(ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរដល់ទិវាបុណ្យជាតិបារាំង ១៤កក្កដា នៅក្នុងប្រទេសកម្ពុជា។

កម្មវិធី​នេះ ធ្វើឡើងនៅស្ថានទូតបារាំងមានការចូលរួមពី ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ព្រមទាំងឥស្សរជន ជាភ្ញៀវកិត្តិយសជាច្រើនរូប។

ថ្ងៃទី១៤កក្កដា គឺជាថ្ងៃសំខាន់មួយ ដែលមានទំនាក់ទំនងខ្លាំងទៅនឹងបដិវត្តនៅប្រទេសបារាំង ពោលគឺជារំលឹកដល់ចលនាបដិវត្តន៍ផ្តួលរំលំគុក Bastille ថ្ងៃទី១៤ កក្កដា ១៧៨៩។ ការ​ផ្តួល​រំលំ​គុក​បាស្ទីល​ ដែលជា​បន្ទាយ​​ដ៏​សំខាន់​មួយ​នៃ​យុគសម័យ​កណ្តាល​ និង​ជា​ពន្ធនាគារ​ដែល​​រំលេច​ចេញ​នូវ​ការ​គ្រប់គ្រង​ពី​សំណាក់​ព្រះរាជវាំង​នៅ​ឯ​មជ្ឈមណ្ឌល​នៃ​ទីក្រុង​ប៉ារីស។​ការ​ដួល​រលំ​គុក​នេះ​ហើយ​ជា​ចំណុច​ចាប់ផ្តើម​នៃ​បដិវត្តន៍​បារាំង។

ពិធីបុណ្យជាតិបារាំងនៅឆ្នាំនេះនៅកម្ពុជា ធ្វើឡើងស្របពេលដែល លោក ហ្សាក់ ប៉ឺឡេ ត្រូវបញ្ចប់បេសកកម្ម៤ឆ្នាំជាឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ហើយត្រូវចាកចេញពីកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មានសោមនស្សរីករាយបំផុត ដែលមានវត្តមានក្នុងរាត្រីនេះដើម្បីអបអរបុណ្យជាតិនៃសាធារណរដ្ឋបារាំង។ លោកថ្លែងថា ១៤កក្កដា មិនត្រឹមតែជាទិវាបុណ្យជាតិប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងឱ្យឃើញនូវគោលគំនិតសាកលនៃសេរីភាព សមភាព និងភាតរភាព ជំរុញការត្រិះរិះពិចារណាអំពីមាគ៌ានៃភាពរីកចម្រើនផ្នែកនយោបាយ យុត្តិធម៌សង្គម និងការកសាងជាតិនៅក្នុងពិភពមួយដែលកំពុងផ្លាស់ប្តូរជាប់ជានិច្ច។

លោក ប្រាក់ សុខុន ក៏បានសម្តែងនូវការអបអរសាទរដ៏ជ្រាលជ្រៅ ដល់ប្រទេសបារាំង ក៏ដូចជាប្រជាពលរដ្ឋបារាំង និងសូមឱ្យទទួលបាននូវសុខសន្តិភាពជានិច្ចនិរន្ត វិបុលភាពប្រកបដោយការចែករំលែក និងភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ឯកអគ្គរដ្ឋទូតបារាំង ដែលបានលើកឡើងប្រកបដោយភាពត្រឹមត្រូវ អំពីចំណងទាក់ទងដ៏ស្អិតល្មួត ដែលផ្សារភ្ជាប់ប្រទេសយើងទាំងពីរ។ ទំនាក់ទំនងទាំងនេះចាក់ឫសទៅក្នុងប្រវត្តិសាស្រ្ត និងត្រូវបានពង្រឹងដោយមិត្តភាពមួយប្រកបដោយចីរភាព។ ទំនាក់ទំនងទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈកិច្ចសហប្រតិបត្តិការមួយដែលផ្តោតលើវិស័យជាច្រើន រួមមាននយោបាយ សេដ្ឋកិច្ច យោធា អប់រំ វប្បធម៌ ក៏ដូចជាការប្តេជ្ញាចិត្តរបស់ប្រទេសយើងទាំងពីរក្នុងស្ថាប័នពហុភាគី ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ និងគោលការណ៍ដែលជាមូលដ្ឋាន នៃសណ្តាប់ធ្នាប់ពិភពលោកប្រកបដោយសន្តិភាព សមធម៌ និងចីរភាព។

លោក ហ្សាក់ ប៉ឺឡេ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជា ប្រវត្តិសាស្រ្ត និងចំណងទាក់ទងវប្បធម៌ សេដ្ឋកិច្ច និងនយោបាយ រវាងប្រទេសបារាំង និងកម្ពុជា។ លើទិដ្ឋភាពវប្បធម៌ លោក ហ្សាក់ ប៉ឺឡេ បានរម្លឹកអំពីជោគជ័យនៃការតាំងពិព័រណ៍បដិមាសំរិទ្ធកម្ពុជានៅសារមន្ទីរបារាំងហ្គីម៉េ នាទីក្រុងប៉ារីស៍ ដោយមានបដិមាព្រះវិស្ណុផ្ទំ ជាស្នាដៃឯកលេចធ្លោជាងគេក្នុងពិព័រណ៍នោះ។ ទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ លោកបានគូសបញ្ជាក់ពីការរួមចំណែករបស់ក្រុមហ៊ុនបារាំង VINCI ក្នុងការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ។ លោកក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារផងដែរ តាមរយៈការបណ្តុះបណ្តាលនាយទាហាន និងកងទ័ពមួកខៀវកម្ពុជា នៅមជ្ឈមណ្ឌលជាតិគ្រប់គងកងកម្លាំងរក្សាសន្តិភាព (NPMEC)។

លោកឯកអគ្គរដ្ឋទូត បានលើកឡើងពីប្រធានបទសាកលធំៗ ដែលប្រទេសបារាំង និងកម្ពុជាបានឆ្លើយតបរួមគ្នា ជាពិសេសលើការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ។ ក្នុងន័យនេះ លោកបានកោតសរសើរចំពោះការចូលរួមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង ដែលជាកាយវិការនៃការប្តេជ្ញាចិត្តរួមគ្នាមួយប្រកបដោយអត្ថន័យ។

បន្ថែមពីនេះ លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់លើការប្រកាន់ខ្ជាប់របស់ប្រទេសទាំងពីរចំពោះគោលការណ៍ពហុភាគីនិយម និងច្បាប់អន្តរជាតិ ដែលលោកចាត់ទុកថាជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ពិភពលោកប្រកបដោយយុត្តិធម៌ និងសាមគ្គីភាព ប្រសើរជាងមុន។ ការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព គឺជាគំនិតស្របគ្នាមួយទៀតរវាងប្រទេសបារាំង និងប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈសមាជិកភាពនៃប្រទេសទាំងពីរក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិ និងការដាក់បញ្ចូលសារមន្ទីរស២១ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ៕