(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញការហួសចិត្តចំពោះអ្នកច្បាប់ប្រទេសថៃមួយចំនួន ដែលចេញមកការពារទង្វើខិលខូចរបស់អតីតទាហានឈុតខ្មៅថៃ លួចវាយទាហានខ្មែរ ដែលកំពុងឈរជើងនៅលើប្រាសាទតាមាន់ធំ។
កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ អតីតទាហានឈុតខ្មៅថៃ និងបក្ខពួក ដែលឡើងទៅលេងនៅប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ បានបន្លំជារាក់ទាក់ជាមួយទាហានខ្មែរឈរជើងនៅប្រាសាទ ហើយវាយមកលើទាហានខ្មែរជាច្រើនដៃ។ ទង្វើដែលគេចាត់ទុកជាភាពកំសាក និងមិនថ្លៃថ្នូររបស់អតីតទាហានថៃនេះ នាំឱ្យមានការប្រតិកម្ម និងរិះគន់ជាខ្លាំងពីប្រជាពលរដ្ឋខ្មែរ។
ក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍របស់កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៦៨ ដែលបញ្ចប់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN) នៅអាហ្វ្រិកកណ្ដាល នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដោយមានអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា សេនានុព័ន្ធ និងអនុព័ន្ធយោធាប្រទេសជាមិត្ត ចូលរួមផងនោះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងពីវិវាទព្រំដែនរវាងកម្ពុជា និងថៃ ហើយក៏បានលើកឡើងពីទង្វើរបស់អតីតទាហានឈុតខ្មៅនេះផងដែរ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានឱ្យដឹងថា រាជរដ្ឋាភិបាលថៃ កំពុងមានចំណាត់ការទៅលើជនបង្កនេះហើយ ដោយបានកោះហៅបុគ្គលនេះឱ្យមកប្រឈមនឹងផ្លូវច្បាប់នៅប្រទេសថៃ។ ពាក់ព័ន្ធករណីនេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក៏បានសម្តែងការហួសចិត្តចំពោះមេធាវីថៃ ដែលចេញមុខការពារក្តីឱ្យអតីតទាហានឈុតខ្មៅថៃរូបនេះ។ លោកឧបនាយករដ្ឋមន្ត្រី ចាត់ទុកការប្រកាសចេញការពារក្តី គឺជារឿងដែលធ្វើដើម្បីទទួលបានប្រជាប្រិយភាពលើបណ្តាញសង្គម ដោយមិនខ្វល់ការបង្កហេតុនាំឱ្យមានភាពតានតឹងកាន់តែខ្លាំងនៃជម្លោះរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា រឿងនេះវាគួរតែបញ្ចប់ ប៉ុន្តែ ត្រូវបានជនល្មើសនេះយកទៅបញ្ចេញបញ្ចូលឱ្យក្លាយជារឿងធំ ដើម្បីទាញប្រជាប្រិយភាពរបស់ខ្លួននៅក្នុងស្រទាប់មហាជនថៃ អ្នកលេងបណ្តាញសង្គមទៅវិញ។ ទង្វើរបស់អតីតទាហានឈុតខ្មៅថៃ គឺបានរុញច្រានបន្ថែមដល់ប្រជាជាតិទាំងពីរ នៅជាប់របងជាមួយគ្នាមើលមុខគ្នាមិនត្រង់ ជាពិសេសធ្វើឱ្យស្ថានភាពនៅព្រំដែនកាន់តែឡើងកម្តៅទៅវិញ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា កន្លងមកនេះថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា និងថៃ មានការយោគយល់ ប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ ប៉ុន្តែបញ្ហាឡើងកម្តៅថ្មីៗនេះ នៅតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរ គឺអាចបបណ្តាលមកពីក្រុមអ្នកនយោបាយមួយក្តាប់តូចដែលមាននិន្នាការនយោបាយខុសគ្នា ជាមួយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោយបានព្យាយាមអុជអាល់ឱ្យកងទ័ពទាំងពីរមើលមុខគ្នាមិនចំ៕