(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកធ្វើឱ្យកិច្ចការងារត្រៀមទទួលធ្វើបដិសណ្ឋារកិច្ច របស់ថ្នាក់ដឹក និងគណៈប្រតិភូអន្តរជាតិមកពីបណ្តាប្រទេសនានាជាច្រើន ដែលនឹងអញ្ជើញមកចូលរួមសន្និសីទកំពូលស្តីពីប្រព័ន្ធផ្សព្វផ្សាយ អាស៊ីលើកទី២០ (20th Asia Media Summit) នៅទឹកដីអង្គរ ខេត្តសៀមរាប នាពេលខាងមុខនេះ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានអញ្ជើញលោកស្រី សុខ ស៊ីថន អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការសម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មកចែករំលែកចំណេះដឹងស្តីពី «កិច្ចការងារ ពិធីការ និងបដិសណ្ឋារកិច្ច» ដល់មន្ត្រីរាជការទទួលបន្ទុកការងារពិធីការ នៃក្រសួងព័ត៌មាន។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង ក្រោមអធិបតីភាព លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

លោកស្រី សន ម៉ារ៉ាដា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជម្រាបជូនថា តាមរយៈការរៀបចំចែករំលែកចំណេះដឹងស្តីពី «កិច្ចការងារ ពិធីការ និងបដិសណ្ឋារកិច្ច» ពីជំទាវពិធីការមកពីទីស្តីការគណៈរដ្ឋមន្ត្រីដែលមានជំនាញ និងបទពិសោធន៍ច្បាស់ទាក់ទងការងារពិធីការ គឺមានមន្ត្រីរាជការជាច្រើនរូប មកពីអគ្គនាយកដ្ឋានទាំង ៥ចំណុចឱ្យក្រសួងព័ត៌មាន បានមកទទួលចំណេះដឹងបន្ថែមទាក់ទងការងារពិធីការ និងបដិសណ្ឋារកិច្ច ក្រៅពីចំណេះជំនាញដែលកំពុងបម្រើការងារនៅក្នុងក្រសួង។ ការងារពិធីការមានភាពស្មុគស្មាញ ដែលទាមទារឱ្យចេះបត់បែនតាមសភាពការណ៍ និងស្ថានភាពជាក់ស្តែង គឺជាចំណុចសំខាន់ដែលវាគ្មិនលើកយកមកបង្ហាញនាឱកាសនេះ។

បើតាមលោកស្រី សុខ ស៊ីថន បានគូសបញ្ជាក់ថា ពាក្យថាពិធីការ គឺស្តាប់ទៅងាយណាស់ ប៉ុន្តែ បើសិនគ្មានពិធីការ កិច្ចការងារប្រជុំ ឬបដិសណ្ឋារកិច្ច អាចនឹងមានភាពរញ៉េរញ៉ៃ អត់មានសណ្តាប់ធ្នាប់ កិច្ចការងារពិធីការគឺត្រូវការលះបង់ពេលវេលា ត្រូវព្យាយាម ហើយមានភាពអត់ធ្មត់ជាទីបំផុត ពិធីការត្រូវទៅមុខគេ ហើយចេញក្រោយគេ បើសិនការងារធំៗគឺត្រូវត្រៀមមុន ១សប្តាហ៍ រហូតដល់កន្លះខែ ក៏មានដើម្បីរៀបចំឱ្យបានល្អ។ កិច្ចការងារពិធីការ ត្រូវស្លៀកសម្លៀកបំពាក់ឱ្យបានស្អាត សមរម្យ ត្រូវមានភាពរួសរាយ រាក់ទាក់ រម្យទម ទន់ភ្លន់ ហើយត្រូវបែងចែកការងារគ្នាឱ្យបានច្បាស់លាស់ សកម្មភាពរបស់ពិធីការ គឺជាការងារដែលទាក់ទងនឹងការដឹកនាំ និងគ្រប់គ្រងព្រឹត្តិការណ៍ឱ្យមានលំនឹង របៀប និងភាពរលូន។ អ្នកដែលបំពេញការងារនេះត្រូវមានជំនាញក្នុងការនិយាយជាសាធារណៈ និងមានសមត្ថភាពសម្របសម្រួលព្រឹត្តិការណ៍ផ្សេងៗ។

