(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកស្រី កែ សួនសុភី ស សុខា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅបរិវេណវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់ត្របែក ស្ថិតក្នុងភូមិប្រសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
លោកឧបនាយករដ្ឋមន្ត្រី បាននាំយកនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកយាយ លោកតា ពុកម៉ែបងប្អូនប្រជាពលរដ្ឋ និងបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំជាតិទាំងជំនាន់មុន និងបន្តមកដល់បច្ចុប្បន្ន តែងតែតម្កល់នូវសេចក្ដីសុខរបស់ប្រជាពលរដ្ឋជាធំ ទន្ទឹមគ្នានឹងកិច្ចការពារសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍជាតិលើគ្រប់វិស័យ។
ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង លោកអភិសន្តិបណ្ឌិត បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រី ក្រុមការងារ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានលះបង់ធនធាន ពេលវេលា និងកម្លាំងកាយចិត្តរៀបចំឱ្យមានកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះ។
លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់ត្របែក ក៏ដូចជាអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខ្នះខ្នែងជួយសម្របសម្រួល និងរៀបចំកម្មវិធីពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋក្នុងស្រុកកំពង់ត្របែកនេះ។
បន្ថែមលើសពីនេះ លោកអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា សកម្មភាពដ៏ថ្លៃថ្លានេះ បញ្ជាក់ឱ្យឃើញពីការចូលរួមចំណែកដ៏សំខាន់ នៅក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ក៏ដូចជាចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ជាមួយគ្នានេះ លោកអភិសន្តិបណ្ឌិត បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល និងតាមរយៈការវិនិយោគពីវិស័យឯកជន វិស័យសុខាភិបាល ក្នុងខេត្តព្រៃវែង នឹងកាន់តែមានវឌ្ឍនភាពបន្ថែមទៀតនៅពេលខាងមុខ ដើម្បីឆ្លើយតបបានតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ទាំងទៅលើផ្នែកសេវាកម្មនិងគុណភាព។
យោងតាមរបាយការណ៍ លោក សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកកំពង់ត្របែក ដោយឥតគិតថ្លៃ មានគ្រូពេទ្យសរុបចំនួន ៤៩១នាក់ ដោយពិនិត្យនិងព្យាបាលជំងឺទូទៅមានដូចជា៖ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺដង្កូវព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក វាស់ភ្នែក ចែកវ៉ែនតា សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូច និងព្យាបាលរបួសជាដើម៕