(ស៊ីឈួន-ចិន)៖ លោក លីនយូវយាន ប្រធានសមាគមជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា-ចិន (CCFCA) ប្រចាំប្រទេសចិន និងគណៈប្រតិភូ នាពេលថ្មីៗនេះ អញ្ជើញទៅទស្សនកិច្ចនៅវិទ្យាស្ថានភាពយន្ត និងទូរទស្សន៍ក្រុងស៊ីឈួន និងបានទៅទស្សនាមជ្ឈមណ្ឌលថតភាពយន្ត វប្បធម៌ និងច្នៃប្រឌិតស៊ីឈួន។ ភាគីទាំងពីរបានជជែកពិភាក្សាផ្លាស់ប្តូរយោបល់គ្នាជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យភាពយន្ត និងទូរទស្សន៍។
លោក លីនយូវយាន អមដំណើរដោយថ្នាក់ដឹកនាំនៃវិទ្យាស្ថានភាពយន្ត និងទូរទស្សន៍ស៊ីឈួន ក៏បានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលថតភាពយន្ត វប្បធម៌ និងច្នៃប្រឌិតស៊ីឈួន ដែលជាគម្រោងវិនិយោគរបស់វិទ្យាស្ថាន ក្នុងនោះលោកបានទៅទស្សនាតំបន់ស្ទូឌីយ៉ូ តំបន់ផ្លូវតាមសម័យកាលនីមួយៗ មជ្ឈមណ្ឌលសំលៀកបំពាក់និងឧបករណ៍ បណ្ណាល័យ និងសារមន្ទីរភាពយន្តជាដើម។ លោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការអភិវឌ្ឍរបស់វិទ្យាស្ថានភាពយន្ត និងទូរទស្សន៍ស៊ីឈួនដែលសម្រេចបាននាពេលកន្លងមក។
បន្ទាប់ពីទស្សនារួច ភាគីទាំងពីរ បានជួបប្រជុំ និងពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យភាពយន្ត និងទូរទស្សន៍, លោកនាយក លួស៊ឺ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រធានសមាគមជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា-ចិន ប្រចាំប្រទេសចិន ដែលបានមកទស្សនកិច្ចនៅវិទ្យាស្ថាននាថ្ងៃនេះ ហើយលោកសង្ឃឹមថា ឆ្នាំ២០២៥ ដែលជាឆ្នាំទេសចរណ៍ចិនកម្ពុជា យើងនឹងរួមសហការគ្នាបង្កើត «មូលដ្ឋានថតភាពយន្តខ្លីអន្តរជាតិចិន-កម្ពុជា» ព្រមទាំងជំរុញការកសាងច្រករបៀងវប្បធម៌នៃគម្រោងខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់។
លោក លីនយូវយាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំនៃវិទ្យាស្ថានភាពយន្ត និងទូរទស្សន៍ក្រុងស៊ីឈួន និងបានពណ៌នាលម្អិតអំពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជាលើវិស័យភាពយន្ត និងទូរទស្សន៍ វប្បធម៌ និងសិល្បៈ ទេសចរណ៍ ការអប់រំ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម។
លោកបញ្ជាក់ថា រូបលោកនឹងខិតខំសម្រេចឱ្យបាននូវការកសាងរួមគ្នាដែលភាគីទាំងពីរបានឯកភាពគ្នា ចំពោះការកសាង «មូលដ្ឋានថតភាពយន្តខ្លីអន្តរជាតិកម្ពុជា-ចិន» ព្រមទាំងឆ្លៀតឱកាសនោះ បានអញ្ជើញលោកនាយក លួស៊ឺ និងគណៈប្រតិភូមកទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដូចជាវិស័យភាពយន្ត និងទូរទស្សន៍វប្បធម៌ និងឧស្សាហកម្មទេសចរណ៍។
ភាគីទាំងពីរបានឯកភាពនូវគោលបំណងកិច្ចសហប្រតិបត្តិការមួយចំនួន ដូចជាការផលិតរួមគ្នាសម្រាប់រឿងភាគខ្លី កិច្ចសហប្រតិបត្តិការក្នុងកម្មវិធីសិល្បៈចម្រុះជាភាសាចិន និងការពង្រីកទីផ្សារវប្បធម៌ និងច្នៃប្រឌិតជាដើម ព្រមទាំងមានគម្រោងប្រើប្រាស់ «មូលនិធិស្ត្រី» ដើម្បីជំរុញការអភិវឌ្ឍន៍រួមគ្នានូវភាពយន្ត ទូរទស្សន៍ វប្បធម៌ និងទេសចរណ៍ដូចជាភាពយន្ត ទូរទស្សន៍ទាក់ទងនឹងប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ភ្នំព្រិលស៊ីលីង ទីក្រុងបុរាណអានរ៉ែន និងកន្លែងផ្សេងៗទៀត។
ដំណើរទស្សនកិច្ចរបស់សមាគមជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនលើកនេះ មិនត្រឹមតែជាការកសាងស្ពានចម្លងសម្រាប់ការផ្លាស់ប្តូរក្នុងវិស័យវប្បធម៌ ភាពយន្ត ទូរទស្សន៍ និងសិល្បៈ ចិន-កម្ពុជា ប៉ុណ្ណោះទេថែមទាំងជាគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតសម្រាប់ភាគីទាំងពីរផងដែរ។ វាក៏ឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំកម្ពុជា និងចិន ស្តីពីការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីគ្រប់រដូវកាល។ ភាគីទាំងពីរក៏នឹងបើកទំព័រអន្តរជាតិថ្មីមួយសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា លើវិស័យមនុស្សធម៌ សិល្បៈ ទេសចរណ៍ភាពយន្ត និងទូរទស្សន៍ សេដ្ឋកិច្ចឌីជីថលរបាំបុរាណខ្មែរ។
គួរបញ្ជាក់ផងដែរថា ក្នុងជំនួបប្រជុំនោះក៏មានការអញ្ជើញចូលរួមពីលោក ចាងប៉ូ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ឧស្សាហកម្មនៃគណៈកម្មាធិការគ្រប់គ្រងនៃតំបន់ទេសចរណ៍វប្បធម៌ និងទេសចរណ៍ស៊ីលីង នៃទីក្រុងឆឹងទូ ខេត្តស៊ីឈួន លោក អ៉ី ស៊ីស៊ាង លេខាធិការរងនៃគណៈកម្មាធិការបក្ស និងជាលេខានៃគណៈកម្មាធិការត្រួតពិនិត្យវិន័យ លោក លាវ កួហ៊្វូ ប្រធានគណៈកម្មាធិការបក្ស លោក អ៊ូ យ៉ុងឆឹង ប្រធានការិយាល័យបក្សព្រមទាំងថ្នាក់ដឹកនាំវិទ្យាស្ថានភាពយន្ត និងទូរទស្សន៍ស៊ីឈួន ជាច្រើនរូបទៀត៕