(កណ្តាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាអាជ្ញាធរក្រុង-ស្រុកទាំង១៣ និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវប្ដេជ្ញារួមគ្នាដើម្បីបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន ហើយត្រូវមានវិធានការទប់ស្កាត់ មិនឲ្យត្រឡប់មកវិញ។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោក គួច ចំរើន បានអះអាងថា កិច្ចការនេះ គឺជាកិច្ចការអាទិភាព ជាការងារដ៏ចម្បងបំផុតសម្រាប់អាជ្ញាធរក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដែលទាមទារឲ្យទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
អភិបាលខេត្ត បានក្រើនរំលឹកគណៈបញ្ជាការឯកភាពក្រុង-ស្រុក ខេត្ត ត្រូវបង្កើនកិច្ចសហការគ្នា ដើម្បីដោះស្រាយបញ្ហាខាងលើនេះ ឲ្យទទួលបានជោគជ័យ ស្របទៅតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលស្ដីពីការ អនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្ដីណែនាំនានា ដែលរាជរដ្ឋាភិបាលបានដាក់ចុះឲ្យអនុវត្តផងដែរ។
លោកបន្ដថា បន្ទាប់ពីកិច្ចប្រជុំនេះហើយ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវស្រុះដៃគ្នាក្នុងការចុះអនុវត្តឲ្យស្របទៅតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំនានាជាបន្ទាន់ ត្រូវធ្វើការតាមដាន ត្រួតពិនិត្យជាប្រចាំទៅលើទីតាំងដែលសង្ស័យ ត្រូវមានរបាយការណ៍ ករណីចាំបាច់ត្រូវសុំគោលការណ៍ពីថ្នាក់លើដើម្បីមានវិធានការទាន់ឲ្យសភាពការណ៍។
ជាមួយគ្នានេះ លោកក៏បានបំផុសឲ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវមានកិច្ចសហការល្អជាមួយប្រជាពលរដ្ឋផងដែរ ក្នុងការរាយការណ៍ និងផ្តល់តំរុយមកសមត្ថកិច្ចអំពីករណីដែលមានការសង្ស័យ ដើម្បីឲ្យសមត្ថកិច្ចចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា៕