(ភ្នំពេញ)៖ គណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការអន្តរជាតិខាងការងារ (ILO) និងកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានដាក់ឱ្យដំណើរការជាផ្លូវការ «ក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ »។
ក្របខ័ណ្ឌនេះបង្កើតជាប្រព័ន្ធថ្នាក់ជាតិមួយ សម្រាប់ការសម្របសម្រួល តាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនឹងលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការសម្រេចចិត្តផ្អែកលើទិន្នន័យ ដើម្បីគាំទ្រវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលតំណាងឱ្យប្រមាណ៩៧% នៃតួអង្គសេដ្ឋកិច្ចរបស់កម្ពុជា។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា «ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃនេះ គឺជាជំហានដ៏សំខាន់មួយទៀត ក្នុងការពង្រឹង និងពន្លឿនការអនុវត្តយុទ្ធសាស្ត្រជាតិ។ ក្របខ័ណ្ឌនេះផ្តល់ជាប្រព័ន្ធមួយ សម្រាប់រាជរដ្ឋាភិបាល ដើម្បីតាមដានវឌ្ឍនភាពជាក់ស្តែង ធ្វើសេចក្តីសម្រេចចិត្តទាន់ពេលវេលា និងបង្កើនគណនេយ្យភាពសម្រាប់ តួអង្គទាំងអស់ដែលអនុវត្តយុទ្ធសាស្ត្រជាតិ»។
ក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃ កំណត់សូចនាករសមិទ្ធកម្មគន្លឹះច្បាស់លាស់ ព្រមទាំងតួនាទី និងការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័នគ្រប់កម្រិត ឱ្យស្របទៅនឹងសមត្ថភាព និងធនធានរបស់ខ្លួន។
ក្របខ័ណ្ឌនេះ គឺជាលទ្ធផលនៃដំណើរការពិគ្រោះយោបល់រួមគ្នា រយៈពេលមួយឆ្នាំ ដែលទទួលបានធាតុចូលពីសិក្ខាសាលាថ្នាក់ជាតិ ការពិគ្រោះយោបល់បច្ចេកទេសជាមួយក្រសួងចំនួន ១០ និងការពិគ្រោះយោបល់ថ្នាក់តំបន់ចំនួន ៥ លើក ជាមួយរដ្ឋបាលរាជធានី-ខេត្តទូទាំងប្រទេស។
លោកស្រី Kirsty Harris ទីប្រឹក្សាអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា «រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី CAPRED កំពុងគាំទ្រដល់ការអភិវឌ្ឍផ្ទាំងគ្រប់គ្រងទិន្នន័យឌីជីថលសម្រាប់ក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃនេះ ដែលនឹងលើកកម្ពស់តម្លាភាព ការសម្របសម្រួល និងការអនុវត្តគោលនយោបាយដែលផ្អែកលើភស្តុតាង។ នេះជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏ទូលំទូលាយ របស់អូស្ត្រាលីចំពោះកំណើនសេដ្ឋកិច្ចដែលមានភាពធន់ ចីរភាព និងបរិយាបន្ននៅកម្ពុជា។»
លោក Shakeel Ahmad អ្នកតំណាងរងប្រចាំប្រទេសនៃអង្គការ UNDP បានលើកឡើងថា «ខណៈដែលការងារ មុខរបរ និងអាជីវកម្មក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ភាគច្រើនមិនមានការគាំពារ ហើយប្រឈមនឹងភាពងាយរងគ្រោះ វិស័យនេះក៏មានសក្តានុពល ជាក្បាលម៉ាស៊ីនដ៏សំខាន់ សម្រាប់កំណើនប្រកបដោយបរិយាបន្នផងដែរ។ UNDP ប្តេជ្ញាបន្តកិច្ចសហការជាមួយដៃគូ រួមទាំងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ និងក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃនេះ»។
ក្នុងពិធីនេះដែរក៏មានការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ រវាងគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ជាមួយធនាគារចំនួន៣ បន្ថែមទៀត ក្នុងគោលដៅផ្តល់ជម្រើសនិងភាពងាយស្រួល សម្រាប់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ។
បច្ចុប្បន្ន អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចុះឈ្មោះលើថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល តាមរយៈកម្មវិធីទូរសព្ទដៃ វិបផតថល និងសាខាធនាគារដៃគូនៅទូទាំងប្រទេស។ ជាមួយនឹងការចុះអនុស្សរណៈយោគយល់នាថ្ងៃនេះ ធនាគារដៃគូដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលសេវាចុះឈ្មោះ បានកើនឡើងដល់ ៨ រួមមាន ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, ធនាគារ ARDB, ធនាគារ វីង, ធនាគារ ABA, ធនាគារអេស៊ីលីដា, ធនាគារ វឌ្ឍនៈ, ធនាគារកាណាឌីយ៉ា, និងធនាគារពាណិជ្ជកម្មក្រៅប្រទេស។
គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ថ្នាលឌីជីថលបានទទួលសំណើចុះឈ្មោះចំនួន ១១៩.១៨៣ ដែលជាវឌ្ឍនភាពសំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទទួលស្គាល់ និងពង្រីកសក្តានុពលនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