(ភ្នំពេញ)៖ នៅសល់ ៣ថ្ងៃទៀត គឺនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ «តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» នឹងមកដល់ហើយ ដែលនឹងរៀបចំនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ព្រឹត្តិការណ៍ «តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យបំផុតក្នុងនាមជាមហាគ្រួសារខ្មែរ ដោយបានបញ្ជាក់ប្រាប់ទៅពិភពលោកថា យើងតែងតែប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គី រួបរួមគ្នាជាធ្លុងមួយ គាំទ្រ និងផ្តល់កម្លាំងចិត្តជានិច្ច ទៅកាន់រាជរដ្ឋាភិបាល និងវីរកងទ័ពជួរមុខ។
សំឡេងដ៏ក្លៀវក្លាដែលឮកងរំពងទូទាំងប្រទេស និងសកលលោកនឹងត្រូវបានបន្លឺឡើងជាថ្មីម្ដងទៀត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ដោយសម្លេង និងការរួបរួមនេះបានចេញពីទឹកចិត្ត ឆន្ទៈ និងក្ដីស្រលាញ់របស់បងប្អូនប្រជាពលរដ្ឋខ្មែរប្រកបដោយភាពស្វាហាប់ ដើម្បីផ្ដល់កម្លាំងចិត្តដ៏ខ្លាំងក្លាដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខបន្ថែមទៀត ក្នុងបេសកកម្មការពារបូរណភាពទឹកដី។
«យើងចូលរួមច្រៀងចម្រៀងជាតិរួមគ្នាដើម្បីផ្ដល់កម្លាំងចិត្ត និងការគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ ជាមួយគ្នា!»។
លើសពីការបង្ហាញស្មារតីរួបរួមគ្នាជាធ្លុងមួយ ព្រឹត្តិការណ៍ ១៩កក្កដា គឺជាការបង្ហាញមោទនភាពជាតិខ្មែរទៅកាន់ពិភពលោកឱ្យស្គាល់កាន់តែច្បាស់ពីទឹកចិត្ត ឆន្ទៈ និងក្ដីស្រលាញ់របស់កូនខ្មែរគ្រប់រូប៕