(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាដល់កងកម្លាំងរាជអាវុធហត្ថទូទាំងខេត្ត ត្រូវបន្តការល្បាតឱ្យជាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ អ្នកវិនិយោគិនជាតិ-អន្តរជាតិ ជាពិសេសត្រូវមានក្រមសីលធម៌ សុជីវធម៌នៅក្នុងបំពេញបេសកកម្ម ចំពោះប្រជាពលរដ្ឋ។

ការដាក់បញ្ជាបែបនេះរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ចការងារ កងរាជអាវុធហត្ថខែកក្កដា ទិសដៅការងារខែសីហា ឆ្នាំ២០២៥ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ មេបញ្ជាការរង,នាយសេនាធិការរង, ប្រធាន-អនុប្រធានមន្ទីរ, នាយ-នាយរងការិយាល័យ, មេបញ្ជារកងអនុសេនាធំចល័ត, មេបញ្ជាការ-មេបញ្ជាការរង នាយសេនាធិការ ប្រធានស្នាក់ការសន្តិសុខ មូលដ្ឋានក្នុងក្រុង-ស្រុក ព្រមទាំងនាយទាហាន នាយទាហានរង។

ក្នុងកិច្ចប្រជុំនេះដែរ លោកមេបញ្ជាការ បានលើកសរសើរដល់នាយទាហាន នាយទាហានរង ដែលគោរពនូវវិន័យក្នុងអង្គភាពបានល្អ ហើយខិតខំបំពេញតួនាទីភារកិច្ចដែលថ្នាក់ដាក់ឱ្យកន្លងមក និងបានណែនាំដល់មន្ទីរជំនាញ មេបញ្ជាការក្រុង-ស្រុក ព្រមទាំងនាយទាហានទាំងអស់ត្រូវមានទំនាក់ទំនងល្អជាមួយគណៈបញ្ជាការឯកភាពខេត្ត-ក្រុង-ស្រុក-ស្ថាប័នផ្សេងៗ និងអង្គភាពដទៃទៀត ដើម្បីអនុវត្តនូវការងារភូមិ-ឃុំ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព។

ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរស័ព្ទត្រូវប្រើឱ្យមានប្រយោជន៍ ជាពិសេសមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ត្រូវកាន់ទូរស័ព្ទឱ្យជាប់ជៀសរៀងប្រជាពលរដ្ឋ ឬជនរងគ្រោះខលមិនចូលក្នុងពេលមានករណីចាំបាច់ផ្សេងៗ។ ទាំងមន្ទីរជំនាញ និងតាមបណ្តាក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខ ត្រូវក្តាប់ឱ្យបាននូវរាល់សភាពការណ៍ផ្សេងៗដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន រួចរាយការណ៍ជាបន្ទាន់។ បន្តការងារជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្ស ចាស់ជរា និងនៅទីប្រជុំជនដែលមានការកក់ស្ទះជាដើម។ បន្តការងារចុះអបរំផ្សព្វផ្សាយ ដល់សិស្សានុសិស្សតាមបណ្តាសាលារឿនទូទាំងខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាទប់ស្កាត់ និងលើកកម្ពស់ការអបរំសហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច)។

លោកមេបញ្ជាការបានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់នាយទាហាន នាយទាហានរងទាំងអស់ ត្រូវគេចឱ្យឆ្ងាយពីគ្រឿងញៀន បើនាយទាហានរូបណាពាក់ព័ន្ធ និងគ្រឿងញៀន គឺមិនលើកលែង អនុវត្តតាមច្បាប់។ ព្រមទាំងបានលើកឡើងពីក្រមសីលធម៌ទាំង ៧ប្រការ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រាប់យោធិនកងរាជអាវុធហត្ថ នៃកងយោធពលខេមរភូមិន្ទ ត្រូវប្រកាន់ភ្ជាប់ជានិច្ច៕