(កំពង់ស្ពឺ)៖ សហគ្រិនខ្មែរសហការជាមួយសាខាសាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មរបស់និស្សិតសាខាសាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពង់ស្ពឺ រដូវកាលទី៣(AKU-KS ’s Business Model Competition Season 3) ដោយមានការចូលរួមពីធុរកិច្ចថ្មី និងក្រុមដែលជាសហគ្រិននិស្សិតប្រមាណ៧៥ នាក់។
កម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មរបស់និស្សិតសាខាសាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពង់ស្ពឺ រដូវកាលទី៣ បានរៀបចំឡើងនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ដែលមានការចូលរួមពីតំណាងសហគ្រិនខ្មែរ គណៈគ្រប់គ្រង សាស្រ្តាចារ្យ អង្គភាពនានាជុំវិញខេត្ត និស្សិត និងភ្ញៀវកិត្តិយស សរុបប្រមាណ២០០នាក់ ។
និស្សិតចំនួន១៥ក្រុម ដែលមានសមត្ថភាពបានធ្វើបទបង្ហាញនូវគំនិតធុរកិច្ចថ្មីដល់ក្រុមគណៈកម្មការដែលជាសហគ្រិនដែលមានបទពិសោធន៍ និងជាអ្នកដឹកនាំក្នុងវិស័យនវានុវត្តន៍ជាច្រើនរូប។
លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ផ្តាំផ្ញើដល់កម្មវិធីទាំងមូលថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ ជំរុញនវានុវត្តន៍ដែលមានសក្តានុពល។ កម្មវិធីនេះនិស្សិតមានឱកាសបង្កើតវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»។
លោកទុំ ប៊ុនធឿន នាយកប្រតិបត្តិសាខាសាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថាការប្រកួតប្រជែងគំរូអាជីវកម្មរបស់និស្សិតសាខាសាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពង់ស្ពឺ រដូវកាលទី៣ គឺជាផ្នែកមួយរបស់កម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់នវានុវត្តភាព និងសហគ្រិនភាព ទៅកាន់និស្សិត ដោយប្រែក្លាយគំនិតច្នៃប្រឌិតរបស់និស្សិត ឱ្យក្លាយទៅជាផលិតផល ឬសេវាកម្ម ដែលអាចដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ប្រជាជន, វិស័យសាធារណៈ និង វិស័យឯកជន។
លោកនាយកបានបន្ថែមទៀតថា ក្រុមនិស្សិតឆ្នើមដែលជាប់ជ័យលាភីកាលពីវគ្គផ្តាច់ព្រ័ត្រ បានមានឱកាសក្លាយជាក្រុមជម្រើសចូលរួមងកម្មវិធីបណ្តុះគំនិតធុរកិច្ចថ្មីនៅ UnipreneurCam និងUniPreneur National Challenge បន្តទៀត៕