(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា, អាជ្ញាធរ, លោកគ្រូ-អ្នកគ្រូ រួមទាំងសិស្សានុសិស្សជាច្រើនរូប នាំគ្នាដាំដុះកូនឈើនៅអនុវិទ្យាល័យជ្រាប់ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីចូលរួមថែរក្សាការពារបរិស្ថាន ជាមួយរាជរដ្ឋាភិបាល តាមរយៈការដាំដុះកូនឈើ និងការប្រែក្លាយតំបន់ផ្សេងៗ ឱ្យមានទេសភាពស្រស់បំព្រង ជាម្លប់ និងជាកេរ្ដិ៍ដំណែលដល់អ្នកជំនាន់ក្រោយ។
ពិធីដាំដុះកូនឈើនេះ រៀបចំឡើងក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិ នៅក្នុងពិធីដាំកូនឈើ (ដើមធ្នង់២៥០ដើម) និងការជួប ជុំលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សនៃអនុវិទ្យាល័យជ្រាប់ នៅអនុវិទ្យាល័យជ្រាប់ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។
លោកស្រីបណ្ឌិត ជា សិរ បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងមោទនភាពក្រៃលែង ចំពោះការចូលរួមយ៉ាងកុះករ ពីសំណាក់អាជ្ញាធរ ជាពិសេសសិស្សានុសិស្ស នៃអនុវិទ្យាល័យជ្រាប់ ក្នុងកម្មវិធីដាំដើមធ្នង់ ដែលនេះគឺជាសកម្មភាពនៃការចូលរួម អបអរសាទរពិធី «រុក្ខទិវា» និងជាសក្ខីភាពនៃការបណ្តុះស្មារតីស្រលាញ់ថែរក្សាដើមឈើ ព្រៃឈើ ដែលជាមរតកជាតិរបស់យើង ព្រមទាំងជាការជំរុញលើកទឹកចិត្ត ដល់ពលរដ្ឋទូទៅ ឱ្យចូលរួមថែរក្សាការពារបរិស្ថានជាមួយរាជរដ្ឋាភិបាល តាមរយៈការដាំដុះ និងប្រែ ក្លាយផ្ទះ សាលារៀន វត្តអារាម និងតំបន់មូលដ្ឋានភូមិ-ឃុំ ឱ្យមានទេសភាពស្រស់បំព្រង ខៀវស្រងាត់ ផ្ដល់ជាម្លប់ត្រឈឹងត្រឈៃ និងជាកេរ្ដិ៍ដំណែលដល់អ្នកជំនាន់ក្រោយ។
លោកស្រីបណ្ឌិតលើកឡើងបន្ថែមថា ការអភិវឌ្ឍនៃប្រទេសនីមួយៗ គឺអាស្រ័យលើធនធានសំខាន់ពីរប្រភេទគឺ ធនធានធម្មជាតិ និងធនធានមនុស្ស។ ធនធានទាំងពីរប្រៀបដូចជាបេះដូង និងខួរក្បាលមួយជួយរក្សាជីវិត ហើយមួយទៀតជំរុញឱ្យមានការ រីកចម្រើន ធនធានធម្មជាតិ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសុខុមាលភាពសង្គម។
ដូច្នេះយើងត្រូវការពារអ្វីដែលយើងមានដាំឱ្យបានច្រើន និងប្រើប្រាស់ឱ្យបានឆ្លាតវៃនូវអ្វីដែលធម្មជាតិផ្តល់ឱ្យយើង ធនធានមនុស្ស គឺជាម៉ាស៊ីនជំរុញការអភិវឌ្ឍន៍ សេដ្ឋកិច្ច។ អនាគតរបស់ប្រទេសជាតិ មិនអាស្រ័យតែលើធនធានធម្មជាតិទេ ប៉ុន្តែវាអាស្រ័យលើសមត្ថភាព ជំនាញ និងភាពច្នៃ ប្រឌិតរបស់ប្រជាពលរដ្ឋផងដែរ។
លោកស្រីបណ្ឌិតបានអំពាវនាវ ដល់អាជ្ញាធរស្រុក ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស បន្ត សកម្មភាពដ៏ថ្លៃថ្លាទាំងនេះ ដើម្បីជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល ដោយប្រកាន់ខ្ជាប់នូវទស្សនទានរួមមួយគឺ ដាំដើមឈើ និងការពារព្រៃឈើ ជាការជួយខ្លួនឯង ការបង្កើនធនធានធម្មជាតិដែលមាន តម្លៃសម្បុរគ្រប់យ៉ាង ធានាបានជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជារាស្ត្រ ដែលអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពពី គ្រោះធម្មជាតិ ទាំងជាក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ។
ឆ្លៀតក្នុងឱកាសនេះលោកស្រីបណ្ឌិត ជា សិរី បានប្រកាសផ្ដល់ជូនអគារសិក្សាថ្មី១ខ្នង មាន៥បន្ទប់ និងជួយជុសជុល អគារសិក្សា២ខ្នង មាន៦បន្ទប់ ដែលមានសភាពចាស់ទ្រុឌទ្រោមឱ្យថ្មីឡើងវិញ ដើម្បីបំពេញតម្រូវការកើនឡើង របស់សិស្សានុសិស្ស នៅក្នុងអនុវិទ្យាល័យជ្រាប់។
ទន្ទឹមនេះលោកស្រីបណ្ឌិត តំណាងធនាគារជាតិនៃកម្ពុជា ក៏បាននាំយកនូវអំណោយ និង ប្រាក់ឧបត្ថម្ភដើម្បីចែកជូនលោកគ្រូ-អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៃអនុវិទ្យាល័យជ្រាប់ សរុបប្រមាណ២២៨នាក់រួមមាន៖ ប្រាក់ឧបត្ថម្ភអនុវិទ្យាល័យជ្រាប់ ចំនួន២លានរៀល, លោកគ្រូ-អ្នកគ្រូ២៥នាក់ ក្នុងម្នាក់ទទួលបានថវិកា៥ម៉ឺនរៀល និងសិស្សានុ សិស្សចំនួន២០៣នាក់ ក្នុងម្នាក់ទទួលបានសម្ភារៈសិក្សា១ឈុតមាន៖ សៀវភៅ ២ក្បាល, ប៊ិច២ដើម, ខ្មៅដៃ២ដើម, ជ័រលុប១, ប្រដាប់ខួង ខ្មៅដៃ១ និងបន្ទាត់១ដើម៕