការជាមួយរដ្ឋាបាលស្រុក និងអាជ្ញាធរមូលដ្ឋាន តំណាងឱ្យរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដើម្បីបម្រើប្រជាជន និងដោះស្រាយបញ្ហាក្នុងមូលដ្ឋាន ដើម្បីធានាការអភិវឌ្ឍឱ្យកាន់តែមានការរីកចនម្រើន។

ជាមួយគ្នានេះ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪ ក៏បានផ្តល់អនុសាសន៍មួយចំនួន ដល់រដ្ឋបាលស្រុក ក្នុងការងារពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចសង្គម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពស់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