(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ទឹកទន្លេមេគង្គក្នុងឆ្នាំ២០២៥ មកដល់ពេលនេះ បានហក់ឡើងកម្ពស់ ១០ម៉ែត្រ ខ្ពស់ជាងឆ្នាំ២០២៤ ជាង៣ម៉ែត្រ បើប្រៀបធៀបពេលវេលាដូចគ្នា។ ប្រការនេះធ្វើឲ្យរដ្ឋបាលខេត្តមានការព្រួយបារម្ភ និងធ្វើការផ្សព្វផ្សាយផែនការត្រៀមបម្រុងដើម្បីឆ្លើយតបគ្រោះមហន្តរាយក្នុងឆ្នាំនេះ។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅសាលសន្និសីទសាលាខេត្ត ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត នៃការអនុវត្តគោល នយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងប្រជុំផ្សព្វផ្សាយសៀវភៅផែនការត្រៀមបម្រុង ឆ្លើយតបគ្រោះមហន្តរាយ ឆ្នាំ២០២៥ ដោយវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោក អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។
អភិបាលខេត្ត បានលើកឡើងទៀតថា ដោយសារខេត្តកំពង់ចាមជាប់ដងទន្លេមេគង្គ ដូច្នេះហើយឲ្យតែដល់រដូវវស្សា គឺតែងតែមានការព្រួយបារម្ភ អំពីទឹកជំនន់ទន្លេមេគង្គនេះតែម្ដង ជាពិសេស ឆ្នាំ២០២៥ ដោយសារទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់ជាងឆ្នាំមុន ក្នុងនាមអាជ្ញាធរមូលដ្ឋាន ត្រូវតែចុះពិនិត្យមើលទីតាំង ដែលប្រជាពលរដ្ឋងាយរងគ្រោះ រាប់ចេញពីស្រុកស្ទឹងត្រង់ រហូតដល់ស្រុកកងមាស និងស្រុកស្រីសន្ធរ ដែលជាមុខសញ្ញាត្រូវសង្គ្រោះ ត្រូវណែនាំពួកគាត់ ឱ្យមានការបង្ការ នឹងត្រូវមើលទៅលើទីទួលមានសុវត្ថិភាព ដែលអាចឲ្យប្រជាពលរដ្ឋយើងផ្លាស់ប្ដូរមករស់នៅបណ្ដោះអាសន្នបាន នឹងត្រូវរៀបចំបម្រុងស្បៀងអាហារដើម្បីសង្គ្រោះ ដូចជាថ្នាំពេទ្យ និងការប្រើប្រាស់កម្លាំង ក៏ដូចជាក្រុមឆ្លើយតបសង្គ្រោះបន្ទាន់ ក្នុងករណីដែលមានការទំនាក់ទំនងចូលមក។
អភិបាលខេត្ត ក៏បានយកឱកាសនោះសម្ដែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំយើង បានរួមគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលយើងបានធានា ការងារ និងទទួលបានលទ្ធផលល្អប្រសើរ ក្នុងរយៈពេល ៦ ខែកន្លងមកនេះ ដែលមានសកម្មភាពជាច្រើន យើងទទួលបានជោគជ័យ ដោយគិតផ្ដើមចេញពីពេលពិធីបុណ្យឆ្លងឆ្នាំនោះតែម្ដង រហូតដល់ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រួមទាំងការរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ ក្នុងពិធីបុណ្យធំៗជាបន្តបន្ទាប់ ជាពិសេសគឺបានទទួលការផ្ដល់ទំនុកចិត្តពីប្រជាពលរដ្ឋ មកលើអាជ្ញាធរ និងសមត្ថកិច្ចយើង ក្នុងការរក្សាបាន នូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ នៅក្នុងសហគមន៍៕