(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានចាត់ទុកដំណើរទស្សនកិច្ចរបស់សភាតំណាងប្រជាជនចិននៅកម្ពុជា ជាផ្នែករុញទំនាក់ទំនងកម្ពុជា-ចិន កាន់តែរឹងមាំ និងរីកចម្រើន ទាំងក្របខ័ណ្ឌនៃរាជរដ្ឋាភិបាល និងក្របខ័ណ្ឌនៃស្ថាប័ននីតិបញ្ញត្តិ រវាងប្រទេសទាំងពីរ។

ការលើកឡើងនេះ ក្នុងឱកាសដែលសម្ដេចតេជោ អនុញ្ញាតឲ្យលោក វ៉ាង ជីមីន (Wang Zhimin) អនុប្រធាន​គណៈកម្មការកិច្ចការជនជាតិភាគតិច សភាតំណាងប្រជាជនចិនទូទាំងប្រទេស ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ជា ធីរិទ្ធិ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ជាកិច្ចចាប់ផ្ដើមដំបូង សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍ចំពោះ លោក វ៉ាង ជីមីន (Wang Zhimin) និងសហការី ដែលបានអញ្ជើញមកបំពេញ ទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក វ៉ាង ជីមីន និងជាផ្នែកមួយដ៏សំខាន់ក្នុងការរុញច្រាននូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិនឲ្យកាន់តែរឹងមាំ និងរីកចម្រើន​ ទាំងក្របខ័ណ្ឌនៃរាជរដ្ឋាភិបាល និងក្របខ័ណ្ឌនៃស្ថាប័ននីតិបញ្ញត្តិ រវាងប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះ លោក វ៉ាង ជីមីន (Wang Zhimin) បានថ្លែងអំណរគុណសម្ដេចតេជោ ដែលបានចំណាយពេល អនុញ្ញាតឲ្យលោក និងសហការី ជួបសម្តែងការគួរសម នៅក្នុងឱកាសនេះ។ លោកក៏បានរំលេចអំពី ទំនាក់ទំនងរវាងកម្ពុជា និងចិនជាមិត្តដែកថែប ជាមិត្តដ៏រឹងមាំ ជាមួយគ្នា ជាសហគមន៍វាសនារួមគ្នាគ្រប់រដូវកាលក្នុងយុគ្គសម័យថ្មី ដែលកំពុងតែបំពេញឲ្យគ្នាទៅវិញទៅមក និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ ឲ្យកើនឡើងជាបន្តបន្ទាប់ដោយឥតឈប់ឈរ។

ក្នុងជំនួបដដែលនោះ លោក វ៉ាង ជីមីន (Wang Zhimin) បានរំលេចដោយដាំនៅការនាំនូវការសួរសុខទុក្ខពី ថ្នាក់ដឹកនាំចិន ចំពោះសម្ដេចតេជោផងដែរ នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយចិនរីករាយនៅក្នុងការសហការត្រៀមខ្លួននៅក្នុងការសហការធ្វើការងារ ជាមួយកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រវាងគ្នានេះឲ្យកាន់តែរឹងមាំបន្តទៀត។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុនសែន បានរំលេចដោយបង្ហាញអំពីទំនាក់ទំនងរវាងកម្ពុជា និងចិនដែលសម្រេចបានបញ្ជាក់ថា ការចាប់ផ្ដើមដំបូងពី ជំនាន់លោក ម៉ៅ សេទុង ដល់នាយករដ្ឋមន្ត្រីចិន ជូរ អេងឡាយ ជាមួយព្រះបរមរតនកោដ្ឋ ក្នុងការបង្កើតនូវទំនាក់ទំនងផ្លូវការជាមួយគ្នា ហើយទំនាក់ទំនងនេះបានពូនជ្រុំនឹងកាន់តែរីកចម្រើនជាបន្តបន្ទាប់រហូតដល់នៅក្នុងពេលបច្ចុប្បន្ន។សម្តេចតេជោនិងសម្ដេចធិបតី ក៏បន្តកាន់តែរឹងមាំ។

