(ភំ្នពេញ)៖ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ លោក-លោកស្រី នាយករងមន្ទីរទទួលផែន លោកនាយការិយាល័យទាំង១១ក លោក-លោកស្រីនាយរងការិយាល័យ លោក-លោកស្រីនាយ-នាយរងផ្នែកនិងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។
ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មានប្រសាសន៍ថា ផ្អែកតាមលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន នៅខែមិថុនា ឆ្នាំ២០២៥នេះ ស្ថានភាពជាទូទៅនៃបទល្មើសគ្រឿងញៀន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពុំទាន់មានសញ្ញាណថមថយនៅឡើយទេ ហើយស្ថានភាពប្រើប្រាស់គ្រឿងញៀនបច្ចុប្បន្ន មានការប្រើប្រាស់នៅតាមទីតាំងមួយចំនួន ដូចជាក្លិបកំសាន្ត ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ និងតាមតំបន់មិនរៀបរយមួយចំនួន។ល។ ព្រមទាំងមានការបន្តលួចលាក់នាំចូលគ្រឿងញៀន និងនៅតែមានការលួចលាក់កែច្នៃ-ផលិតគ្រឿងញៀនទ្រង់ទ្រាយតូចៗទៀតផងដែរ។
លោកឧត្តមសេនីយ៍ឯក នាយកមន្ទីរប្រឆាំងគ្តឿងញៀន ក៏បានកោតសរសើរដល់មន្រ្តីក្នុងការិយាល័យទាំង១១ ដែលមានការសាមគ្គីភាពផ្ទៃក្នុង, អនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនបានល្អ ពិសេសអនុវត្តតាមគោលការណ៍តាមបញ្ជាថ្នាក់ដឹកនាំ និងបានអនុវត្តយ៉ាងខ្ចាប់ខ្ជួន តាមវិន័យនគរបាលជាតិកម្ពុជា។
ក្នុងកិច្ចប្រជុំនោះដែរ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានដាក់ទិសដៅបន្តជំរុញឱ្យថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ នៃមន្ទីរប្រឆាំងគ្រឿង ត្រូវបន្តយកចិត្តទុកដាក់ខិតខំបំពេញការងារឱ្យបានល្អ គោរពតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏ជាក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល។ ជាពិសេស ត្រូវគោរពនូវក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តឱ្យបានត្រឹមត្រូវតាមជំនាញនីតិវិធី និងច្បាប់៕