(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំ ចាប់ផ្តើមការងារ និងប្រកាសសមាសភាពក្រុមការងារបច្ចេកទេស រៀបចំគោលការណ៍ណែនាំរួម សម្រាប់ការអនុវត្តការគ្រប់គ្រង លើប្រតិបត្តិការទ្រព្យឌីជីថល ឬទ្រព្យសកម្មគ្រីបតូ។

ក្រុមការងារបច្ចេកទេសនេះ ត្រូវបានបង្កើតឡើងតាមសេចក្តីសម្រេចលេខ ០០៧ អ.ស.ហ.ស.ស.រ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងគោលបំណង ដើម្បីរៀបចំគោលការណ៍ណែនំារួម សម្រាប់ការអនុវត្តការគ្រប់គ្រងលើប្រតិបត្តិការទ្រព្យឌីជីថល ឬទ្រព្យសកម្មគ្រីបតូ និងមានសមាសភាពមកពី ន.ម.ក., ធនាគារជាតិនៃកម្ពុជា និងអង្គភាពស៊ើបការហិរញ្ញវត្ថុកម្ពុជា ដោយទទួលបានជំនួយបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

កិច្ចប្រជុំនេះ​ មានការចូលរួមពីប្រធាន អនុប្រធាន និងសមាជិកក្រុមការងារបច្ចេកទេសនេះ ដែលមកពីនិយ័តករមូលបត្រកម្ពុជា, ធនាគារជាតិនៃកម្ពុជា និងអង្គភាពស៊ើបការហិរញ្ញវត្ថុកម្ពុជា ព្រមទាំងមានការចូលរួមពី ADB តំណាងដោយ លោកស្រី Kelly Hattel អ្នកជំនាញការហិរញ្ញវត្ថុជាន់ខ្ពស់​ និងលោក Ahmad Faris Rabidin អ្នកជំនាញការហិរញ្ញវត្ថុ និងអ្នកជំនាញការរបស់ ADB ផ្នែកទ្រព្យឌីជីថល ឬទ្រព្យសកម្មគ្រីបតូ៕