(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានមានប្រសាសន៍ថាទោះបីជា អ.ដ.ក ទទួលបានជោគជ័យខ្លះក៏ពិតមែន ប៉ុន្តែបញ្ហាប្រឈមនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺ «ភាគីម្ខាងទទួលយក តែភាគីម្ខាងទៀតមិនទទួលយក» ដែលរឿងនេះខុសដាច់ពីតុលាការ។
លោក បានលើកឡើងថាដោយសារប្រជាពលរដ្ឋសម្លឹងមកលើយន្តការនេះជាក្ដីសង្ឃឹមថ្មី នាំឱ្យពួកគាត់សម្រុកមកទទួលយកការដោះស្រាយក្រៅប្រព័ន្ធតុលាការ ធ្វើឱ្យសំណុំរឿងច្រើន ហើយមន្ត្រីតិច ក៏ប៉ុន្តែបញ្ហានេះបានដោះស្រាយតាមរយៈការប្រឡងជ្រើសរើសមន្ត្រីសម្រុះសម្រួលផ្សះផ្សា ជាបន្តបន្ទាប់ ដើម្បីបង្កើនល្បឿនដោះស្រាយវិវាទជូនពលរដ្ឋ។
ជាមួយគ្នានេះ លោក ជិន ម៉ាលីន បានបញ្ជាក់ពីបញ្ហាប្រឈមខ្លាំងដែល អ.ដ.ក បានជួបប្រទះនោះគឺ យន្តការនេះមិនដូចទៅហ្នឹងការកាត់ក្ដីរបស់តុលាការទេ។ ការកាត់ក្ដីមិនស្មុគស្មាញដូចជាការសម្រុះសម្រួលផ្សះផ្សាទេ ព្រោះការកាត់ក្ដីផ្អែកលើអង្គហេតុ អង្គច្បាប់ ភស្តុតាង សក្ខីកម្ម ដោយឡែកយន្តការ អ.ដ.ក ផ្អែកតាមឆន្ទៈរបស់ភាគី៕