(កណ្តាល)៖ ក្រុមក្មេងទំនើង២ក្រុម បើកកាប់ប្រហារគ្នានៅយប់ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល បណ្ដាលឲ្យម្នាក់ស្លាប់ ខណៈ៦នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង ស្រាវជ្រាវចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីចាត់ការតាមច្បាប់។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្រុមភាគីក្មេងទំនើងមួយក្រុមមានគ្នា៨នាក់ បានជិះម៉ូតូចំនួន៤គ្រឿង ទិសដៅពីក្រុងតាខ្មៅ ទៅស្រុកស្អាង ពេលជិះម៉ូតូមកដល់ចំណុចវត្តឈូងលៀប ក្នុងសង្កាត់រកាខ្ពស់ ក៏បានជួបបក្ខពួកក្រុមក្មេងទំនើងជាជនសង្ស័យ បានជិះម៉ូតូដេញកាប់ក្រុមជនរងគ្រោះរហូតមកដល់ក្លោងទ្វារវត្តត្រពាំងឈូក ភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង។
ពេលនោះបក្ខពួកក្រុមជនសង្ស័យ បានធ្វើសកម្មភាពយកដាវកាប់ទៅលើជនរងគ្រោះឈ្មោះ រឿន ណារិន បណ្ដាលឲ្យរងរបួសដៃ និងឈ្មោះ សត ស៊ីន (របួសផ្ទៃមុខ) ហើយក៏ដួលម៉ូតូ។ ចំណែកម៉ូតូរបស់ជនសង្ស័យឈ្មោះ ធី វិសាល បានទៅបុកជាមួយបង្គោលភ្លើងបំភ្លឺផ្លូវនៅក្បែរនោះ បន្ទាប់មកក្រុមជនសង្ស័យក៏បន្តធ្វើសកម្មភាពដេញកាប់ទៅលើឈ្មោះ រឿន ណារិន បន្ថែមទៀត តែត្រូវជនរងគ្រោះ ឈ្មោះរឿន ណារិន រើសដុំឥដ្ឋ និងឈ្មោះ សត ស៊ីន យកមួកការពារគប់ទៅលើក្រុមជនសង្ស័យវិញ រួចក៏បានរត់គេចចេញពីកន្លែងកើតហេតុ។
ចំណែកក្រុមជនសង្ស័យឈ្មោះ ឡេង សុភក្រ្តា ពេលដួលម៉ូតូរងរបួសធ្ងន់ដោយបុកបង្គោលភ្លើង ត្រូវបានក្រុមរបស់ខ្លួនលើកដាក់លើម៉ូតូ យកទៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ តែដោយស្ថានភាពរបួសធ្ងន់ពេកជនសង្ស័យម្នាក់ ឈ្នោះ ឡេង សុភក្រ្តា បានស្លាប់នៅក្នុងមន្ទីរពេទ្យ។
ក្រុមជនរងគ្រោះទាំង៨នាក់ រួមមានទី១៖ឈ្មោះ រឿន ណារិន អាយុ១៧ឆ្នាំ (រងរបួសចំដៃ), ទី២៖ឈ្មោះ ឃឹម វាសនា អាយុ១៨ឆ្នាំ, ទី៣៖ឈ្មោះ ហេង សុខបាន អាយុ១៧ឆ្នាំ, ទី៤៖ឈ្មោះ សល់ ស ហៅវិសាល អាយុ១៨ឆ្នាំ, ទី៥៖ឈ្មោះ ម៉េត យុទ្ធា អាយុ១៩ឆ្នាំ, ទី៦៖ឈ្មោះ វ៉ុន សាវុធ អាយុ១៩ឆ្នាំ, ទី៧៖ឈ្មោះ សត ស៊ីន អាយុ២២ឆ្នាំ (របួសផ្ទៃមុខ), ទី៨៖ឈ្មោះ ធា ចន្ទថា អាយុ១៨ឆ្នាំ ពួកគេមានទីលំនៅជាមួយគ្នា ក្នុងភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
ដោយឡែក ក្រុមជនសង្ស័យចំនួន១០នាក់ រួមមានទី១៖ឈ្មោះ ធី វិសាល អាយុ១៧ឆ្នាំ (អ្នកបេីកម៉ូតូ) (ឃាត់ខ្លួន), ទី២៖ឈ្មោះ ឡេង សុភ័ក្ត្រា អាយុ១៦ឆ្នាំ ជាជនដៃដល់ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ), ទី៣៖ឈ្មោះ ជុំ ជេដ្ឋា រ៉ូហ្សា អាយុ១៧ឆ្នាំ ជាអ្នកបើកបើកម៉ូតូ (ឃាត់ខ្លួន), ទី៤៖ឈ្មោះ ឈឿន ស៊ីវហេង ហៅបារាំង អាយុ១៦ឆ្នាំ (អ្នកកាន់ដាវអង្គុយពីក្រោយ) (គេចខ្លួន), ទី៥៖ឈ្មោះ ហួត ខ្លាអាដាម ហៅអាខ្លា អាយុ១៦ឆ្នាំ (អ្នកបើកម៉ូតូ) (ឃាត់ខ្លួន), ទី៦៖ឈ្មោះ ឃឿន សីហា អាយុ១៨ឆ្នាំ (ជាអ្នកកាន់ដាវអង្គុយពីក្រោយ) (គេចខ្លួន), ទី៧៖ឈ្មោះ វន្ថា ដេវីត អាយុ១៥ឆ្នាំ (កាន់កាំបិតប៉័ុងតោអង្គុយពីក្រោយ) (ឃាត់ខ្លួន), ទី៨៖ឈ្មោះ ជា ភារៈ ហៅយួន អាយុ១៦ឆ្នាំ (អ្នកបើកម៉ូតូ) (ឃាត់ខ្លួន), ទី៩៖ឈ្មោះ អ៊ូ សុវណ្ណឡុង អាយុ១៧ឆ្នាំ (អង្គុយពីក្រោយកាន់ដាវ) (ឃាត់ខ្លួន), ទី១០៖ឈ្មោះ អឿន ថុនា ហៅថុ អាយុ១៧ឆ្នាំ (ជាអ្នកបើកម៉ូតូ) (គេចខ្លួន)។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ រីឯជនពាក់ព័ន្ធកំពុងតាមចាប់ខ្លួន៕