(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងជាអ្នកមានតួនាទីជាអ្នកបកប្រែភាសាថៃជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញមកឆ្លើយតបទៅកាន់លោក ភូមិថាំ វៈឆៈយៈឆៃ នាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ ដែលនិយាយទាំងងងើលថា សម្តេចតេជោ ហ៊ុន សែន គ្មានតម្លៃ។

លោក ឃ្លាំង ហួត ចោទសួរទៅកាន់នាយករដ្ឋមន្ត្រីស្តីទីថៃថា តើលោកនៅចាំបានទេ ថ្ងៃទី១៥ ខែមិថុនា លោកធ្លាប់អមនាយករដ្ឋមន្ត្រី ផែថង ថាន រង់ចាំអស់ពេល៤ម៉ោង សុំចរចាជាមួយសម្តេចតេជោ ហ៊ុន សែន, នេះបញ្ជាក់ថា សម្តេចតេជោ ជាតួអង្គដ៏សំខាន់ដែលមានអំណាច និងមានឥទ្ធិពលអាចសម្រេចអ្វីបាននៅកម្ពុជា។

លោក ឃ្លាំង ហួត ជូនសារទៅកាន់លោក ភូមិថាំ វៈឆៈយៈឆៃ ដូច្នេះថា «ខ្ញុំសូមឆ្លើយតបចំពោះការលើកឡើងរបស់លោក ភូមិថាំ វៈឆៈយៈឆៃ ภูมิธรรมเวชยชัย នាយករដ្ឋមន្រ្តីស្ដីទីរបស់ថៃ ដែលបាននិយាយថា សម្ដេចតេជោ ហ៊ុន សែន គ្មានតម្លៃ។ តើលោកនាយករដ្ឋមន្រ្តីស្ដីទីនៅចាំបានទេ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ លោកបានអមនាយករដ្ឋមន្រ្តី ផែថងថាន រង់ចាំជជែកតាមទូរស័ព្ទដើម្បីសុំចរចាជាមួយសម្ដេចតេជោ រហូតដល់៤ម៉ោង (ម៉ោង២រសៀល ដល់ម៉ោងប្រមាណជិត៦ល្ងាច) នេះសបញ្ជាក់ឱ្យឃើញថា លោកច្បាស់ជាយល់ឃើញថា សម្ដេចតេជោគឺជាតួអង្គដ៏សំខាន់ដែលមានអំណាច និងមានឥទ្ធិពលអាចសម្រេចអ្វីបាននៅកម្ពុជា។ ខ្ញុំសូមឆ្លើយទៅលោកវិញថា សម្ដេចតេជោ ជានិមិត្តរូបនៃសុខសន្តិភាព សម្ដេចបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីរំដោះ និងកសាងប្រទេសជាតិឱ្យមានការរីកចម្រើន និងជាវីរបុរសដែលប្រជាជនកម្ពុជាគោរពស្រលាញ់ជាទីបំផុត»