សម្តេចតេជោ បានចាប់អារម្មណ៍ទៅលើបញ្ជាក់អំពីទំនាក់ទំនងរវាងភាគីទាំង ដោយជាសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងគ្រប់រដូវកាលក្នុងយុគ្គសម័យថ្មី សម្តេចតេជោ បានរំលេចថា គ្រប់រដូវកាលសំដៅទៅលើ មិនថារដូវប្រាំង ឬរដូវវស្សារដូវអ្វីទេ ឬក៏ស្ថានភាពបែបណានោះទេ គឺកម្ពុជាចិននៅតែរឹងមាំ នៅតែសហការគ្នា និងជាមិត្តភាពដែកថែបយូរអង្វែង ជាមិត្តភាពប្រពៃណីជាមួយគ្នា។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ។

សម្ដេចតេជោ បានរំលេចបន្ថែមទៀតថា ជុំវិញទំនាក់ទំនងរវាងកម្ពុជាចិននេះ អ្វីដែលជាការកត់សម្គាល់គឺ ការរុញ នូវសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរ ប្រជាជននិងប្រជាជន ឲ្យកាន់តែរីកចម្រើន ទៅជាមួយគ្នាបន្ថែមទៀត ដែលជាផ្នែកក្នុងការញ៉ាំងទំនាក់ទំនងនយោបាយដែលមានស្រាប់ ដែលល្អស្រាប់ឲ្យកាន់តែល្អបន្ថែមទៀតនេះ។ ជា បញ្ជាក់បន្ថែមរបស់សម្តេចតេជោ។

នៅក្នុងឱកាសនោះលោក វ៉ាង ជីមីន (Wang Zhimin) បានអរគុណចំពោះសម្ដេចតេជោ ជាពិសេសលោកបានចាត់ទុកសម្តេចតេជោគឺជា តួអង្គមួយដ៏សំខាន់ដែលបន្តពី អតីតកាលព្រះបរមរតនកោដ្ឋមកក្នុងការពូនជ្រំទំនាក់ទំនង រវាងកម្ពុជា និងចិន ហើយលោកបានរំលេចអំពី ភាពជាដៃគូយុទ្ធសាស្ត្រសហគមន៍វាសនារួមគ្នា កម្ពុជាចិនគ្រប់រដូវកាល និងក្នុងយុគ្គសម័យថ្មី ដែលមកដល់ពេលនេះភាគីទាំងពីរបានពង្រីកនូវទំនាក់ទំនងពោលគឺ ពាណិជ្ជកម្មវិនិយោគជាដើម បើនិយាយនៅក្នុងពាណិជ្ជកម្ម លោកបានបញ្ជាក់ថា ចាប់តាំងពីភាគីទាំងពីរបានរួមគ្នាក្នុងសហគមន៍វាសនារួមមក គឺពាណិជ្ជកម្មរវាងប្រទេសការកើនឡើងគុណដល់ទៅបួនដង។ លោកបន្តថា ចំណងមិត្តភាពផ្សេងៗទៀត ដែលប្រទេសទាំងពីរបានធ្វើជាមួយគ្នាមានភាពរីកចម្រើន នៅក្នុងការផ្តល់តម្លៃទំនាក់ទំនងគ្នាទៅវិញ។

ជាចុងក្រោយ សម្តេចតេជោ ក៏បានរំលេចបន្ថែមដែរថា ទំនាក់ទំនងរវាងកម្ពុជាចិន គឺជាដោយការគោរពគ្នាទៅវិញទៅមក បើទោះបី កម្ពុជាជាប្រទេសតូច ប៉ុន្តែចិនតែងតែផ្តល់តម្លៃ និងគោរពចំពោះកម្ពុជា ហើយសម្តេចតេជោក៏បានជូនពរលោក និងសហការីឲ្យបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយជោគជ័យ និងរីករាយក្នុងការស្នាក់នៅក្នុងប្រទេសកម្ពុជា៕