(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចសម្ភាសពិសេសជាមួយ Fresh News, លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានបញ្ជាក់ថា ១ឆ្នាំមកនេះ អ.ដ.ក ទទួលបានជោគជ័យធំៗ៣ ក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។
ក្នុងរយៈពេល១ឆ្នាំ អ.ដ.ក ទទួលបានសំណុំរឿង ១,១១៣ករណី ដែលជាចំនួនច្រើន ហើយមន្ត្រីសម្របសម្រួលដោះស្រាយវិវាទជូនពលរដ្ឋមានត្រឹមតែ ២៨រូបប៉ុណ្ណោះ ខណៈដែលសំណុំរឿងដែលបានដោះស្រាយចប់សព្វគ្រប់មានចំនួន ៤៧៤សំណុំរឿង។
លោក ជិន ម៉ាលីន បានបញ្ជាក់ពីបទពិសោធន៍ជោគជ័យទី១ គួរជាទីមោទន ប្រជាពលរដ្ឋទទួលស្គាល់ឱ្យតម្លៃ ស្វាគមន៍នូវយន្តការថ្មីនេះ ដែលជាក្ដីសង្ឃឹមថ្មីរបស់ពួកគាត់ និងបានសម្រុកមកដាក់ពាក្យដើម្បីឱ្យមន្ត្រី អ.ដ.ក. សម្រុះសម្រួលផ្សះផ្សាវិវាទរបស់ពួកគាត់។ បន្ថែមពីនេះ ពលរដ្ឋបានបង្ហាញពីចំណាប់អារម្មណ៍ មនោសញ្ជេតនា ការកោតសសើរ ការស្ងប់ស្ងែង រួមទាំងការផ្សព្វផ្សាយតាមបណ្ដាញសង្គមជាអាទិ៍ ដើម្បីថ្លែងអំណរគុណដល់មន្ត្រី អ.ដ.ក. ដែលបានខិតខំសម្រុះសម្រួលផ្សះផ្សាវិវាទរបស់ពួកគាត់។
ចំពោះជោគជ័យទី២ គឺការបង្កើតសុខដុមរមនាដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីបញ្ចៀសនូវបាតុភាពផ្សេងៗកុំឱ្យកើតមានឡើង ក្លាយទៅជាអំពើហិង្សា។
ជាមួយគ្នានេះ សម្រាប់ជោគជ័យទី៣ របស់ អ.ដ.ក. គឺជួយដល់ប្រព័ន្ធតុលាការ ព្រោះមានសំណុំរឿងជាច្រើនកកស្ទះនៅប្រព័ន្ធតុលាការ ដូច្នេះយន្តការនេះ បានជួយសម្រួលការកកស្ទះសំណុំរឿងមួយផ្នែករបស់តុលាការ ជាពិសេសលើរឿងរដ្ឋប្បវេណី៕