លោកស្រី ទុយ សិរីរនៈ នេត្រភក្រ្តា បានថ្លែងថា ពាក្យពិធីការ បដិសណ្ឋារកិច្ច ស្តាប់ទៅធម្មតាងាយស្រួល ក៏ប៉ុន្តែការអនុវត្តផ្ទាល់ទើបដឹងថាមានបញ្ហាប្រឈមអ្វីខ្លះ។ ដូច្នេះ សម្រាប់ពេលនេះ គឺជាឱកាសដ៏ល្អសម្រាប់ក្រុមការងារពិធីការ និងបដិសណ្ឋារកិច្ចនៃក្រសួងព័ត៌មាន ដើម្បីទទួលបទពិសោធន៍ និងចំណេះជំនាញបន្ថែមទៀតពីវាគ្មិនសម្រាប់ត្រៀមទទួលធ្វើបដិសណ្ឋារកិច្ចភ្ញៀវអន្តរជាតិដែលនឹងត្រូវអញ្ជើញមកចូលរួមក្នុងសន្និសីទកំពូលស្តីពី៖ ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) ដែលប្រទេសកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ផ្ដើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។

លោកស្រី ទុយ សិរីរនៈ នេត្រភក្រ្តា បានបន្តថា តាមរយៈកម្មវិធីនាឱកាសនេះ មន្ត្រីទាំងអស់ដែលបានចូលរួមនឹងទទួលបាននូវវិធីសាស្រ្តផ្សេងៗជាច្រើនពីលោកស្រីពិធីការ ដើម្បីអនុវត្តផ្ទាល់ប្រកបដោយភាពវៃឆ្លាត ព្យាយាមសម្របសម្រួល ហើយមានភាពបត់បែនតាមកាលៈទេសៈ។

ប្រធានកិត្តិយសសមាគមនារីក្រសួងព័ត៌មាន បានជំរុញលើកទឹកចិត្តដល់ក្រុមការងារ ពិធីការ និងបដិសណ្ឋារកិច្ច នៅពេលបំពេញការងារត្រូវតែបញ្ជាក់រាល់កិច្ចការងារឱ្យបានច្បាស់ ហើយបើសិនជាមិនច្បាស់ត្រូវប្រញ៉ាប់សួរនាំប្រធានក្រុម ឬថ្នាក់ដឹកនាំ ដើម្បីរួមគ្នាដោះស្រាយរាល់កិច្ចការដែលប្រឈម។ លោកស្រីបានផ្តាំផ្ញើដល់បងប្អូនក្រុមការងារពិធីការ និងបដិសណ្ឋារកិច្ច ក្នុងក្របខណ្ឌក្រសួងព័ត៌មានទាំងអស់ ត្រូវពង្រឹងសាមគ្គីភាព សហការគ្នា មានចិត្តអំណត់ អត់ធ្មត់ អធ្យាស្រ័យគ្នា ជួយគ្នាទៅវិញទៅមកតាមដែលអាចធ្វើទៅបាន។

នៅក្នុងឱកាសនេះ លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្រ្តា បានផ្តល់ជូននូវលិខិតថ្លែងអំណរគុណរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ជូនចំពោះលោកស្រី សុខ ស៊ីថន ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីដែលបានចំណាយពេលវេលាដ៏មានតម្លៃ ផ្តល់នូវការចែករំលែកចំណេះដឹងស្តីពី «កិច្ចការងារ ពិធីការ និងបដិសណ្ឋារកិច្ច» ដល់មន្ត្រីរាជការទទួលបន្ទុកការងារពិធីការ នៃក្រសួងព័ត៌មាន។ ទឹកចិត្តដ៏ថ្លៃថ្លារបស់លោកស្រីបានបង្ហាញពីតម្លៃប្រកបដោយមនោសញ្ចេតនា សេចក្តីស្រលាញ់ រាប់អានយ៉ាងជ្រាលជ្រៅ និងស្មារតីរួមចំណែកដ៏មានសារសំខាន់ក្នុងការផ្តល់នូវចំណេះដឹង និងបទពិសោធ ដ៏ប៉ិនប្រសប់និងស្ទាត់ជំនាញផ្នែកពិធីការ និងបដិសណ្ឋារកិច្ច ដល់មន្ត្រីរាជការក្រសួងព័ត៌មាន៕